ប៉ូលិសអង់គ្លេសបានចាប់ខ្លួនអ្នកបង្កើតគេហទំព័រ WikiLeaks លោក Julian Assange នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាជំហានចុងក្រោយមួយក្នុងរឿងច្បាប់ ដែលកើតឡើងអស់ពេលជាង៧ឆ្នាំមកហើយ។
លោក Assange បានជ្រកកោនក្នុងស្ថានទូតអេក្វាឌ័រ ក្នុងទីក្រុងឡុងដ៍ តាំងពីឆ្នាំ២០១២ ដើម្បីជៀសវាងការចាប់បញ្ជូនខ្លួនទៅកាន់ប្រទេសស៊ុយអែត ដើម្បីប្រឈមមុខនឹងបទចោទរំលោភផ្លូវភេទ។
ប្រទេសស៊ុយអែត ក្រោយមកបានលុបចោលការស៊ើបអង្កេតរបស់ខ្លួន ប៉ុន្តែ Assange បានស្ថិតនៅក្នុងស្ថានទូតអេក្វាឌ័រជាបន្ត ដោយភ័យខ្លាចក្រែងអង់គ្លេសបញ្ជូនខ្លួនគាត់ទៅសហរដ្ឋអាមេរិក ក្នុងបទជាប់ពាក់ព័ន្ធនឹងការចុះផ្សាយឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិកលើគេហទំព័រ WikiLeaks។
សេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិសទីក្រុងឡុងដ៍ បាននិយាយថា មន្រ្តីប៉ូលិសបានចាប់ខ្លួនលោក Assange នៅក្នុងស្ថានទូត ជាប់ពាក់ព័ន្ធនឹងដីការចាប់ខ្លួនមួយកាលពីខែមិថុនា ឆ្នាំ ២០១២ របស់ចក្រភពអង់គ្លេស ចំពោះការមិនបានប្រគល់ខ្លួនឲ្យតុលាការ។
ប៉ូលិសបាននិយាយថា ពួកគេត្រូវបានឯកអគ្គរដ្ឋទូតអេក្វាឌ័រអញ្ជើញចូលក្នុងស្ថានទូត ក្រោយពីរដ្ឋាភិបាលអេក្វាឌ័របានលុបចោលសិទ្ធិជ្រកកោនរបស់ Assange៕