មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្រាប់រដ្ឋមន្ត្រីការបរទេសចិនដែលធ្វើទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះថា លោកប្ដេជ្ញាចំពោះការធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិន។
ប្រទេសចិនគឺជាអ្នកគាំទ្រទាំងផ្នែកការទូត និងសេដ្ឋកិច្ចដ៏ចម្បងបំផុតចំពោះប្រទេសកូរ៉េខាងជើង ទោះបីជាចិនមានការខឹងសម្បារចំពោះការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងកន្លងមក និងគាំទ្រចំពោះការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើប្រទេសកូរ៉េខាងជើងក៏ដោយ។
ប៉ុន្តែ ប្រទេសចិនក៏ស្វាគមន៍ផងដែរចំពោះវិធានការរបស់ប្រទេសកូរ៉េខាងជើងដែលចង់ធ្វើឲ្យទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានភាពប្រសើរឡើង។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានបញ្ចប់ទៅកាលពីសប្ដាហ៍មុន។
នៅក្នុងជំនួបជាមួយនឹងលោក Wang Yi នៅក្នុងទីក្រុងព្យុងយ៉ាងនៅថ្ងៃព្រហស្បតិ៍នេះ លោក Kim Jong Un បានប្រាប់លោកថា ការផ្លាស់ប្ដូរបែបវិជ្ជមាននាពេលថ្មីៗនេះនៅលើឧបទ្វីបកូរ៉េ គឺមានប្រយោជន៍ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីមួយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិននៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
ក្រសួងការបរទេសចិនបានបញ្ជាក់បន្ថែមទៀតថា៖ «លោក Kim Jong Un បាននិយាយថា ការសម្រេចឲ្យបាននូវឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរគឺជាគោលជំហរដ៏រឹងមាំរបស់ភាគីកូរ៉េខាងជើង»៕