ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​រិះគន់​គ្នា​ទៅវិញ​ទៅមក នៅ​ក្នុង​ជំនួប​ដ៏​ខឹង​សម្បារ​នៅ​ទីក្រុង​ប៉េកាំង


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo (រូប​ឆ្វេង)​ ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi នៅ​មុន​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​វិមាន Diaoyutai State Guesthouse ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo (រូប​ឆ្វេង)​ ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi នៅ​មុន​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​វិមាន Diaoyutai State Guesthouse ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។

លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់​សមភាគី​ចិន​របស់​លោក​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​ផ្តោត​ទៅ​លើ​ទំនាក់ទំនង​កាន់​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង ប៉េកាំង ​ថា សហរដ្ឋអាមេរិក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សកម្មភាព​របស់​ចិន។

លោកPompeoបាន​ថ្លែង​ប្រាប់​លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​ទីក្រុង ប៉េកាំង​ថា «យើង​មាន​ការ​មិន​ឯកភាព​គ្នា​ជា​មូលដ្ឋាន​មួយ»។ ភាគី​ទាំង​ពីរ​ជួប​និយាយ​គ្នា​និង​ប្រើប្រាស់​ភាសា​ធ្ងន់ៗ​ដែល​កម្រ​ប្រើ​ពី​មុន​មក​ក្នុង​កិច្ចប្រជុំ​ការទូត​របៀប​នេះ។ ​

លោក Wang បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​បង្កើន​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន ហើយ​ថា រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន​ កំពុង​តែ​ទាក់ទង​ជាមួយ​នឹង​កោះ​តៃវ៉ាន់ ក្នុង​របៀប​មួយ​ដែល «ប៉ះពាល់​ដល់​ផលប្រយោជន៍​សំខាន់​របស់​ចិន»។ រដ្ឋាភិបាល​ក្រុង ប៉េកាំង ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ដែនដី​របស់​ខ្លួន។

ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោកMike Pence អនុប្រធានាធិបតី​អាមេរិក បាន​ថ្លែង​សុន្ទរកថា​មួយ​ ចោទប្រកាន់​ប្រទេស​ចិន​ថា​គឃ្លើន​ខាង​យោធា ជា​ចោរ​បន្លំ​ខាង​ពាណិជ្ជកម្ម​ បំពាន​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំង និង​ជ្រៀតជ្រែក​ទៅ​ក្នុង​ការ​បោះឆ្នោត​ប្រឆាំង​នឹង​លោក ត្រាំ។

ខ្លឹមសារ​ដកស្រង់​មួយ​របស់​អាមេរិក​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ក្រោយ​ជំនួប​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ឲ្យ​ដឹង​ថា លោក Pompeo «បាន​លើក​ឡើង​ពី​ចំណុច​នានា​ដែល​សហរដ្ឋអាមេរិក​និង​ចិន​មិន​ឯកភាព​គ្នា ដោយ​រួម​ទាំង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​និង​សិទ្ធិមនុស្ស​ផង​ដែរ។ លោក​ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការ​រក្សា​សន្តិសុខ​និង​ស្ថិរភាព​ផង​ដែរ៕

XS
SM
MD
LG