កូរ៉េខាងជើងនិងកូរ៉េខាងត្បូងនឹងរួមគ្នាបង្កើតក្រុមកីឡា hockey លើទឹកកកផ្នែកស្ត្រី ដើម្បីប្រកួតនៅក្នុងការប្រកួតកីឡា អូឡាំពិក រដូវរងាដែលនឹងមកដល់ ហើយពួកគេក៏នឹងដើរដង្ហែរក្បួនក្រោមទង់ជាតិរួបរួមគ្នាមួយក្នុងពិធីបើកការប្រកួតកីឡានោះផងដែរ។ នេះបើយោងតាមការប្រកាសរបស់ប្រទេសទាំងពីរកាលពីថ្ងៃពុធ។
ការសម្រេចដែលទីភ្នាក់ងារសារព័ត៌មាន Yonhap បានហៅថា ជារឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ គឺជាលទ្ធផលនៃសំណើរបស់កូរ៉េខាងត្បូងកាលពីមួយសប្តាហ៍មុន ដើម្បីបង្កើតក្រុមកីឡាកររួមគ្នានេះ ក្រោយពីកូរ៉េខាងជើងបានយល់ព្រមនឹងចូលរួមជាលើកដំបូងនៅក្នុងការប្រកួតកីឡាអូឡាំពិកក្នុងប្រទេសកូរ៉េខាងត្បូង។ ប្រទេសកូរ៉េខាងជើងបានធ្វើពហិការមិនចូលរួមការប្រកួតកីឡាអូឡាំពិក ដែលប្រារព្ធឡើងក្នុងប្រទេសកូរ៉េខាងត្បូងទេកាលពីឆ្នាំ១៩៨៨។
កីឡាអូឡាំពិកសម្រាប់រដូវរងាលើកនេះនឹងត្រូវប្រារព្ធឡើងពីថ្ងៃទី៩ដល់ថ្ងៃទី២៥ខែកុម្ភៈក្នុងទីក្រុង ព្យុងចាង ប្រទេសកូរ៉េខាងត្បូង។
ប្រទេសដែលជាគូសត្រូវនឹងគ្នាទាំងពីរនេះធ្លាប់បង្កើតក្រុមកីឡារួមគ្នាតែពីរដងប៉ុណ្ណោះ គឺក្នុងឆ្នាំ១៩៩១ នៅពេលដែលប្រទេសទាំងពីរបានចូលរួមក្នុងការប្រកួតជើងឯកកីឡាបាល់ទាត់និងកីឡា table-tennis។ ការចរចាគ្នាកាលពីលើកមុនដើម្បីបញ្ជូនក្រុមកីឡាកររួមគ្នាទៅប្រកួតក្នុងកីឡាអូឡាំពិក មិនទទួលបានជោគជ័យនោះទេ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី២០ ខែមករាខាងមុខនេះ នៅទីស្នាក់ការរបស់ខ្លួនក្នុងប្រទេសស្វ៊ីស ដើម្បីពិភាក្សាលម្អិតអំពីក្រុមកីឡាដែលរួមគ្នានេះ ក៏ដូចជាការចូលរួមរបស់កូរ៉េខាងជើងក្នុងការប្រកួតកីឡានេះផងដែរ៕