កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក បានចោទប្រកាន់លោក Julian Assange អ្នកបង្កើតហទំព័រ Wikileaks ដែលបានជាប់ទាក់ទិនទៅនឹងការបញ្ចេញឯកសារសម្ងាត់របស់សហរដ្ឋអាមេរិករាប់សែនទំព័រ ទើបតែប៉ុន្មានម៉ោងបន្ទាប់ពីប៉ូលិសចក្រភពអង់គ្លេស បានចាប់ខ្លួនលោកភ្លាមៗនៅឯស្ថានទូតប្រទេសអេក្វាទ័រក្នុងទីក្រុងឡុងដ៍ ដែលលោកបានលាក់ខ្លួនអស់រយៈពេលជិត ៧ ឆ្នាំ។
ដីការចាប់ខ្លួនលោក Assange កើតចេញពីការប្រព្រឹត្តបទល្មើសដ៏ធំបង្អស់មួយនៃការបញ្ចេញព័ត៌មានសម្ងាត់នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក គេហទំព័រ Wikileaks នៅឆ្នាំ២០១០ បានបញ្ចេញកំណត់ត្រាយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់សហរដ្ឋចាប់តាំងពីសង្គ្រាមនៅក្នុងអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ការវាយតម្លៃជនសង្ស័យជាភេរវជន ដែលត្រូវបានឃុំខ្លួនដោយសហរដ្ឋអាមេរិកនៅក្នុងគុករបស់ខ្លួននៅច្រកសមុទ្រ Guantanamo នៃប្រទេសគុយបា ហើយនឹងតេឡេក្រាមរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចំនួន២សែន៥ម៉ឺន។
សហរដ្ឋអាមេរិក បានចោទប្រកាន់លោក Assange ពីការរួមគំនិតគ្នាជាមួយអ្នកស្រី Chelsea Manning អ្នកវិភាគការស៊ើបការណ៍សម្ងាត់យោធារបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ថា ជា Bradley Manning មុនប្រកាសខ្លួនគាត់ជាស្រ្តី ដើម្បីលួចលេខសម្ងាត់ដែលផ្ទុកនៅក្នុងកំព្យូទ័ររបស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក ដើម្បីលួចចូលក្នុងបណ្តាញឯកសារសម្ងាត់ និងការទាក់ទងរបស់រដ្ឋាភិបាលដែលគេស្គាល់ថា បណ្តាញពិធីការអ៊ិនធឺណិតសម្ងាត់។
រដ្ឋាភិបាល និយាយថា ការលួចលេខសម្ងាត់នេះ អនុញ្ញាតឲ្យអ្នកស្រី Manning ចូលក្នុងកុំព្យូទ័រដោយប្រើឈ្មោះដែលមិនមែនជារបស់អ្នកស្រី ដែលធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើងសម្រាប់ពួកអាជ្ញាធរដើម្បីកំណត់ពីប្រភពនៃការបញ្ចេញព័ត៌មានខុសច្បាប់ទាំងនេះ៕