សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីកូរ៉េខាងជើង២នាក់ចំពោះតួនាទីរបស់ពួកគេនៅក្នុងកម្មវិធីកាជ្រួចមីស៊ីលបាល់លីស្ទិករបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
សេចក្តីថ្លែងការណ៍ពីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា Kim Jong Sik និង Ri Pyong Chol ជាមេដឹកនាំសំខាន់នៃកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង។
ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា « មានសេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា Kim Jong Sik ជាឥស្សរជនដ៏សំខាន់នៅក្នុងការអភិវឌ្ឍកាំជ្រួចបាល់លីស្ទិករបស់កូរ៉េខាងជើងរួមមានការខំប្រឹងប្រែងផ្លាស់ប្តូរពីឥន្ធនៈរាវឲ្យទៅជាឥន្ធនៈរឹង ហើយនិង Ri Pyong Chol បានត្រូវគេរាយការណ៍ថា ជាមន្ត្រីដ៏សំខាន់ម្នាក់ដែលបានទាក់ទិនក្នុងការអភិវឌ្ឍកាំជ្រួចមីស៊ីលបាល់លីស្ទិក អន្តរទ្វីបរបស់កូរ៉េខាងជើង»។
លោក Steve Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារបានមានប្រសាសន៍ថា «ក្រសួងរតនាគារកំពុងដៅលើមេដឹកនាំកម្មវិធីកាំជ្រួចបាល់លីស្ទិករបស់កូរ៉េខាងជើងដែលជាផ្នែកមួយនៃយុទ្ធនាការដាក់ការគាបសង្កត់ជាអប្បរមាដើម្បីធ្វើឲ្យកូរ៉េខាងជើងឯកោហើយនិងធ្វើឲ្យសម្រេចការគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ចំណាត់ការទាំងនេះកើតមានឡើងបន្ទាប់ពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រដែលបានទណ្ឌកម្មថ្មីយ៉ាងខ្លាំងលើកូរ៉េខាងជើងដើម្បីបិទសមត្ថភាពរៃអង្គៀសប្រាក់ខុសច្បាប់របស់ប្រទេសនោះ។
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃសុក្រដើម្បីកម្រិតចំនួនប្រេងឥន្ធនៈនិងប្រេងម៉ាស៊ូតដែលកូរ៉េខាងជើងអាចនាំចូលហើយនឹងរឹតបន្តឹងការឆែកឆេរកប៉ាល់ដឹកទំនិញដែលសង្ស័យដឹកទំនិញខុសច្បាប់និងហាមឃាត់ចូលឬចេញពីប្រទេសកូរ៉េខាងជើង៕