នៅក្នុងថ្ងៃធម្មតា គ្រួច រដ្ឋា ជួយធ្វើការងារគ្រួសារជាប្រចាំថ្ងៃ ដូចជាការកាប់គាស់ ភ្ជួរដីធ្វើស្រែ និងប្រមូលផលដំណាំរបស់ខ្លួនក្នុងខេត្តព្រៃវែង។ ក៏ប៉ុន្តែថ្ងៃខ្លះ បុរសវ័យ ២៥ឆ្នាំរូបនេះបែរជាមានការរវើរវាយ និយាយសើច តែម្នាក់ឯង និងប្រែជាមានសតិមិននឹងន ហើយហិង្សា។
«ខ្ញុំមានអារម្មណ៍ថាភ័យខ្លាចដែរពេលដំបូងដោយសារមិនដែលមានសមាជិកគ្រួសារណាមួយដែលកើតជំងឺបែបនេះ ទេ។ ពេលជំងឺនេះចូលដល់គ្រួសាររបស់ខ្ញុំ ខ្ញុំមានអារម្មណ៍រន្ធត់ និងព្រួយបារម្ភយ៉ាងខ្លាំង។ គាត់ស្រឡាញ់ម្តាយគាត់ណាស់។ ឲ្យតែពេលណាម៉ែមកលេងភ្នំពេញ គាត់ទទូចសួរឪពុកខ្ញុំរហូតពេលណាទើបម៉ែមកវិញ »។ នេះបើតាមសម្តីរបស់កញ្ញា គ្រួច សុភក្តិ ប្អូនស្រីបង្កើតរបស់ គ្រួច រដ្ឋា។
ប្រហែលជាមួយឆ្នាំកន្លះមុន ពេលដែលម្តាយរបស់លោក គ្រួច រដ្ឋា ចាកចេញមកទីក្រុងភ្នំពេញដើម្បីមកសួរសុខទុក្ខប្អូនស្រីរបស់លោក លោកចាប់ផ្តើមនឹកម្តាយយ៉ាងខ្លាំង ហើយត្រូវបានគ្រូពេទ្យនៅទីក្រុងភ្នំពេញធ្វើកោសល្យវិច្ច័យថាកើតជំងឺវិកលចរិតដូចជាការរវើរវាយ និយាយនិងសើចតែម្នាក់ឯង។
នៅក្នុងខែដំបូងនៃជំងឺរបស់លោក លោកមិនគេងទាល់តែសោះ អស់ជាច្រើនយប់ ដើររើកកាយគ្រឿងយន្តរបស់គ្រួសារ។ ពេលដែលប្អូនស្រីលោក គឺកញ្ញា គ្រួច សុភក្តិ ទាមទារឱ្យលោកដាក់ឧបករណ៍មុតស្រួចទាំងនោះចុះ លោកក៏បានប្រែក្លាយជាហិង្សា។
ដោយធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយនៅក្នុងតំបន់ចម្ការដូង រាជធានីភ្នំពេញ សុភក្តិបានចំណាចប្រាក់បៀវត្សស្ដួចស្ដើងរបស់កញ្ញាដើម្បីទិញថ្នាំពីពេទ្យមិត្តភាពកម្ពុជាសូវៀតនៅទីក្រុងភ្នំពេញប្រចាំខែឱ្យបងប្រុសដែលមានតម្លៃ ១២.០០០ រៀលក្នុងមួយខែៗ។ ដោយសារថ្នាំនេះលោករដ្ឋាបានជាសះស្បើយបន្តិចម្តងៗនៅខេត្តព្រៃវែងក្រោមការមើលថែរបស់ឪពុកម្តាយ។
បទពិសោធន៍របស់រដ្ឋាគឺជាឧទាហរណ៍មួយនៃអំពើហិង្សាដែលអាចកើតចេញពីជំងឺផ្លូវចិត្តដែលអ្នកជំនាញនៅក្នុងប្រទេសកម្ពុជា មានការព្រួយបារម្ភនឹងបញ្ចេញមតិខុសៗគ្នាចំពោះបញ្ហានេះ។
វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯងទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ [Sunrise Clinic] និយាយប្រាប់ VOA ថា៖
«អ្នកកើតជំងឺផ្លូវចិត្តដូចជាជំងឺធ្លាក់ទឹកចិត្ត មេនៀរ [Mania] ជំងឺបាយប៉ូឡា អ្នកប្រើប្រាស់គ្រឿងញៀននិង គ្រឿងស្រវឹង និងជំងឺវិកលចរិតអាចមានការខូចខាតដល់ខួរក្បាលដែលអាចនាំឲ្យពួកគេអាចទៅជាហិង្សា។ មូលហេតុនេះហើយដែលឃើញមានអ្នកដែលកើតជំងឺបាក់ទឹកចិត្តធ្វើមនុស្សឃាតទៅលើបងប្អូននិងគ្រួសារមុនពេលដែលគេធ្វើអត្តឃាត»។
មានការស្រាវជ្រាវកត់ត្រាទុកតិចតួចណាស់ទាក់ទងនឹងចំនួនមនុស្សដែលកើតជំងឺផ្លូវចិត្តនិងអំពើហិង្សាដែលកើតចេញពីជំងឺផ្លូវចិត្តនៅប្រទេសកម្ពុជាដោយសារកង្វះខាតនូវជំរឿនទូទាំងប្រទេសតែបើតាមរបាយការណ៍របស់ប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោកឆ្នាំ ២០១៤ បង្ហាញថា យ៉ាងហោចណាស់ប្រជាជនកម្ពុជា ៤នាក់ក្នុងចំណោម ១០០ នាក់មានកើតជំងឺធ្លាក់ទឹកចិត្ត ឬ Depression។
បើតាមរបាយការណ៍របស់វេទិកាសុខភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្នត់គំនិតទាក់ទងនឹងបញ្ហាផ្លូវចិត្តបានបង្កើតនូវលទ្ធផលអវិជ្ជមានដល់ទាំងអ្នកដែលមានជំងឺផ្លូវចិត្ត និងអ្នកជុំវិញខ្លួនដូចជាសមាជិកគ្រួសារជាដើម។ អ្នកដែលត្រូវបានគេដឹងថាមានជំងឺផ្លូវចិត្តរងនូវការបដិសេធនូវឱកាសស្មើភាពគ្នា ការបំបិទសិទ្ធិចូលរួមក្នុងគ្រប់រូបភាពជីវិតទូទៅ ភាពអាម៉ាស់ និងភាពឯកោ។
វេជ្ជបណ្ឌិត Mohit Varshney នៃនាយកដ្ឋានចិត្តសាស្ត្រនិងមជ្ឈមណ្ឌលព្យាបាលគ្រឿងញៀនជាតិនៅប្រទេស ឥណ្ឌាបានសរសេរក្នុងរបាយការណ៍ដដែលថា៖ «ភាពលម្អៀងសង្គមបានរួមចំណែកក្នុងការបង្កើតការយល់ឃើញមិនល្អលើអ្នកដែលមានជំងឺផ្លូវចិត្តដែលរួមចំណែកក្នងការណ៍ដែលអ្នកមានជំងឺមិនហ៊ានបង្ហាញនូវជំងឺផ្លូវចិត្តខ្លួន និងការថយចុះក្នុងការស្វែងរកការព្យាបាល»។
លោកក៏បានលើកឡើងផងដែរថាសង្គមតែងតែចោទថាអ្នកដែលកើតជំងឺផ្លូវចិត្តជាមនុស្សដែលហិង្សា ហើយមានគំនិតថាពួកគេជាមនុស្សគ្រោះថ្នាក់មិនគួររាប់រក។ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏រួមចំណែកមួយក្នុងការពង្រឹងការយល់ខុសនេះដែរដោយការរាយការណ៍អំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយមនុស្សដែលមានជំងឺផ្លូវចិត្តដោយបំភ្លេចការពិតដែលថាភាគច្រើននៃអំពើហិង្សាដែលបានកើតឡើងនៅក្នុងសង្គមត្រូវបានបង្កឡើងដោយមនុស្សដែលមិនមានបញ្ហាផ្លូវចិត្តទៅវិញនោះទេ។
អ្នកជំនាញផ្សេងទៀតមិនសូវព្រួយបារម្ភអំពីអំពើហិង្សាដែលបង្កឡើងដោយជំងឺផ្លូវចិត្តនោះទេពួកគេបានផ្ដោតការយកចិត្តទុកដាក់របស់ពួកគេចំពោះជនរងគ្រោះដោយសារមានជំងឺផ្លូវចិត្តទៅវិញ។
លោកស្រី Lisa Goodman សាស្ត្រាចារ្យនៃផ្នែកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍និងអប់រំផ្នែកចិត្តវិទ្យាបានសរសេរនៅក្នុងរបាយការណ៍ស្រាវជ្រាវរបស់លោកស្រីដែលមានចំណងជើង ប្រវត្តិសាស្ត្រនៃការវាយប្រហារលើរាងកាយនិងផ្លូវភេទចំពោះស្ត្រីដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ «Physical and Sexual Assault History in Women with serious Mental Illness» ថា អ្នកដែលមានបញ្ហាផ្លូវចិត្តងាយនឹងទទួលរងនូវអំពើហិង្សាដោយសារតែពួកគេមានដំណើរការគិតមិនល្អ មិនមានការការធ្វើផែនការនិងការដោះស្រាយបញ្ហាមិនល្អដែលអាចធ្វើឱ្យពួកគេងាយទៅជាជនរងគ្រោះនឹងហានិភ័យដោយសារតែការបរាជ័យក្នុងការយល់ពីហានិភ័យទាំងនោះ។
អ្នកឯកទេសជំនាញផ្សេងទៀតក៏យល់ស្របផងដែរដូចដែលបានដកស្រង់ក្នុងទស្សនាវដ្ដីរោគរាតត្បាត និងសុខភាពសហគមន៍ (Journal of Epidemiology & Community Health) ថាបញ្ហានេះទទួលបានការយកចិត្តទុកដាក់តិចជាងអាកប្បកិរិយាហិង្សាដែលប្រព្រឹត្តឡើងដោយអ្នកជំងឺផ្លូវចិត្តទោះបីការរកឃើញបានបង្ហាញថា៖ «ជនរងគ្រោះហិង្សាដែលជាអ្នកជំងឺផ្លូវចិត្តកើតមានញឹកញាប់ជាងការប្រព្រឹត្តអំពើហិង្សានៃអ្នកជំងឺផ្លូវចិត្ត»។
របាយការណ៍បណ្ណាល័យជាតិវិទ្យាសាស្ត្រសហរដ្ឋអាមេរិកនៃវិទ្យាស្ថានសុខភាពជាតិឆ្នាំ ២០១៤ បានបង្ហាញថាភាពទូទៅនៃជនរងគ្រោះដែលមានជំងឺផ្លូវចិត្តដោយអំពើហិង្សាមានចន្លោះពី ៧,១ % និង ៥៦% បើទោះបីជាបញ្ហានៃការប្រៀបធៀបរវាងការសិក្សាបានកើតឡើងក៏ដោយ។
ប្រវត្តិសាស្ត្រប្រល័យពូជសាសន៍ដ៏រន្ធត់នៅកម្ពុជាបានបន្សល់ទុកនូវស្នាមប្រឡាក់ដល់ប្រជាជន។ ប្រជាជនកម្ពុជាដែលមានជំងឺផ្លូវចិត្តជួបប្រទះនឹងអំពើហិង្សាក្នុងគ្រួសារនិងការរំលោភបំពានគ្រឿងញៀនច្រើន។ក្នុងករណីមួយចំនួនអ្នកកើតជំងឺផ្លូវចិត្តត្រូវបានគេដាក់ច្រវាក់ហើយទុកចោលឱ្យនៅតែម្នាក់ឯង ករណីខ្លះមានអាការៈធ្ងន់ធ្ងរឡើងក្រោយការលាក់ទុកក្នុងរយៈពេលយូរ ហើយអ្នកដទៃមួយចំនួនទៀតធ្វើអត្តឃាតខ្លួនឯងផង។
មនុស្សដែលរស់នៅជាមួយនឹងបញ្ហាផ្លូវចិត្តរងនៅសម្ពាធបន្ថែមទៀតទាក់ទងជាមួយនឹងផលិតភាពទាប ឬការណ៍ដែលមិនអាចរក្សាការងាររបស់ពួកគេបាន។ កត្តាទាំងពីរនេះរួមចំណែកមួយក្នុងការទម្លាក់ពួកគេឱ្យចូលទៅក្នុងវដ្តនៃភាពក្រីក្រដ៏សាហាវមួយដោយសារពួកគេអាចមានលទ្ធភាពតិចតួចណាស់ក្នុងការស្វែងរកជំនួយ និងទិញថ្នាំព្យាបាលសុខភាពផ្លូវចិត្តរបស់គេ។
ការសិក្សាមួយរបស់អង្គការសុខភាពពិភពលោកឆ្នាំ ២០១៦បានរកឃើញថាសេដ្ឋកិច្ចពិភពលោកបានខាតបង់នូវប្រាក់ចំនួន ១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំដើម្បីដោះស្រាយ និងព្យាបាលជំងឺថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត។
វេជ្ជបណ្ឌិត យឹម សុបុត្រា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងអំពីជំងឺផ្លូវចិត្តនីមួយៗឱ្យបានលឿន ហើយត្រូវចេះចាត់វិធានការដោះស្រាយវា។ លោកវេជ្ជបណ្ឌិតជឿជាក់ថា ប្រជាជនកម្ពុជាមិនសូវយល់អំពីសុខភាពផ្លូវចិត្តនិងមិនអាចកំណត់រោគសញ្ញាជំងឺផ្លូវចិត្តនៅឡើយទេ។ លោកថាប្រជាជនកម្ពុជាត្រូវដឹងពីរោគសញ្ញានៃជំងឺផ្លូវចិត្តនីមួយៗហើយគួរតែទៅរកជំនួយនៅពេលពួកគេមានបញ្ហាផ្លូវចិត្ត។
លោកបានបន្ថែម ថា៖
«យើងសន្មតថា អ្នកកើតជំងឺផ្លូវចិត្តមានន័យថាទាល់តែក្លាយជាមនុស្សឆ្កួតហើយមុនពេលនោះយើងចេះតែទទូចថាយើងមិនអីទេៗដោយសារតែយើងមិនទាន់ជាឆ្កួតនៅឡើយ»។
លោកបន្ថែមថា៖
«យើងត្រូវការដឹងអំពីស្ថានភាពផ្លូវចិត្តរបស់យើង ហើយយើងអាចជួយខ្លួនឯងបានតាមរយៈវិធីសាស្រ្តងាយស្រួលជាច្រើនដូចជាការអនុញ្ញាតឱ្យចិត្តនិងរាងកាយរបស់យើងសម្រាក។ ប្រជាជនកម្ពុជាប្រឹងនឹង ការងារ និងការសិក្សាខ្លាំងពេក ដល់ថ្នាក់ពួកគេភ្លេចពីសុខភាពផ្លូវចិត្តរបស់ពួកគេទោះបីពួកគេចាំផ្តើមចងចាំថែរក្សាសុខភាពរាងកាយច្រើនជាងមុនក៏ដោយ»។
លោកថានៅក្នុងសង្គមដែលមនុស្សរស់នៅក្នុងសតិអារម្មណ៍ដោយសន្តិភាពនិងសុភមង្គលវាជាការល្អសម្រាប់មនុស្សនោះផង និងមនុស្សនៅជុំវិញខ្លួនផង ហើយអាចរស់នៅប្រកបដោយភាពចម្រុងចម្រើន។
លោកបន្ថែមថា៖ «យើងត្រូវចាំថា នេះមិនមែនត្រឹមតែជាបញ្ហាបុគ្គលនោះឡើយតែវាក៏ជាបញ្ហាគ្រួសារ បញ្ហាសង្គម ហើយយើងមិនអាចរំលងរឿងនេះបានទៀតទេ»។
ទោះបីជាលោក គ្រួច រដ្ឋា រងគ្រោះដោយជំងឺផ្លូវចិត្តក្តីក៏គ្រួសាររបស់លោកនៅតែមានសង្ឃឹមលើលោក ហើយមិនបោះបង់លោកចោលឡើយ។ ក្រោមការមើលថែទាំ និងព្យាបាលតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ គ្រួសារលោកមានសង្ឃឹមថា លោកនឹងបានសះស្បើយជាងមុនជាក់ជាមិនខាន ហើយគ្រួសារប្រជាជនកម្ពុជាដទៃទៀតក៏អាចចាប់ផ្តើមស្វែងយល់បន្ថែមអំពីភាពបន្ទាន់នៃបញ្ហាផ្លូវចិត្តរបស់សមាជិកគ្រួសារផងដែរ៕