លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបានស្តីបន្ទោសជាសាធារណៈដល់មេដឹកនាំផ្សេងៗទៀតរបស់អង្គការអូតង់កាលពីថ្ងៃព្រហស្បតិ៍ចំពោះការមិនបង់ប្រាក់ចំណែកត្រឹមត្រូវ ហើយលោកប្រធានាធិបតីត្រាំបានជំរុញឲ្យផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំងលើបញ្ហាភេរវកម្ម។
លោកប្រធានាធិបតីត្រាំបានប្រាប់ពួកមេដឹកនាំរបស់អង្គការអូតង់នៅឯទីស្នាក់ការរបស់សម្ព័ន្ធមិត្តក្នុងទីក្រុង ប្រ៊ុចសែល ថា៖ «អនាគតរបស់អង្គការអូតង់ ត្រូវតែរួមមានការផ្តោតការយកចិត្តទុកដាក់ខ្លាំងឡើងលើភេរវកម្មនិងអន្តោប្រវេសន៍និងការគំរាមកំហែងមកពីប្រទេសរុស្ស៊ីនិងព្រំដែនខាងកើតនិងខាងត្បូងរបស់អង្គការអូតង់»។
លោកប្រធានាធិបតីត្រាំបានថ្លែងនៅឯពិធីមួយដើម្បីបង្ហាញពីរូបសំណាកនិមិត្តរូបនូវការតាំងចិត្តរបស់សមាជិកអង្គការអូតង់ដល់គោលការណ៍ការពារប្រទេសរួមគ្នាដូចដែលបានចែងនៅក្នុងមាត្រាទី៥នៃសន្ធិសញ្ញាសម្ព័ន្ធមិត្ត។ រូបសំណាកនេះជាដុំលោហៈធាតុមួយមកពីសំណល់នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដែលរំឮកពីមាត្រាទី៥នៃសន្ធិសញ្ញាដែលត្រូវបានយកមកប្រើបន្ទាប់ពីការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ទៅលើសហរដ្ឋអាមេរិក។
ទោះយ៉ាងណាក៏ដោយ ការធ្វើឲ្យចាប់អារម្មណ៍ឡើងវិញមកពីសុន្ទរកថារបស់លោកប្រធានាធិបតីត្រាំ ជាការបញ្ជាក់យ៉ាងច្បាស់ពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់មាត្រាទី៥នៃសន្ធិសញ្ញារបស់អង្គការអូតង់នេះ។ ការបដិសេធរបស់លោត្រាំពុំទទួលស្គាល់មាត្រានោះក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី បានបង្កើនការភ័យខ្លាចនៅក្នុងតំបន់អឺរ៉ុបអំពីថាតើសហរដ្ឋអាមេរិកតាំងចិត្តពេញលេញដល់ការពាប្រទេសរបស់ខ្លួនដែរឬទេ៕