រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិនបានធ្វើដំណើរទៅដល់ក្រុងព្យុងយ៉ាងហើយ នៅថ្ងៃពុធនេះ។
លោកជាមន្ត្រីចិនជាន់ខ្ពស់បំផុតដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងជើងក្នុងរយៈពេលច្រើនឆ្នាំមកហើយនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងខិតខំព្យាយាមកែលម្អទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជិតខាងខ្លួនដែលមានអាវុធបរមាណូ។
ទស្សនកិច្ចពីរថ្ងៃរបស់លោក Wang Yi មានឡើងក្រោយជំនួបកំពូលអន្តរកូរ៉េដ៏សំខាន់មួយ ហើយបានធ្វើឡើងនៅមុនជំនួបកំពូលមួយរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោក Wang Yi ដែលនឹងជួបជាមួយលោក Ri Yong Ho សមភាគីកូរ៉េខាងជើងរបស់លោកនៅក្នុងរយៈពេលដែលលោកឋិតក្នុងប្រទេសកូរ៉ខាងជើង បានទទួលការស្វាគមន៍ពីសំណាក់លោកអនុរដ្ឋមន្ត្រីការបរទេស Ri Ki Song និងពួកមន្ត្រីឯទៀតៗនៅឯព្រលានយន្តហោះក្រុងព្យុងយ៉ាង។
អ្នកការទូតកំពូលទាំងពីរនាក់នេះបានជួបគ្នាក្នុងក្រុងប៉េកាំងកាលពីខែមុន តែប៉ុន្មានថ្ងៃក្រោយលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅប្រទេសចិនដើម្បីធ្វើការចរចាជាមួយលោកប្រធានាធិបតីចិន Xi Jinping។
ទស្សនកិច្ចនោះជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក គីម ទៅប្រទេសក្រៅចាប់តាំងពីពេលដែលលោកបានចូលកាន់តំណែងកាលពីឆ្នាំ២០១១ ហើយបានកើតមានឡើងនៅពេលមានសញ្ញានៃភាពល្អប្រសើរជាងមុនខាងការទូតរវាងប្រទេសទាំងពីរនេះ។
លោក Wang Yi ជារដ្ឋមន្ត្រីការបរទេរសចិនទីមួយដែលបានទៅបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០០៧មក ហើយរយៈពេលនេះបានគូសបញ្ជាក់ភាពរអាក់រអួលក្នុងការទាក់ទងគ្នារវាងប្រទេសទាំងពីរនេះ។
ពួកអ្នកជំនាញនិយាយថានៅពេលនេះប្រទេសចិនទំនងជាអន្ទះសាបញ្ចៀសកុំឱ្យត្រូវផាត់ចេញពីកិច្ចការទូតដែលបាននាំឱ្យមានជំនួបកំពូលជាប្រវត្តិសាស្ត្រកាលពីថ្ងៃសុក្រមុនរវាងលោក គីម ជុងអ៊ុន និងលោកប្រធានាធិបតី Moon Jae-in នៃប្រទេសកូរ៉េខាងត្បូង។
គេរំពឹងថាលោក គីម នឹងជួបជាមួយលោក ត្រាំ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះនៅពេលវេលានិងកន្លែងដែលនឹងត្រូវប្រកាស។
ប្រធានាធិបតីនៃប្រទេសកូរ៉េខាងជើងក៏បានអញ្ជើញលោក Xi Jinping ឱ្យទៅបំពេញទស្សកិច្ចក្នុងក្រុងព្យុងយ៉ាង ដែរ ក៏ប៉ុន្តែមិនទាន់មានការកំណត់ថ្ងៃខែនៅឡើយទេ៕