ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបការី​អាមេរិក​អំពាវនាវ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​សកម្មជន​ដែល​ត្រូវ​​ចាប់​ខ្លួន​នៅ​កម្ពុជា


រូបឯកសារ៖ លោក Robert Destro ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​ទទួល​បន្ទុក​លទ្ធិ​ប្រជា​ធិបតេយ្យ​សិទ្ធិ​មនុស្ស​ និង​ការងារ ចូលរួមសវនាការស្តីអំពីសិទ្ធិមនុស្សនៅអាស៊ីខាងត្បូង នៅវិមានរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Robert Destro ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​ទទួល​បន្ទុក​លទ្ធិ​ប្រជា​ធិបតេយ្យ​សិទ្ធិ​មនុស្ស​ និង​ការងារ ចូលរួមសវនាការស្តីអំពីសិទ្ធិមនុស្សនៅអាស៊ីខាងត្បូង នៅវិមានរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩។

មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​សកម្មជន​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​ជា​លើក​ដំបូង​នៃ​ការ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​មិន​ទាន់​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្លូវ​ការ​ណាមួយ​ ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ។​

ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ទទួល​បន្ទុក​លទ្ធិ​ប្រជា​ធិបតេយ្យ​សិទ្ធិ​មនុស្ស​និង​ការងារ ​គឺ​លោក​ Robert A. Destro ​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ ​Twitter​ របស់​លោក​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សិទ្ធិ​សេរី​ភាព​នៃ​ការ​ចង​ក្រង​គ្នា​ជា​ក្រុម​ ជា​សមាគម​ត្រូវ​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។​ សហ​រដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​ដែល​អនុវត្ត​សេរីភាព​ទាំង​នេះ ហើយ​យើង​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ពួកគេ​ជា​បន្ទាន់​ និង​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​បញ្ចេញ​មតិ​បាន»។​

បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​សហ​ជីព​ លោក ​រ៉ុង ឈុន​ ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ទាក់ទង​បញ្ហា​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ កាល​ពី​ចុង​ខែ​កក្កដា​ យ៉ាង​ហោច​ណាស់​សកម្ម​ជន​ជាង​ ២០ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដែល​ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​អង្គការ​ជាតិ​ អន្តរ​ជាតិ និង​សហគមន៍​អន្តរជាតិ​មួយ​ចំនួន។​

បើ​ទោះ​បី​ជា​ស្ថានទូត​អាមេរិក​មិន​ទាន់​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្លូវការ​ណា​មួយ​ ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​សកម្ម​ជន​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ក៏ដោយ ក៏​លោក ​Arend Zwartjes​ អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ សហ​រដ្ឋ​អាមេរិក​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ការ​បន្ត​ឃុំ​ខ្លួន​លោក ​រ៉ុង ឈុន​ មេ​ដឹកនាំ​សហជីព។​

លោក​បន្ត​ថា៖​ «យើង​បាន​លើក​ឡើង​នូវ​ក្តី​កង្វល់​ជា​ទៀង​ទាត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​បោះ​ជំហាន​ដែល​ប្រកប​ដោយ​អត្ថន័យ​ ដើម្បី​បើក​ឡើង​វិញ​នូវ​លំហ​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ»។​

ទោះ​ជា​យ៉ាង​ណា​ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​រូប​នោះ​ពុំ​បាន​បញ្ជាក់លម្អិត​អំពី​វិធាន​ការ​នានា ​ក្នុង​ការ​ចរចា​ឲ្យមាន​ការ​បើក​ឡើង​វិញ​នូវ​លំហ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ។​

សហ​រដ្ឋ​អាមេរិក​ក្លាយ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​ជាង​គេ​មួយ​នៅ​កម្ពុជា។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ ការ​អនុ​គ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ទូទៅ​ ឬ​ Generalized System of Preferences​ (GSP) ​ដែល​ជា​ការ​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​អាមេរិក​ ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ជាង ​៥ ​ពាន់​មុខ​នោះ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង ​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ក្រោម​កម្មវិធី​ GSP ​នេះ​ កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ ដែល​មាន​តម្លៃ​ជិត ​១ ​ពាន់​លាន​ដុល្លារ​ ទៅ​កាន់​សហ​រដ្ឋ​អាមេរិក ​ក្នុង​ឆ្នាំ​ ២០១៩។​

សហភាព​អឺរ៉ុប​ទើប​នឹង​បាន​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម ​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ​ឬ Everything But Arms​ (EBA)»​ ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន​ ២០ ​ភាគរយ ​លើ​ទំនិញ​កម្ពុជា​ជា​ការ​ឆ្លើយ​តប​នឹង​ការ ​«រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ» ​លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ បារម្ភ​អំពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP​ នេះ​នៅ​ពេល​ខាង​មុខ។​

លោក​មាន​ប្រសាសន៍​ថា៖​ «សហ​រដ្ឋ​អាមេរិក​ក៏​គាត់​មាន​ GSP​ ដែរ​សម្រាប់​កម្ពុជា​យើង​ហ្នឹង។​ អ៊ីចឹង​បើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​វា​កាន់​តែ​ធ្លាក់​ចុះ​ អាហ្នឹង​យើង​បារម្ភ​ខ្លាច​មាន​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​អនាគត​ខ្លី​ ឬ​រយៈ​ពេល​វែង​ខាង​មុខ​ដែរ»។​

លោក ​អំ សំអាត​ យល់​ថា​ សហ​រដ្ឋ​អាមេរិក​នៅ​តែ​ប្រកាន់​គោល​ជំហរ​ទាញ​កម្ពុជា​ឲ្យ​ដើរ​តាម​គន្លង​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​នៅ​ឡើយ។​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​នៅ​តែ​គិត​ថា​ សហរដ្ឋ​អាមេរិក​គេ​នៅ​តែ​តាម​ឃ្លាំ​មើល​ជា​និច្ច​ បើ​ទោះ​បី​ជា​គេ​មិន​ទាន់​ចេញ​អ្វី​ជា​ផ្ញើ​សារ ​ឬ​ចេញ​ជា​ប្រតិកម្ម​អី​ធំដុំ​នៅ​ឡើយ។ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា បើ​សិន​ជា​កម្ពុជា​យើង​មិន​មាន​ការ​កែ​ប្រែ​ ឬ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ទៀត​ទេ ​ខ្ញុំ​ជឿ​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​អាច​មាន​ប្រតិកម្ម​នៅ​ថ្ងៃ​ខាង​ក្រោយ»។​

រូបឯកសារ៖ អ្នក​គាំទ្រ​ជាង​២០​នាក់ ​បាន​សុំឲ្យ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ធ្វើអន្តរាគមន៍​ឲ្យមាន​ការ​ដោះ​លែងលោក ​រ៉ុង ឈុន ​មេដឹក​នាំ​សហជីព​ និង​សកម្មជន​ផ្សេង​ទៀត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នក​គាំទ្រ​ជាង​២០​នាក់ ​បាន​សុំឲ្យ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ធ្វើអន្តរាគមន៍​ឲ្យមាន​ការ​ដោះ​លែងលោក ​រ៉ុង ឈុន ​មេដឹក​នាំ​សហជីព​ និង​សកម្មជន​ផ្សេង​ទៀត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​លោក​ខាងលិច​បាន​ដាក់​សម្ពាធ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ងាក​ទៅ​កាន់​ប្រទេស​ចិន។​

លោក​ មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ (ហៅ​កាត់​ថា​សង់​ត្រាល់)​ និយាយ​ថា ​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​លោក​ខាង​លិច​យល់​អំពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ហើយ​ពួកគេ​ក៏​ឃើញ​ផង​ដែរ ​អំពី​ឥទ្ធិពល​របស់​ចិន​មក​លើ​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​ «ពេល​ខ្លះ​គេ​ប្រើ​សារ​ខ្លាំងពេល​ខ្លះ​គេ​ប្រើ​ភាសា​ទន់​ ឬ​ភាសា​ការ​ទូត​ឲ្យ​បាន​ច្រើន​អី​អ៊ីចឹង»។​

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​បាន​បង្ហាញ​ពី​ការ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់។​ អ្នក​នាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោកស្រី​Ravina Shamdasani ​និយាយ​ថា៖​

«ស្ថាន​ភាព​នា​ពេល​បច្ចុប្បន្ន​នេះ​បង្ហាញ​ពី​ការ​មិន​អត់​ឱន​របស់​រដ្ឋាភិបាល​ ចំពោះ​អ្នក​ប្រឆាំង​និង​ការ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ជួបជុំ​ដោយ​សន្តិវិធី​ និង​សមាគម។​ វា​ផ្តោត​សំខាន់​ទៅ​លើ​អង្គការ​សិទ្ធិ​មនុស្ស​ អ្នក​ការពារ​បរិស្ថាន ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស»។​

លោក​ស្រី​បន្ត​ថា៖ ​«មនុស្ស​ជា​ច្រើន​ក៏​បាន​រាយ​ការណ៍​អំពី​ការ​ទទួល​ការ​គំរាម​កំហែង​តាម​ទូរស័ព្ទ ​ដែល​រួម​ទាំង​ការ​គំរាម​សម្លាប់​ផង​ដែរ ​ប្រសិន​បើ​ពួក​គេ​មិន​បញ្ឈប់​សកម្ម​ភាព​សិទ្ធិ​មនុស្ស​របស់​ពួកគេ។​ពួក​គេ​បាន​រាយ​ការណ៍​ថា ​ពួក​គេ​កំពុង​ត្រូវ​បាន​គេ​តាម​ដាន​ ហើយ​បច្ចុប្បន្ន​នេះ​ មនុស្ស​ជា​ច្រើន​កំពុង​លាក់​ខ្លួន​ដោយ​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន»។​

ទាក់ទង​នឹង​ការ​រិះគន់​លើ​ការ​ចាប់​ខ្លួន​សកម្មជន​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​គោរព​និង​ផ្តល់​តម្លៃ​ចំពោះ​សេរីភាព​បញ្ចេញ​មតិ​ បង្កើត​សមាគម ​និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ ប៉ុន្តែ​បញ្ជាក់​ថា ​វា​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់។

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​មុន​តំណាង​រាស្ត្រ​សហ​រដ្ឋ​អាមេរិក​ពីរ​រូប​ គឺ​លោក ​អាឡាំង ឡូវឹនសល ​(Alan Lowenthal) ​ និង​លោក ​ស្ទីវ ឆាបុត​ (Steve Chabot) ​បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ដែល​ទាម​ទារ​ឲ្យ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​(Donald Trump)​ ថ្លឹងថ្លែង​រវាង​ការ​ខូច​ខាត​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការណ៍​ដែល​កម្ពុជា​បន្ត​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP ​នៅ​ចំ​ពេល​មាន​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស៕​

XS
SM
MD
LG