ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​បន្តិច​បន្តួច


រូបថតឯកសារ៖ អ្នក​ស្វែង​រក​ការងារ​ធ្វើ​បាន​មក​​ប្រឹក្សា​យោបល់​ការងារ​នៅ​​ឯ​មូលនិធិ​សភា​ពាណិជ្ជកម្ម​អាមេរិក​ស្តីអំពី​ការ​រើស​ការងារ​ក្នុង​ជួរ​កង​ទ័ព នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបថតឯកសារ៖ អ្នក​ស្វែង​រក​ការងារ​ធ្វើ​បាន​មក​​ប្រឹក្សា​យោបល់​ការងារ​នៅ​​ឯ​មូលនិធិ​សភា​ពាណិជ្ជកម្ម​អាមេរិក​ស្តីអំពី​ការ​រើស​ការងារ​ក្នុង​ជួរ​កង​ទ័ព នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

សេដ្ឋកិច្ច​អាមេរិក​ បាន​ចំណេញ​ការងារ​ ២១៥.០០០​កន្លែង​ក្នុង​ខែ​មីនា​ ចំណែក​ឯ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​បាន​កើន​ឡើង​ច្រើន​ជាង​មុន។

ទិន្នន័យ​កាលពី​ថ្ងៃ​សុក្រ​របស់​ក្រសួង​ការងារ​ ស.រ.អា. ​បង្ហាញ​ថា​ អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​បាន​កើន​ឡើង​បន្តិច​ គឺ​កើន​ដល់​៥ភាគ​រយ​ នៅ​ពេល​ដែល​ប្រជា​រាស្ត្រ​អាមេរិកាំង​គ្មាន​ការ​ងារ​ធ្វើ​រាប់សែន​នាក់​បាន​ស្វះ​ស្វែង​រក​ការងារ​ធ្វើ​ជា​ថ្មី​ទៀត។​

កំណើន​នៃ​ចំនួន​មនុស្ស​ស្វែង​រក​ការងារ​ធ្វើ​បាន​បណ្តាល​ឱ្យ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​កើន​ឡើង​ពីព្រោះ​ពួក​អ្នក​ជំនាញ​ការ​រដ្ឋាភិបាល​មិន​រាប់​ថា​ពួក​គេ​គ្មាន​ការងារ​ធ្វើ​ជា​ផ្លូវការ​ទេ​ ប្រសិន​បើ​ពួកគេ​មិន​បាន​រក​ការងារ​ធ្វើ​ក្នុង​ពេល​៤​សប្តាហ៍​កន្លង​ទៅ​នេះ។​

មនុស្ស​គ្មាន​ការ​ងារ​ធ្វើ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដំណឹង​ដែល​ថា​សេដ្ឋកិច្ច​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន​ ដែល​ប្រហែល​ជា​ហេតុ​ផល​មួយ​ដែល​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​នៃ​សាកលវិទ្យាល័យ​ Michigan បង្ហាញ​ថា​ពួក​អ្នក​ប្រើ​ប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​ មាន​សុទិដ្ឋិ​និយម​ជាង​មុនបន្តិច។ សេចក្តី​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ក៏​បាន​បង្ហាញ​ដែរថា ​ប្រាក់​ខែ​បាន​កើន​ឡើង​៣​ភាគ​១០​នៃ​មួយ​ភាគ​រយ​កាលពី​ខែមុន។

កំណើន​មនុស្ស​មាន​ការងារ​ធ្វើ​មាន​នៅ​ក្នុង​វិស័យ​លក់រាយ ការ​សាងសង់​និងការ​ថែរក្សា​សុខភាព ​ចំណែក​ឯ​វិស័យ​ផលិត​ប្រដាប់​ប្រដា​គ្រឿង​ប្រើ​ប្រាស់​និង​វិស័យ​រ៉ែ​ មាន​ការ​បាត់​បង់​ការងារ។ ​ទិន្នន័យ​បង្ហាញ​ថា ​ប្រជារាស្ត្រ​អាមេរិកាំង​៨លាន​នាក់​នៅ​តែ​គ្មាន​ការងារ​ធ្វើ ចំណែក​ឯ​មនុស្ស​ ៦លាន១សែន​នាក់​ទៀត​ចង់​មាន​ការងារ​ធ្វើ​ពេញ​ម៉ោង​ តែ​ពួក​គេ​អាច​រក​បាន​តែ​ការងារ​មិន​ពេញ​ម៉ោង៕

XS
SM
MD
LG