ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ប្តូរ​ឈ្មោះ​ក្រោយ​ទទួល​អំណោយ​អគារ​ចិន


រូបឯកសារ៖​ លោក ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ពិធី​កាត់ខ្សែ​បូរនៅ​មជ្ឈមណ្ឌល​សុខភាព​ក្រគរ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)
រូបឯកសារ៖​ លោក ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ពិធី​កាត់ខ្សែ​បូរនៅ​មជ្ឈមណ្ឌល​សុខភាព​ក្រគរ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

រដ្ឋាភិបាល​កុម្មុយនីស្ត​ចិនបាន​ចាប់​ផ្តើម​ដំណើរការ​ការ​សាងសង់​អគារ​ថ្មី​មួយ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ ​ដែល​ឈ្មោះ​មន្ទីរ​ពេទ្យ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ក៏​នឹង​ត្រូវ​ប្តូរ​ទៅ​ជា​«មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា​-ចិន​ ​ព្រះ​កុសុមៈ»។​

មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ដែល​ស្ថិត​ចំ​កណ្តាល​រាជធានីភ្នំពេញ​ ​ត្រូវ​បាន​កសាង​តាំងពីឆ្នាំ​១៩៥៣​ ​និង​ដាក់​ឲ្យ​ដំណើរការ​នៅឆ្នាំ​១៩៥៦​ ​ត្រូវ​ពល​រដ្ឋ​ខ្មែរ​ទូទៅ​ស្គាល់​ថា​ ​ជា​មន្ទីរ​ពេទ្យ​លោក​សង្ឃ។​

លោក​ ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​បាន​ធ្វើ​ជា​អធិបតី​ ​ពិធី​សាសនា​ ​សុំ​បើក​ការដ្ឋាន​សាង​សង់​អគារថ្មី​ ​ដែល​នឹង​សង់​លើ​ផ្ទៃដី​សរុប​ ១៣.៧៤០​ ​ម៉ែត្រ​ការ៉េ​កាលពីថ្ងៃច័ន្ទ។​ ​អគារ​ដែលមានទំហំ​ ​២៨.៩០០ម៉ែត្រ​ការ៉េ​ នឹង​ត្រូវចំណាយ​ទឹកប្រាក់​អស់ចំនួន​ ​៥៥០លាន​យ័ន​លុយ​របស់ចិន​ ​ស្មើ​នឹង​ប្រមាណជា​ ៨០​លាន​ដុល្លារ​អាមេរិក។​

តាម​សេចក្តី​រាយការណ៍​របស់​អង្គភាព​ ​Fresh News​ ​បាន​ឲ្យដឹង​ថា​ អគារមន្ទីរពេទ្យ​ មិត្តភាព​កម្ពុជា​ចិន​ថ្មីនេះ ​នឹងត្រូវចំណាយពេល​សាងសង់​រយៈពេល៤០ខែ​ ​ដោយ​អគារ​ត្រូវ​សាងសង់​មានកម្ពស់​៥៣​ម៉ែត្រ​ និង​មាន១១ជាន់។អាយុកាល​នៃ​ការប្រើប្រាស់​អគារ​នេះ​ ​គឺមាន​រយៈពេល​៥០ឆ្នាំ​ ​ហើយ​អគារ​នេះ​ អាច​សម្រប​តាម​អាកាសធាតុ​រដូវប្រាំង ​និង​រដូវវស្សា។ អគារ​ដដែល​ក៏នឹង​មាន​ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ ​អគ្គិសនី ​និង​ប្រព័ន្ធ​បង្ហូរ​លូទឹកស្អុយ ​អនុវត្ត​តាមស្ដង់ដា​ប្រទេស​ចិន​ស្របតាម​ស្ថានភាព​ជាក់ស្ដែង​ មាន​បន្ទប់​សរុប​១៣២​បន្ទប់​ និង​ បង្គន់​អនាម័យ​២១៩​បន្ទប់។​

អគារ​ដែល​ត្រូវ​សាងសង់​នឹង​មាន​ទីវាល​សម្រាប់​ការ​ចុះចត​របស់​ឧទ្ធម្ភាគ​ចក្រ​ ​(helicopter)ដែល​ទីវាល​នោះ​នឹង​មាន​ ទម្ងន់​មធ្យម​ពី​៣ ទៅ​៥តោន​នៅលើ​ដំបូល​អគារ​ ស្រប​តាម​ការស្នើ​សុំ​បន្ថែម​ ពី​ភាគី​កម្ពុជា ​ហើយ​អគារ​នេះត្រូវចែកចេញជាផ្នែក​សម្រាប់​មុខងារ​មួយ​ចំនួន​ដូចជា ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ ផ្នែក​សង្គ្រោះ​បន្ទាន់​ ផ្នែក​បច្ចេកវិទ្យា​វេជ្ជសាស្ដ្រ​ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះ​កាត់ព្រម​ទាំង​សេវា​ជំនួយ​ផ្សេងៗ​ទៀត​។ អគារ​នេះ​ មានសមត្ថភាព​អាច​ដាក់គ្រែទទួល​ឲ្យ​អ្នក​ជំងឺ​សម្រាកព្យាបាល​ចំនួន​សរុប​៤០០​គ្រែ​។ នេះបើយោងតាម​សេចក្តីរាយការណ៍​របស់​អង្គភាព​ព័ត៌មាន​ Fresh News។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ​ម៉ម ប៊ុនហេង​ ​អំពីការ​សាងសង់​អគារ​ថ្មី​នៅមន្ទីរពេទ្យព្រះកុសុមៈ​ ​និងការ​ប្តូរឈ្មោះមន្ទីរពេទ្យនេះ​ ​តែ​អ្នកលើក​ទូរសព្ទ​របស់​លោក​ បានស្នើ​ឲ្យអ្នកយក​ព័ត៌មាន​ទៅមើល​សេចក្តី​រាយការណ៍​របស់​អង្គភាព​ Fresh News ​វិញ​ហើយ​ថា​លោក​ ម៉ម ប៉ុនហេង​កំពុង​ជាប់​រវល់។​

VOA​ ​ក៏បាន​ព្យាយាម​សុំការ​អធិប្បាយ​ពី​អ្នកស្រី​ ​ឱ វណ្ណឌីន​ ​អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ ​តែមិន​អាច​ទាក់​ទង​បាន​ទេ​ មកដល់​ល្ងាច​ថ្ងៃអង្គារ​នេះ។

លោកបណ្ឌិត ​មាស នី ​អ្នកសិក្សា​ស្រាវជ្រាវ​ខាង​ការអភិវឌ្ឍន៍​សង្គម​ ​មាន​ប្រសាសន៍ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារនេះថា​ ​ការ​ប្តូរ​ឈ្មោះ​មន្ទីរពេទ្យ​មួយ​នេះ បានបង្ក​ការ​រិះគន់​ជាសាធារណៈ​ ​ដោយសារ​វាជា​មន្ទីរ​ពេទ្យ​ប្រវត្តិសាស្ត្រ​មួយដែល​រដ្ឋាភិបាល​គួរ​រក្សា​ទុក​ឲ្យ​ដូចដើម។​ ​លោក​ថា​ រដ្ឋាភិបាល​គួររក​ទីតាំង​ផ្សេង​ ដើម្បីសង់មន្ទីរពេទ្យ​ជា​លក្ខណៈមិត្ត​ភាព ដូចជាមន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​-សូវៀត​ ជា​ដើម​នោះ។​

«បើសិន​ជាយើង​ចង់​ដាក់​ឈ្មោះ​របស់​យើង​ដាច់​ដោយឡែក​ អាហ្នឹង​មិត្តភាព​កម្ពុជា​ ចិន​ ដូចមិត្ត​ភាព​ខ្មែរ​សូវៀត​អ៊ីចឹង​ អាហ្នឹង​ ​យើក​រក​កន្លែង​ណា​ផ្សេង​ កុំយក​មក​ដាក់​ឈ្មោះ​ យក​ពេទ្យ​ដែល​ជា​ឈ្មោះ​ប្រវត្តិសាស្ត្រ​ ​ជាយូរ​តាំង​ពីដើម​មក ហើយ​យើង​ដូរវាអ៊ីចឹង​ ពលរដ្ឋ​គាត់​រិះគន់»។​

លោក​ ​មាស នី​ ​បាន​ថ្លែង​បន្ថែមថា​ វាជាការ​មិនអាចទទួលយកបាន​ទេ​ ​ចំពោះ​ការ​ប្តូរឈ្មោះមន្ទីរពេទ្យ​នេះ​ទាំងស្រុងនោះ។​

«មន្ទីរពេទ្យ​នេះ​ ជាមន្ទីរពេទ្យប្រវត្តិសាស្ត្រ​ បានន័យ​ថា​ ជាឈ្មោះរបស់​រាជវង្ស​ខ្មែរ​ ពីដើម​មក​ ហើយ​ដល់​ពេល​យើង​ដាក់​ឲ្យមាន​មិត្តភាព​ចិន​អីហ្នឹង​...បើដាក់​ ដាក់​ក្នុង​អគារ​នៅក្នុង​មន្ទីរពេទ្យ​ អាហ្នឹង​វា​ ដូច​ជា​សមរម្យ​ អាហ្នឹង​សម្រាប់​ជាមតិ​ ជា​ទស្សនៈរបស់​ខ្ញុំ​ទេណ៎ា​! ប៉ុន្តែ​បើថា​ ដូរឈ្មោះ​មន្ទីរពេទ្យ​តែ​ម្តង​ ដូចជា​រាង​ពិបាក​ស្តាប់​បន្តិច​ សម្រាប់​ខ្ញុំ​ ខ្ញុំពិបាក​ទទួល​យក​ សម្រាប់ខ្លួន​ឯង​បាទ»។ ​

អ្នកវិភាគរូបនេះ​ អះអាងថា​ តាំងពីដើមមក​មានមន្ទីរពេទ្យ​ចិន​មួយដែលនាសម័យបច្ចុប្បន្ននេះ​ ត្រូវ​បាន​គេលក់ ហើយ​ទីតាំង​អគារ​មន្ទីរពេទ្យ​ចិន​នេះ បានក្លាយជា​សំណង់​អគារ​ខុនដូ​៤២ជាន់​ ដែល​មិន​ទាន់​សង់​រួចនោះ។​ ​លោក​មិនផ្តល់​ការ​អធិប្បាយ​ចំពោះ​គុណភាព​នៃ​សេវាព្យាបាល​ ដែលនឹង​ផ្តល់​ជូន​តាម​រយៈអគារថ្មីរបស់​ចិន នៅ​មន្ទីរពេទ្យ​លោកសង្ឃ​នោះទេ​ តែលោកមានការបារម្ភ​អំពី​គុណភាព​សម្ភារៈ​បរិកា្ខពេទ្យ​ដែល​នឹង​ត្រូវបំពាក់​ក្នុងអគារ​ថ្មីនេះ។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយពីលោក​ ​Wang Dexin​ ​នាយកផ្នែកកិច្ចការ​នយោបាយ​នៅ​ស្ថាន​ទូតចិនប្រចាំ​កម្ពុជា​ ​តែ​ទូរសព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

នៅ​ក្នុង​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រដ្ឋាភិបាល​ទីក្រុងប៉េកាំង​ បានបង្កើន​ជំនួយដល់​កម្ពុជា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ រាប់តាំងពី​ជំនួយ​ក្នុង​វិស័យ​សាធារណៈ​ និងយោធា។ កាលពី​សប្តាហ៍មុន​ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​នាយឧត្តមសេនីយ៍​ទៀ បាញ់​និង​រដ្ឋមន្ត្រី​ការពារប្រទេសចិន​លោក​ Wei Fenghe បាន​សម្រេច​កិច្ច​ព្រមព្រៀង​រឹតចំណង​យោធា​រវាង​ប្រទេស​ទាំងពីរ​ដែល​ភាគី​ចិន​សន្យា​បន្ត​ផ្ដល់​ជំនួយ​សឹក​ដល់​កម្ពុជា និង​គ្រោង​បន្ត​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​យោធា​រួម​រវាង​កងទ័ព​ទាំងពីរ​ប្រទេស​នៅ​ឆ្នាំ​ក្រោយ។​

នេះ​ជា​ការ​បញ្ចេញ​នូវ​កញ្ចប់​ជំនួយ​សឹក​ថ្មី​ផ្សេងទៀត​របស់​ចិន​មកដល់​កម្ពុជា​ ​បន្ទាប់ពី​បាន​ចុះហត្ថ លេខា​ផ្ដល់​ជំនួយ​យោធា​ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមាណ​ ​១០០​លាន​ដុល្លារ​អាមេរិក​ ​តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ​Wei Fenghe​ ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន នៅ​ទីក្រុង​ភ្នំពេញ​ ​កាលពី​ខែ​មិថុនា​ កន្លង​ទៅ។​

​លោកបណ្ឌិត​ ​មាស នី ថ្លែងបញ្ជាក់ថា ជំនួយរបស់ចិន​ក្នុងវិស័យសុខាភិបាល​ ហាក់​ដូចជា​បញ្ជាក់​ឲ្យឃើញកាន់​តែ​ច្បាស់​ថា​ ចំណង​ទាក់​ទង​ចិន​ និងកម្ពុជា​ កំពុង​តែមាន​ភាពផ្អែមល្ហែម​ខ្លាំង​ ខណៈ​ដែល​រដ្ឋា​ភិបាល​ទីក្រុងភ្នំពេញ​ ​កំពុង​តតាំង​ជាមួយ​រដ្ឋាភិបាលនៅលោក​ខាង​លិច​ ចំពោះការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និងការ​គោរពសិទ្ធិមនុស្ស​នៅកម្ពុជា។​ ​លោក​ថា​ ចំណង​ទាក់​ទង​ខ្មែរ​ចិន​ ​ពី​ដើម​ឡើយ​ មិន​បាន​ធ្វើ​ឲ្យប្រជារាស្ត្រខ្មែរ​មាន​ការបារម្ភ​នោះទេ​ ​តែ​ក្រោយការ​ជួយជ្រោម​ជ្រែង​របស់​ចិន​ក្នុង​របប​ប៉ុលពត​ ​ដែល​ជារបបដ៏ប្រល័យ​នោះមក​ បាន​ធ្វើ​ឲ្យប្រជារាស្ត្រ​ខ្មែរ​ មានការ​ប្រយ័ត្ន​ប្រយែង​និង​បារម្ភ​ចំពោះ​ការ​រឹត​ចំណង​កាន់​តែស្អិតល្មួត​រវាង​ខ្មែរ​ និង​ចិន​នៅសព្វថ្ងៃនេះ។​

អ្នកវិភាគ​រូបនេះ​ បាន​សង្កត់ធ្ងន់​ថា​ ពលរដ្ឋ​ខ្មែរ​ទំនងជា​បារម្ភទៀតថា​ លិទ្ធិកុម្មុយនីស្តនឹង​ហូរចូល​កម្ពុជា​ជាថ្មី​ ហើយ​គ្រោះថ្នាក់​ថ្មីបន្ថែម​ទៀតដែលអាច​កើត​មាន​ឬយ៉ាង​ណា​នោះ​ ក៏មិន​មានអ្នក​ណា​អាច​ព្យាករណ៍​បានទុក​ជាមុននោះឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG