ទាហានអាមេរិកាំង ៣ នាក់ បានស្លាប់និងយ៉ាងតិច ៣៤ នាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារដោយដ្រូនកាលពីថ្ងៃយប់ថ្ងៃសៅរ៍លើកន្លែងស្នាក់នៅរបស់ពួកគេ នៅភាគឦសានប្រទេសហ្ស៊កដានីជិតព្រំដែនប្រទេសស៊ីរី។ នេះបើតាមការបញ្ជាក់របស់បញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្ដាល។
គេជឿថា នេះគឺជាការស្លាប់លើកដំបូងបង្អស់របស់ទាហានអាមេរិកាំងដោយសារការវាយប្រហាររបស់សត្រូវក្នុងអំឡុងពេលសង្គ្រាមជិត ៤ ខែកន្លងមករវាងប្រទេសអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរិះគន់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ថា ជាអ្នកវាយប្រហារនៅក្នុងប្រទេសហ្ស៊កដានីនេះ។
ក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនមែនជាអ្នកទទួលខុសត្រូវលើរឿងនេះទេ។ ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់បានស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani ដែលបាននិយាយថា «អ៊ីរ៉ង់គ្មានតួនាទីណាមួយនៅក្នុងការសម្រេចចិត្តរបស់ក្រុមតស៊ូនានាអំពីវិធីដែលពួកគេគាំទ្រដែនដីប៉ាឡេស្ទីនឬការពារប្រជាជនរបស់ពួកគេទេ»។
ទាហានអាមេរិកាំងទាំង ៣ នាក់ដែលត្រូវបានសម្លាប់នោះមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណភ្លាមៗនៅឡើយទេ ដោយរង់ចាំការជូនដំណឹងដល់សាច់ញាតិរបស់ពួកគេ។ លោក Biden បានហៅពួកគេថាជា «អ្នកស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត»។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងនឹងបន្តការតាំងចិត្តរបស់ពួកគេនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ហើយជាការពិត យើងនឹងធ្វើឱ្យអ្នកដែលប្រព្រឹត្តរឿងនេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនតាមពេលវេលានិងមធ្យោបាយដែលយើងជ្រើសរើស»។
កាលពីថ្ងៃអាទិត្យ នៅឯកម្មវិធីឃោសនាបោះឆ្នោតមួយនៅរដ្ឋ South Carolina លោក Biden បាននិយាយថា«យើងនឹងតបតទៅវិញ»។ បន្ទាប់មក លោកបានស្នើឱ្យមានការស្មឹងស្មាធ។
ក្រុមតស៊ូអ៊ិស្លាមនៅអ៊ីរ៉ាក់ (The Islamic Resistance in Iraq) ដែលជាក្រុមមេដែលគ្របដណ្ដប់លើក្រុមផ្សេងទៀតដូចជាក្រុម Kataib Hezbollah ក្រុម Nujabaa និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតដែលគាំទ្រដោយអ៊ីរ៉ង់ជាដើម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Washington Post៕
VOA ផ្នែកភាសាពែក្សរួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។
វេទិកាបញ្ចេញមតិ