ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បង្កើន​ការ​ដាក់សម្ពាធ​លើ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​​ឲ្យ​កាត់​ផ្តាច់​ទំនាក់ទំណង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាង​ជើង


រូបភាពឯកសារ៖ ប្រជាជន​កូរ៉េ​ខាងជើង​កំពុង​មើល​ផលិតផល​នៅ​ក្នុង​ការតាំងពិព័រណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​កាលពី​ថ្ងៃទី​២៥ កញ្ញា ២០១៧ ក្នុង​ទីក្រុង​ព្យុងយ៉ាង។
រូបភាពឯកសារ៖ ប្រជាជន​កូរ៉េ​ខាងជើង​កំពុង​មើល​ផលិតផល​នៅ​ក្នុង​ការតាំងពិព័រណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​កាលពី​ថ្ងៃទី​២៥ កញ្ញា ២០១៧ ក្នុង​ទីក្រុង​ព្យុងយ៉ាង។

មន្រ្តី​សហរដ្ឋ​អាមេរិក​​និយាយថា ​ពួកគេ​កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​អាហ្វ្រិក​ឲ្យកាត់​ផ្តាច់​ចំណង​ទាក់​ទង​ជាមួយ​ប្រ​ទេស​កូរ៉េខាង​ជើង ​ដោយ​ជជែក​ឲ្យ​ហេតុផល​ថា ​​កូរ៉េខាង​ជើង​កំពុង​ប្រើ​​អាវុធ​នុយក្លែអ៊ែរ​ខុសច្បាប់​ដើម្បីគំរាម​កំហែង​សហរដ្ឋ​អាមេរិក​និង​ពិភពលោក។​

មន្រ្តី​សហរដ្ឋ​អាមេរិក​ជជែក​ឲ្យ​ហេតុផល​ថា រាល់​ប្រាក់​ដុល្លារ ប្រាក់ Randនិង​ប្រាក់​ហ្វ្រង់​ដែល​ហូរ​ចូល​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​បាន​ត្រូវ​យកទៅប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឲ្យរីក​ចម្រើនដល់​កម្មវិធី​អាវុធ​នុយក្លែអ៊ែរ​ដែល​ទទួល​ការ​ថ្កោលទោស​ពី​អន្តរជាតិ។

នៅ​ពេល​ដែល​ការតានតឹង​បាន​ឡើង​កំដៅ​យ៉ាង​ខ្លាំង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ជើង ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​កាត់​ផ្តាច់​ប្រភព​ចំណូល​របស់​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង​ដែល​ខ្លួន​អាច​ធ្វើ​បាន។

អង្គការ​សហ​ប្រជាជាតិ​បាន​ស៊ើប​អង្កេត​ប្រទេស​យ៉ាងហោច​ណាស់​ក៏​៧ដែរចំពោះ​ការ​មិនអើពើ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ដោយ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាង​ជើង។ ប្រទេស​នៅ​តំបន់​អាស៊ី​នេះ​មាន​ស្ថាន​ទូត​ចំនួន​៨​នៅ​ក្នុងតំបន់ភាគ​ខាងត្បូង​វាលខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក ​ហើយ​នឹង​មាន​ការទាក់​ទង​ខាង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​យ៉ាង​ហោច​ណាស់​ក៏​១១ដែរ​នៅ​ទ្វីប​អាហ្វ្រិក។

លោក Mark Lambert អនុ​តំណាង​ពិសេស​សម្រាប់​គោល​នយោបាយ​កូរ៉េខាង​ជើង​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និយាយថា សហរដ្ឋ​អាមេរិក​មាន​សារ​យ៉ាង​ច្បាស់​ដល់​ប្រទេសនានា​នៅ​ទ្វីប​អាហ្វ្រិក​និង​ប្រទេស​កូរ៉េខាង​ជើង។លោក Mark Lambert ​បាន​ថ្លែងថា៖ «យើង​ចង់​ធ្វើ​ការ​ជាមួយ​ពួកគេ​ដើម្បី​បញ្ជូន​សារ​យ៉ាង​ច្បាស់២​ទៅ​ឲ្យ​ប្រទេស​កូរ៉េខាង​ជើង។ ទី១ ​សហគមន៍​អន្តរជាតិ​បាន​រួប​រួម​គ្នា​ហើយ​បាន​និយាយថា ​គេ​នឹង​មិន​អាច​សុខចិត្ត​ទទួល​យកកូរ៉េ​ខាង​ជើង​ជា​មហា​អំណាច​អាវុធ​នុយក្លែអ៊ែរ​ហើយ​យើងនឹងដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើងលើ​កូរ៉េខាង​ជើង​រហូតទាល់​តែ​ប្រទេស​នេះ​វិលត្រឡប់​ទៅកាន់​តុចរចា​វិញ។ ទី២ យើង​ចង់​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ប្រជាពលរដ្ឋ​កូរ៉េខាង​ជើង​និង​មេដឹកនាំ​កូរ៉េខាង​ជើង​ថា ​មាន​អនាគត​ប្រសើរ​ឡើង ​ប្រសិន​បើ​ កូរ៉េខាង​ជើង​វិល​ត្រឡប់​មក​កាន់​ការចរចា​វិញ ​យើង​អាច​ធ្វើការ​ជាមួយ​កូរ៉េខាង​ជើង​ដើម្បី​ជួយប្រទេស​នេះ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​របស់​ខ្លួន​ហើយ​នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​ប្រសើរ​ឡើង‍»។

ពួក​មន្រ្តីបាន​ទទួល​ស្គាល់​ថា ​ពាណិជ្ជកម្ម​រវាង​ទ្វីប​អាហ្វ្រិក​និង​កូរ៉េខាង​ជើង​មាន​ទ្រង់​ទ្រាយ​តូច។ ចិន​និងរុស្ស៊ី​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​ជាមួយ​កូរ៉េខាង​ជើង ក៏ ប៉ុន្តែ លោកស្រី Sandra Oudkirk មន្រ្តី​ជាន់​ខ្ពស់​ប្រឆាំង​ភេរវកម្ម​នៅ​ការិយាល័យ​សេដ្ឋ​កិច្ច​របស់​ក្រសួងការ​បរទេស​អាមេរិក​និយាយថា រាល់ប្រាក់​ទាំង​អស់​មាន​សារៈ​សំខាន់។លោកស្រី Sandra Oudkirk និយាយ​ថា៖ «ក្នុង​ករណី​ខ្លះ មិន​ថា​តើ​ពួកគេ​ជា​មន្រ្តី​រដ្ឋាភិបាលឬ​អ្នក​វិភាគ​ខាង​ក្រៅ​ទេ ​នឹង​ពិនិត្យ​ចំនួន​ហើយ​និយាយ​ ថា ហេ! ប្រាក់​នេះ​ប្រាកដ​ជាចំនួន​តិច​មែន។ ក៏ប៉ុន្តែ ​ការ​ពិត​នោះ​គឺថា ​ការ​គំរាម​កំហែង​របស់​កូរ៉េខាងជើងទៅលើ​សហរដ្ឋ​អាមេរិក​ មាន​លក្ខណៈ​ខុសការគំរាម​កំហែង​ផ្សេងៗ​ ​ហើយ​យើង​ចាំ​បាច់​ធ្វើ​ឲ្យ​ប្រាកដ​ថា មិន​មាន​លំហូរ​ពាណិជ្ជកម្ម ​មិនមាន​លំហូរ​ប្រាក់​ចំណូល។ ទោះ​ជា ​ចំនួន​ប្រាក់​នោះ​តិច​បំផុតក៏​សំខាន់​ដែរ‍»។

លោក Zachary Donnenfeld ជា​អ្នក​ស្រាវ​ជ្រាវ​ដែល​សិក្សា​ពី​ទំនាក់​ទំនង​រវាង​កូរ៉េ​ខាង​ជើង​និង​អាហ្រ្វិក​នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​សន្តិសុខ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Pretoria ​និយាយថា ​ប្រទេស​ជា​ច្រើន​នៅទ្វីប​អាហ្វ្រិក​រក្សា​ចំណង​ទាក់​ទង​ជាមួយ​កូរ៉េខាង​ជើង​ពីព្រោះ​តែ​កូរ៉េខាង​ជើងគាំទ្រ​ការ​តស៊ូ​ក្រោយ​ឯក រាជ្យ​របស់​ពួកគេ ​ហើយ​ពីព្រោះ​តែ​ការរឹតត្បិត​ពាណិជ្ជកម្ម​នោះកូរ៉េខាង​ជើង​ផ្តល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដ៏ល្អ។​ លោក​ក៏​និយាយដែរថា ​សហរដ្ឋ​អាមេរិក​អាច​ប្រឈម​ការ​លំបាក​ខាង​ការទូត​បន្ទាប់​ពី​ការ​អត្ថា​ធិប្បាយ​ដ៏​ចម្រូង​ចម្រាស់​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន​ដោយ​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​អំពី​ប្រទេស​ហៃទី​និង​ប្រទេស​អាហ្វ្រិក​ផ្សេងៗ​ទៀត។ លោកZachary Donnenfeldបាន​និយាយ​ថា៖ «ប្រសិនបើ រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ​ទទួល​បាន​ជោគជ័យ​ក្នុង ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ រដ្ឋបាល​របស់​លោក​ត្រាំ​នឹង​ត្រូវការ​ការគាំទ្រ​ពី​រដ្ឋាភិបាល​អាហ្វ្រិក។ ​ហើយ ​ដោយ​មាន​ព្រឹត្តិការណ៍និង​អត្ថាធិប្បាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ចំពោះ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​រដ្ឋាភិ​បាល​អាហ្វ្រិក​មាន​ឆន្ទៈ​បោះ​បង់ចោល​ប្រភព​ធន​ធាន​ធម្មជាតិ​ថោក​និង​អាវុធ​សម្រាប់​ប្រទេស​ដែល​បណ្តុះ​បង្អាប់​ពួកគេ‍​។

លោក Daragh Neville អ្នក​វិភាគ​អង្គការ Chatham House សិក្សា​ពីទំនាក់​ទំនង​ខាង​ការទូត​រវាង​តំបន់​អាហ្វ្រិក​និង​ប្រទេស​ផ្សេង​ៗ​ទៀត​របស់​ពិភព​លោក។ លោក​កត់​សម្គាល់​ថា ​គំនាប​លើ​ប្រទេស​នានា​នៅ​ទ្វីប​អាហ្រ្វិក​ឲ្យ​ទម្លាក់​ប្រទេសកូរ៉េខាង​ជើង​ចោល​ក៏​នឹង​កើត​មាន​ឡើង​មក​ពី​ប្រទេស​ផ្សេង​ទៀត​ដែរ ​រួមមាន​ប្រទេស​កូរ៉េ​ខាង​ត្បូងផង។ លោក Daragh Neville ជា​អ្នក​វិភាគនៃ​អង្គការ Chatham House និយាយថា៖ «កូរ៉េខាង​ត្បូង​បាន​ចាប់​ផ្តើមទាក់​ទង​ជាមួយ​ទ្វីប​អាហ្វ្រិក​ឡើង​វិញ។ ពួកគេ​បាន​រៀបចំ​វេទិកា​សម្រាប់​ទ្វីប​នោះ​មួយ​ចំនួន​ដូចជា វេទិកា​កូរ៉េ​-អាហ្វ្រិកនិង​វេទិកា​សេដ្ឋកិច្ច​កូរ៉េ-អាហ្វ្រិក។​ ពួកគេ​បាន​ចាប់​ផ្តើម​បើក​ស្ថានទូត​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ហើយកាលពី​ឆ្នាំ​ទៅ ពួកគេ​បាន​ចាប់​ផ្តើម​កម្មវិធី​ជំនួយ​ថ្មី​មួយ​សម្រាប់​ទ្វីប​អាហ្វ្រិក‍»។ ​

VOA បាន​ហៅ​ទូរសព្ទ​ស្ថាន​ទូត​កូរ៉េ​ខាង​ជើង​នៅក្រុង Pretoria ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដើម្បី​ស្វះស្វែង​រក​អត្ថាធិប្បាយ។ ពួកគេ​មិន​ឆ្លើយទូរសព្ទ​របស់​យើង​ទេ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG