ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការពារ​សិទ្ធិមនុស្ស​សាទរ​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​​លើ​មីយ៉ាន់ម៉ា


រូបឯកសារ៖ បុរស​ម្នាក់​មើល​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ទីក្រុង Laiza ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣។ ការវាយប្រហារ​បានសម្លាប់​មនុស្ស​យ៉ាងតិច ២៩នាក់ រួមទាំង​កុមារផងដែរ។
រូបឯកសារ៖ បុរស​ម្នាក់​មើល​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ទីក្រុង Laiza ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣។ ការវាយប្រហារ​បានសម្លាប់​មនុស្ស​យ៉ាងតិច ២៩នាក់ រួមទាំង​កុមារផងដែរ។

ទណ្ឌកម្ម​បន្ថែម​ដែល​ប្រកាស​ក្នុង​ពេល​ដំណាល​គ្នា ដោយ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង ប្រទេស​កាណាដា ទទួល​បាន​ការ​ការ​សាទរ​ ដោយ​ចាត់​ទុក​ថា​ ជា​ភស្តុតាង​បង្ហាញ​ពី​ការ​ឆ្លើយតប​អន្តរជាតិ​ស្មើ​ដៃ​គ្នា ទៅ​លើ​ការ​គ្រប់​គ្រង​បែប​ព្រៃផ្សៃ​របស់​របប​យោធា ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​ជន​ស៊ីវិល​ជិត ៤ ពាន់​នាក់។

លោក Moe Zaw Oo អនុ​រដ្ឋមន្ត្រី​ការបរទេស​នៃ​រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា ឬ រដ្ឋាភិបាល​រួបរួម​ជាតិ បាន​ថ្លែង​ប្រាប់​វីអូអេ ក្នុង​បទ​សម្ភាស​មួយ​ដូច្នេះ​ថា៖ «នេះ​ជា​ការ​ប្រកាស​ដែល​ពលរដ្ឋ​របស់​យើង​បាន​រង់ចាំ​ជា​យូរ​មក​ហើយ។ ទណ្ឌកម្ម​ទាំង​នេះ នឹង​បង្ក​ផល​វិបាក​ធំធេង​ទៅ​លើ​របប​យោធា និង លទ្ធភាព​របស់​ពួក​គេ​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណូល​ពី​ឧស្សាហកម្ម​ប្រេង និង ឧស្ម័ន»។

លោក Oo បាន​បន្ថែម​ថា ការ​ចូល​រួម​ដាក់​ទណ្ឌកម្ម​បន្ថែម​ពី​សំណាក់​ចក្រភព​អង់គ្លេស និង កាណាដា «នឹង​ធ្វើ​ឲ្យ​វិធានការ​នេះ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង ដូច្នេះ យើង​គាំទ្រ​វិធានការ​របស់​ពួក​គេ​ពេញ​បេះដូង»។

ទណ្ឌកម្ម​ថ្មី​ពី​សំណាក់​សហរដ្ឋ​អាមេរិក ដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ខាង​មុខ​នេះ នឹង​ហាមឃាត់​ស្ថាប័ន​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​មិន​ឲ្យ​ផ្ដល់​សេវា​កម្ម​របស់​ពួក​គេ​ទៅ​ក្រុមហ៊ុន​មួយ​ឈ្មោះ សហគ្រាស​ប្រេង​និង​ឧស្ម័ន​មីយ៉ាន់ម៉ា MOGE (Myanmar Oil and Gas Enterprise)។

រដ្ឋាភិបាល​រួបរួម​ជាតិ​ NUG បាន​អំពាវនាវ​ជា​យូរ​មក​ហើយ​ឲ្យ​មាន​ទណ្ឌកម្ម​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​លើ​ក្រុមហ៊ុន​ MOGE។ បើ​តាម​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ក្រុមហ៊ុន​នេះ «នៅ​តែ​ជា​ប្រភព​ធនធាន​ពី​បរទេស​ដែល​ធំ​ជាង​គេ​តែ​មួយ​គត់​របស់​របប​យោធា​មីយ៉ាន់ម៉ា ដែល​ផ្គត់ផ្គង់​ប្រាក់​ដល់​របប​នេះ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា បាន​រៀបរាប់​ថា៖ «វិធានការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ទៅ​លើ​ក្រុមហ៊ុន MOGE ធ្វើ​ឡើង​ដើម្បី​បន្ថយ​លទ្ធភាព​របប​យោធា ក្នុង​ការ​ទិញ​អាវុធ​យក​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​លើ​ពលរដ្ឋ​មីយ៉ាន់ម៉ា»។

លោក Mike Haack អ្នក​សម្រប​សម្រួល​ផ្នែក​តស៊ូ​មតិ​នៅ​វិទ្យាស្ថាន​គោល​នយោបាយ​មីយ៉ាន់ម៉ា មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រាប់​វីអូអេ​ថា ទណ្ឌកម្ម​ថ្មីៗ​ទាំងនេះ​ហាក់​ដូចជា​ធ្វើ​ឡើង​ក្នុង​កម្រិត​មួយ​ដែល​ធ្វើ​ឲ្យ​របប​យោធា​ទទួល​រង​ការ​ឈឺចាប់​ខ្លាំង ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ថៃ​ជិត​ខាង​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ផលិតផល​សំយោគ​ពី​ប្រេង​មាន​ប្រភព​ពី​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​បំពេញ​តម្រូវការ​ផ្នែក​ថាមពល​របស់​ថៃ។

លោក ​Haack ថ្លែង​តាម​ប្រព័ន្ធ Zoom ថា៖ «គោល​គំនិត​នៅ​ពី​ក្រោយ​ទណ្ឌកម្ម​នេះ គឺ​ដើម្បី​ផ្ដាច់​របប​យោធា​មីយ៉ាន់ម៉ា​កុំ​ឲ្យ​ទទួល​បាន​ប្រាក់​ដុល្លារ ដែល​ជា​រូបិយប័ណ្ណ​ងាយស្រួល​ទិញ​អាវុធ ជាង​រូបិយប័ណ្ណ​ផ្សេង​ទៀត។ ដូច្នេះ ទណ្ឌកម្ម​នេះ​នឹង​រារាំង​ពួក​គេ​មិន​ឲ្យ​ទទួល​បាន​ប្រាក់​រាប់​លាន​ដុល្លារ»។

យ៉ាង​ណា​ក៏​ដោយ លោក​បន្ត​ថា ទណ្ឌកម្ម​ទាំង​នេះ​នឹង​នៅ​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន MOGE លក់​ផលិតផល​របស់​ខ្លួន​ក្នុង​រូបិយប័ណ្ណ​ផ្សេង​ទៀត ដូចជា ប្រាក់​បាតថៃ ដែល​ដំណើរការ​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការពិបាក​បន្ថែម​ទៀត​សម្រាប់​របប​យោធា​ ប៉ុន្តែ​វា​អាច​បញ្ចៀស​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ថៃ។

លោក​ ​Haackនិយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ធ្វើ​ដូច្នេះ​ដោយ​មាន​ការ​ពិចារណា​ល្អិត​ល្អន់​ទៅ​លើ​សន្តិសុខ​ថាមពល​របស់​ថៃ។ ខ្ញុំ​គិត​ថា វា​ចាំបាច់​ណាស់​ដែល​ត្រូវ​មាន​ការ​សម្រេច​ចិត្ត​បែប​នេះ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ថៃ​ទទួល​រង​នូវ​ទណ្ឌកម្ម​កម្រិត​ទី​ពីរ​នេះ»។

វិធានការ​រួម​ដៃ​គ្នា​របស់​ដៃគូ​លោក​ខាង​លិច

ទន្ទឹង​នឹង​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ក្រុមហ៊ុន MOGE ចក្រភព​អង់គ្លេស និង កាណាដា កាល​ពី​សប្ដាហ៍​មុន ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​បុគ្គល និង ស្ថាប័ន​មួយ​ចំនួន​ដែល​គាំទ្រ​របប​យោធា។

លោក ​Brian E. Nelson រដ្ឋលេខាធិការក្រសួង​ហិរញ្ញវត្ថុ​ទទួល​បន្ទុក​ផ្នែក​ទេសចរណ៍​និង​ការ​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ហិរញ្ញវត្ថុ​ថា៖ «ទណ្ឌកម្ម​ថ្ងៃ​នេះ​ ដែល​រួម​មាន​ទាំង​វិធានការ​ពី​កាណាដា និង ចក្រភព​អង់គ្លេស បន្ត​ដាក់​សម្ពាធ​ទៅ​លើ​យោធា​មីយ៉ាន់ម៉ា និង​រារាំង​របប​នេះ​មិន​ឲ្យ​ទទួល​បាន​អាវុធ និង គ្រឿង​ផ្គត់ផ្គង់​ផ្សេង​ទៀត​ដែល​ចាំបាច់​ដើម្បី​ប្រព្រឹត្ត​អំពើ​ហិង្សា»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន បាន​ថ្លែង​ថា៖ «ថ្ងៃ​នេះ ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក និង កាណាដា ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​ក្រុម​អ្នក​ជួញ​អាវុធ​ និង​អ្នក​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​នៃ​យោធា​មីយ៉ាន់ម៉ា ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ក្រាប​លើ​ជន​ស៊ីវិល​នៅ​ប្រទេស​មីយ៉ាន់ម៉ា»។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ «ធ្វើ​ឡើង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​រួម​របស់​ចក្រភព​អង់គ្លេស ជាមួយ​ដៃគូ​អន្តរជាតិ​ដើម្បី​រឹតត្បិត​ការ​លក់ និង​ការ​បញ្ជូន​អាវុធ និង ហិរញ្ញវត្ថុ ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​តាម​អាកាស​កាន់​តែ​អាក្រក់​ជាង​មុន ដែល​ការ​វាយប្រហារ​ទាំង​នោះ​ធ្វើ​ឡើង​ទៅ​លើ​ជន​ស៊ីវិល​មីយ៉ាន់ម៉ា​ផង​ដែរ»។

ដោយឡែក សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កាណាដា បាន​គូស​បញ្ជាក់​ថា ​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ចំនួន ៣៩ រូប និង ស្ថាប័ន​ចំនួន ២២ ដែល​មាន​ទំនាក់ទំនង​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដាក់​សម្ពាធ​ដែល​មាន​លក្ខណៈ​រួម​ដៃ​គ្នា ជា​លំដាប់ និង មាន​គោលដៅ​ច្បាស់​លាស់​ទៅ​លើ​របប​យោធា​មីយ៉ាន់ម៉ា ខណៈ​ដែល​ទណ្ឌកម្ម​នេះ​ក៏​បាន​ពិចារណា​ទៅ​លើ​ការ​បញ្ចៀស​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ជន​ស៊ីវិល​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​កក្កដា ជនស៊ីវិល​យ៉ាង​ហោច​ណាស់ ៣.៨៥៧ នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​យោធា ដែល​ជា​លទ្ធផល​នៃ​ការ​តស៊ូ​ផ្នែក​នយោបាយ និង​មាន​មនុស្ស​ជិត ១,៦ លាន​នាក់​បាន​រត់​គេច​ចេញ​ពី​ផ្ទះ​ដោយសារ​តែ​អំពើ​ហិង្សា។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា។

ប្រតិកម្ម​ចម្រុះ​ពី​ក្រុម​តស៊ូ​មតិ

ទោះបី​ជា​ទណ្ឌកម្ម​ថ្មី​ចុងក្រោយ​នេះ​ ត្រូវ​បាន​ស្វាគមន៍​ជា​រួម​ក៏ដោយ ក្រុម​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​មួយ​ចំនួន​យល់​ថា ទណ្ឌកម្ម​ទាំង​នេះ​គួរ​តែ​មាន​កម្រិត​ខ្លាំង​ជាង​នេះ​ទៀត។

លោក Mark Farmaner នាយក​ក្រុម​តស៊ូ​មតិ​មួយ​ឈ្មោះ យុទ្ធនាការ​ភូមា​នៅ​ចក្រភព​អង់គ្លេស បាន​ថ្លែង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​មួយ​ផ្ញើមក​កាន់​វីអូអេ ដោយ​លោក​និយាយ​ថា៖ «ទោះ​ជា​យើង​ស្វាគមន៍​ទណ្ឌកម្ម​ថ្មីៗ​ទាំង​នេះ​ក៏ដោយ​ ក៏​ទណ្ឌកម្ម​ដែល​ផ្ដោត​ទៅ​លើ​គោលដៅ​មួយ​ក្ដាប់​តូច​ ហើយ​ធ្វើ​ឡើង​ ៧ ខែ​បន្ទាប់​ពី​ទណ្ឌកម្ម​លើក​មុន គឺ​ស្ដួចស្ដើង​ពេក និង យឺតយ៉ាវ​ទៀត​ផង»។

លោក​បន្ថែម​ថា៖ «វា​ជា​រឿង​គួរ​ឲ្យ​ខក​ចិត្ត​ខ្លាំង​ណាស់ ដែល​ចក្រភព​អង់គ្លេស​សម្រេច​ចិត្ត​មិន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ប្រេង MOGE ឬ ​ទៅ​លើ​ធនាគារ​នានា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ»។

ក្រុម​តស៊ូ​មតិ យុទ្ធនាការ​ភូមា​នៅ​ចក្រភព​អង់គ្លេស បាន​ធ្វើ​ការ​តស៊ូ​មតិ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ដើម្បី​ឲ្យ​មាន​ទណ្ឌកម្ម​ទៅ​លើ​អ្នកគាំទ្រ​របប​យោធា​មីយ៉ាន់ម៉ា តាំង​ពី​អតីតកាល ក៏ដូចជា​នៅ​ក្នុង​ពេល​បច្ចុប្បន្ន។ កាលពី​ពេល​ថ្មីៗ​នេះ ពួក​គេ​បាន​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​បញ្ជី​មួយ​ឈ្មោះ​ថា «បញ្ជី​ពហិការ» ដែល​រាយ​ឈ្មោះ​មុខ​ទំនិញ​ និង ក្រុមហ៊ុន​នានា​ដែល​ផ្ដល់​ការ​គាំទ្រ​ផ្នែក​សម្ភារៈ​ទៅ​ដល់​របប​យោធា។

ក្រុម​តស៊ូ​មតិ​មួយ​ទៀត​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គឺ​យុទ្ធនាការ​ដើម្បី​មីយ៉ាន់ម៉ា​ថ្មី បាន​ចោទ​សួរ​ទៅ​លើ​ការ​សម្រេច​ចិត្តរបស់​សហរដ្ឋ​អាមេរិក ដែល​មិន​ដាក់​ទណ្ឌកម្ម​កម្រិត​ទីពីរ ដើម្បី​រឹតត្បិត​សមត្ថភាព​របស់​ក្រុមហ៊ុន MOGE ក្នុង​ការ​ធ្វើ​ជំនួញ​ដោយ​ប្រើ​រូបិយប័ណ្ណ​ផ្សេង​ទៀត។ ក្រុម​នេះ​បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​បិទ​រំហូរ​សាច់​ប្រាក់​ដែល​ផ្ទេរ​ទៅ​កាន់​ក្រុមហ៊ុន​ MOGE ចាប់​តាំង​ពី​ពួក​យោធា បាន​កាន់កាប់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រី អង់សាន ស៊ូជី កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២១។

លោក Simon Billenness នាយក​ក្រុម​តស៊ូ​មតិ​នេះ​បាន​ថ្លែង​ប្រាប់​វីអូអេ តាម​អ៊ីមែល​ថា៖ «វា​ជា​វិធានការ​របស់​រដ្ឋបាល​អាមេរិក ដែល​នឹង​ជួយ​បង្អាក់​រំហូរ​សាច់​ប្រាក់​បាន​ពី​ជំនួញ​ប្រេង និង ឧស្ម័ន​ទៅ​កាន់​របប​យោធា។ ប៉ុន្តែ ទណ្ឌកម្មទាំង​នេះ​មិន​បាន​ដាក់​ទៅ​លើ​ក្រុមហ៊ុន MOGE ក្នុង​កម្រិត​មួយ​ដូច​ដែល​ត្រូវ​បាន​រំពឹង​ទុក​នោះ​ទេ»។

ប៉ុន្តែ លោក​ Haack និយាយ​ថា ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​របស់​លោក និង​ក្រុម​ផ្សេង​ទៀត ជឿជាក់​ថា វិធានការ​ដែល​មាន​កម្រិត​នេះ​នឹង ​«មាន​ឥទ្ធិពល​ធំ​ទៅ​លើ​របប​យោធា» នៅ​ទីក្រុង​ណៃពីដោ ដោយ​មិន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​ហួសហេតុ​ទៅ​លើ​ប្រជាជន​ទូទៅ»។

លោក​ថ្លែង​ថា៖ «យើង​មិន​ចង់​បាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ឈឺ​ចាប់​នោះ​ទេ យើង​ចង់​បាន​វិធានការ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​សមត្ថភាព​របប​យោធា​ក្នុង​ការ​បង្ក​សង្គ្រាម។ ដូច្នេះ នេះ​ជា​វិធានការ​ដែល​យើង​គាំទ្រ។ នេះ​ជា​វិធានការ​ដែល​អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​បាន​អំពាវនាវ​រក»។

ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​ដំណាល​គ្នា​ដែល​ប្រកាស​ដោយ​ប្រទេស​ទាំង​បី ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក Tom Andrew ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ តាមរយៈ​របាយការណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ទណ្ឌកម្ម​ដែល​មាន​ការ​សម្រប​សម្រួល​ដើម្បី​ទប់ស្កាត់​ក្រុម​ឈ្មួញ​អាវុធ​កុំ​ឲ្យ​គេច​ពី​ការ​រឹតត្បិតទាំងនោះ​បាន​»។

លោក Andrew ថ្លែងថា៖ «ការ​សម្រប​សម្រួល​ឲ្យ​មាន​សេចក្ដី​ប្រកាស​ទាំង​នេះ​ គឺជា​សញ្ញា​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ដែល​គាំទ្រ​សិទ្ធិ​មនុស្ស និង ប្រជាជន​មីយ៉ាន់ម៉ា ដែល​ត្រៀម​បញ្ចូលវិធានការ​របស់​ពួកគេ​ឲ្យ​ទៅ​ជា​វិធានការ​រួម​មួយ​ មាន​លក្ខណៈ​ស្របគ្នា និង មាន​ឥទ្ធិពល​ខ្លាំង»។

លោក​បន្ត​ថា៖ «សកម្មភាព​ទាំង​នេះ គឺជា​សញ្ញា​ប្រាប់​ទៅ​ប្រជាជន​មីយ៉ាន់ម៉ា​ថា ពួកគេ​មិន​ត្រូវ​បាន​បំភ្លេច​ចោល​នោះ​ទេ ប៉ុន្តែ នៅ​មាន​រឿង​ជាច្រើន​ទៀត​ដែល​សហគមន៍​អន្តរជាតិ​អាច និង ត្រូវ​តែ​ធ្វើ»៕

XS
SM
MD
LG