ក្រុមអ្នកបរិស្ថាន និងមន្ត្រីរដ្ឋាភិបាលអបអរសាទរចំពោះកិច្ចព្រមព្រៀងរវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិកដើម្បីធ្វើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដែលជាបាតុភូតអាក្រក់។ ពួកគេបាននិយាយថា ការសហការនេះនឹងជះឥទ្ធិពលវិជ្ជមានដល់ប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល។
រដ្ឋាភិបាលប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃអាទិត្យកន្លងទៅក្នុងគោលបំណងសហការគ្នាដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ និងបន្សាំទៅនឹងការកើនឡើងកម្ដៅផែនដីជាដើម។
ដៃគូទាំងពីរនេះបានព្រមព្រៀងធ្វើការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីឆ្នាំមុន។ ភាគីទាំងពីរនេះបាននិយាយថា ពួកគេនឹងធ្វើការដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ស្របពេលជាមួយគ្នានេះដែរ ភាគីទាំងពីរធានាថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងនៅតែបន្ត។
លោកសៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បាននិយាយថា ប្រទេសកម្ពុជានៅប្រឈមនឹងការខ្វះខាតច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលបណ្ដាលមកពីការផ្លាស់ប្ដូរអាកាសធាតុ។
«បើសិនជាសហរដ្ឋអាមេរិកគាត់អាចអនុវត្តជោគជ័យនៅវៀតណាម ក៏វាអាចចូលរួមចំណែកដល់ការយើងហៅថា បញ្ហាផ្លាស់ប្ដូរអាកាសធាតុជាសកលផងដែរ។ ប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសដទៃទៀតនៅក្នុងសកលលោកបាទ យើងស្វាគមន៍ការដែលថា អនុវត្តកិច្ចព្រមព្រៀងឬក៏ជាកម្មវិធីសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកហើយនិងវៀតណាមនេះទទួលបានជោគជ័យ គឺយើងអបអរសាទរបាទ»។
លោកបានបន្ថែមថា ក្រុមអ្នកបរិស្ថានចង់បានកិច្ចសហប្រតិបត្តិការដែលជាមធ្យោបាយសម្រាប់អនុវត្តការងារទាំងអស់គ្នា ដោយរាប់បញ្ចូលទាំងធនធានថវិកា ធនធានមនុស្សហើយនឹងបច្ចេកវិទ្យា។
លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការក្រៅរដ្ឋាភិបាលគឺ NGO Forum បាននិយាយថា កិច្ចព្រមព្រៀងដែលភាគីទាំងពីរសហការគ្នាធ្វើការងារទប់ស្កាត់ការផ្លាស់ប្តូរអាកាសធាតុនេះនឹងមានឥទ្ធិពលវិជ្ជមានមកលើប្រទេសកម្ពុជា។
«យើងមិនអាចវាយតម្លៃថា ឥទ្ធិពលនៃលទ្ធផលនេះមានតិច ឬមួយក៏ច្រើននោះទេ។ តែប្រសិនបើសហរដ្ឋអាមេរិកចាប់ដៃជាមួយភាគីកម្ពុជាបន្ថែមទៀតពាក់ព័ន្ធនឹងការគាំទ្រទៅលើសមត្ថភាពប្រជាពលរដ្ឋក្នុងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម នៅក្នុងវិស័យចិញ្ចឹមសត្វ នៅក្នុងវិស័យថាមពលកកើតឡើងវិញ នៅក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគដែលអាចសមស្របទៅនឹងអាកាសធាតុ ឬមួយដែលអាចបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុវាគឺជាចំណុចល្អ»។
លោកបានបន្ថែមថា ប្រសិនជាគម្រោងនេះត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជានោះ នោះលទ្ធផលវានឹងស្ដែងចេញដោយផ្ទាល់សម្រាប់ប្រទេសកម្ពុជា។ ប្រជាជនកម្ពុជានឹងមានលទ្ធភាពបន្សាំហើយនឹងអាចទទួលបានបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធជាមួយនឹងផែនការនៃការអភិវឌ្ឍ និងការរីកចម្រើនតំបន់បៃតង។
លោកតឹក វណ្ណារ៉ាបានបន្ថែមថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនៅក្នុងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះគឺប្រទេសវៀតណាម«មានយុទ្ធសាស្ត្រអភិវឌ្ឍតំបន់បៃតង»។
លោកនិយាយថា យុទ្ធសាស្ត្រនេះអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានយ៉ាងច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ លោកអ៊ូ វីរៈ ជាប្រធានវេទិកាអនាគត និងជាអ្នករិះគន់ទៅលើនយោបាយព្រៃឈើរបស់រដ្ឋាភិបាលកម្ពុជា បាននិយាយថា ការមិនតាំងចិត្តដោះស្រាយបញ្ហាកាប់បំផ្លាញព្រៃឈើ ដែលកំពុងរីករាលដាលខ្លាំងនោះ បាននាំឲ្យមានការសង្ស័យទៅលើការតាំងចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយការកើនឡើងនៃកម្ដៅផែនដី។
«ប្រទេសជាច្រើនគឺមានឆន្ទៈធ្វើរឿងដូចគ្នាអីចឹងជាមួយប្រទេសកម្ពុជា តែប្រទេសកម្ពុជានៅតែបន្តបំផ្លាញព្រៃឈើ នៅតែបន្តបង្ហាញពីការកង្វះឆន្ទៈក្នុងការទប់ស្កាត់ការបំផ្លាញបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំមើលទៅពិភពលោកគេកំពុងតែចាំជួយ ហើយមានថវិកាជាច្រើនដែលអាចហូរចូលមកក្នុងប្រទេសកម្ពុជាដើម្បីជួយឧបត្ថម្ភប្រទេសកម្ពុជា រដ្ឋាភិបាលកម្ពុជានិងប្រជាពលរដ្ឋរបស់យើងផងដែរ»។
ទោះជាយ៉ាងណាក្តី លោកសៅ សុភាពបាននិយាយថា រដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីថែរក្សាព្រៃឈើ៕