ក្រុមហ៊ុនរបស់ស.រ.អា.បានបន្ថយការជួលបុគ្គលិកកាលពីខែមុន មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេលជាង៥ឆ្នាំមុននេះ ក៏ប៉ុន្តែអត្រាចំនួនមនុស្សគ្មានការងារធ្វើក៏ចុះថយមកនៅត្រឹមតែ៤,៧ភាគរយ។
ជាសរុប ពួកអ្នកសេដ្ឋសាស្ត្របាននិយាយថា សេចក្តីរាយការណ៍កាលពីថ្ងៃសុក្រជាការនាំឱ្យស្រងាកចិត្តហើយពួកគេបានទស្សន៍ទាយថា របាយការណ៍នេះនឹងធ្វើឱ្យធនាគារកណ្តាលស.រ.អា.រក្សាទុកអត្រាការប្រាក់សំខាន់ៗឱ្យនៅដដែលនៅពេលដែលពួកអភិបាលធនាគារនេះប្រជុំគ្នានៅពេលបន្ទាប់មកទៀតនៅខែនេះ។
ក្រសួងការងារស.រ.អា.បាននិយាយថា សេដ្ឋកិច្ចប្រទេសបានចំណេញការងារតែ៣៨.០០០ក្នុងខែឧសភា គឺតិចជាងមួយភាគបួននៃចំនួនដែលពួកអ្នកជំនាញការឯករាជ្យបានទស្សន៍ទាយ។ ពួកសេដ្ឋសាស្ត្របានកត់សម្គាល់ដោយស្រងាកចិត្តថា តួលេខតិចតួចនៃចំនួនការងារថ្មីៗមានឡើងក្រោយមានសញ្ញាកាលពីពេលថ្មីៗនេះនៃការលូតលាស់យឺតយូរនៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។
អត្រាចំនួនមនុស្សគ្មានការងារធ្វើនៅទូទាំងប្រទេសបានចុះថយបីភាគដប់នៃមួយភាគរយដោយមកនៅត្រឹម៤,៧ភាគរយដែលជាអត្រាទាបបំផុតចាប់តាំងពីឆ្នាំ២០០៧មក។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ភាគច្រើននៃការចុះថយចំនួនមនុស្សគ្មានការងារធ្វើនេះបណ្តាលមកពីការរកឃើញដោយការស្ទង់មតិថា មនុស្សគ្មានការងារធ្វើរាប់សែននាក់នៅពេលនេះបានឈប់ស្វែងរកការងារហើយ។
រដ្ឋាភិបាលបានដកចេញពីបញ្ជីមនុស្សគ្មានការងារធ្វើនូវពួកបុរសនិងស្ត្រីដែលមិនមានការងារធ្វើដែលមិនបានស្វះស្វែងរកការងារដោយសកម្មក្នុងពេលយ៉ាងតិចណាស់បួនសប្តាហ៍៕