អនាគតនៃវត្តមានយោធាស.រ.អា.ក្នុងប្រទេសកូរ៉េខាងត្បូងនៅតែជាបញ្ហាមួយនៃការជជែកដេញដោលគ្នាដែលកើនខ្លាំងឡើងៗនៅពេលមានរបាយការណ៍នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងក្រុងសេអ៊ូលថា ការកាត់បន្ថយនិងការដកកងកម្លាំងស.រ.អា.អាចត្រូវលើកយកមកពិចារណាប្រសិនបើមានការសម្រេចសន្តិភាពជាមួយប្រទេសកូរ៉េខាងជើង។
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រសួងការពារប្រទេសស.រ.អា.ប្រុងប្រៀបជម្រើសសម្រាប់ការកាត់បន្ថយចំនួនទាហានស.រ.អា.នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅពេលជាមួយគ្នាដែលមានការប្រុងប្រៀបសម្រាប់ជំនួបកំពូលរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលគេរំពឹងថានឹងមានធ្វើក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា ពួកមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខជាតិនៅឯសេតវិមានបានបដិសេធសេចក្តីរាយការណ៍នេះរបស់សារព័ត៌មាន The New York Times ហើយ។
សម្រាប់លោក ត្រាំ ការកំណត់គោលដៅមួយដើម្បីដកកងកម្លាំងស.រ.អា.ចេញពីប្រទេសកូរ៉េខាងត្បូងសមស្របតាមការរិះគន់កាលពីពេលមុនៗរបស់លោកដល់ពួកសម្ធ័ន្ធមិត្តរបស់ប្រទេសអាមេរិកដូចជាប្រទេសកូរ៉េខាងត្បូងជាដើមដែលមិនបានសងប្រាក់ឱ្យបានសមរម្យដល់សោហ៊ុយនៃការការពារដោយស.រ.អា.៕
លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស.រ.អា. Steven Mnuchin បាននិយាយនៅថ្ងៃសុក្រនេះថា គណៈប្រតិភូពាណិជ្ជកម្មកម្រិតខ្ពស់ដែលលោកដឹកនាំមានការសន្ទនាគ្នាល្អណាស់ជាមួយពួកមន្ត្រីចិននៅក្នុងក្រុងប៉េកាំង ក៏ប៉ុន្តែលោកមិនបានថ្លែងឱ្យបានល្អិតល្អន់តទៅទៀតទេនៅពេលលោកចាកចេញពីសណ្ឋាគារលោកទៅកាន់កិច្ចចរចាគ្នាក្នុងថ្ងៃទីពីរ។
គេរំពឹងថា ការពិភាក្សាគ្នាដឹកនាំដោយលោក Mnuchin និងលោកឧបនាយករដ្ឋមន្ត្រីចិន Liu He ដែលជាទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោកប្រធានាធិបតី Xi Jinping មានទាក់ទិននឹងបញ្ហាមួយចំនួនធំនៃការត្អូញត្អែររបស់ស.រ.អា.អំពីការប្រកបរបរពាណិជ្ជកម្មរបស់ចិនចាប់តាំងពីការផ្ទេរបច្ចេកវិជ្ជាជាពិសេសសម្រាប់ semiconductors រហូតដល់ការផ្តល់ប្រាក់ជំនួយបន្ថែមដោយរដ្ឋសម្រាប់ការអភិវឌ្ឍបច្ចេកវិជ្ជា។
មនុស្សខ្លះយល់ឃើញថា ការប្រជុំគ្នាពីរថ្ងៃនេះជាជំហានវិជ្ជមានមួយ ទោះណាជាពួកអ្នកវិភាគនិយាយថា វាមិនទំនងថាការខ្វែងគំនិតគ្នារវាងពួកគេនឹងត្រូវដោះស្រាយរួចនៅក្នុងការប្រជុំទាំងនេះទេ ក៏ប៉ុន្តែសេចក្តីសម្រេចដើម្បីរក្សាការចរចាគ្នាតទៅទៀតជាការជឿនលឿនដែលគួរស្វាគមន៍។
ស.រ.អា.និងប្រទេសចិនបានដាក់កំហិតតារាងពន្ធដារប្រឆាំងនឹងទំនិញនៃប្រទេសនីមួយៗនៅមុនកិច្ចចរចានេះ៕