នៅក្នុងលិខិតដាច់ដោយឡែកពីគ្នាចំនួន៣ច្បាប់ ផ្ញើជូនមន្ត្រីស្ថាប័នអាមេរិកកំពូលចំនួនបីរូប សកម្មជនក្រៅប្រទេសដែលមានឈ្មោះថា «ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ» ស្នើសុំឲ្យមានតួនាទីសម្របសម្រួលពីសហរដ្ឋអាមរិក ដើម្បីដោះលែងសកម្មជនយ៉ាងតិច៧នាក់ ដែលត្រូវបានចាប់ខ្លួនថ្មីៗទាក់ទងនឹងបទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម។
ចាប់ពីដើមខែកញ្ញាមកត្រឹមថ្ងៃពុធ មានមនុស្សយ៉ាងតិច ៧នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ហើយអ្នកខ្លះត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ដោយសារការចូលរួមតវ៉ាទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុន មេដឹកនាំសហជីពដែលត្រូវបានចាប់ខ្លួនកាលពីចុងខែកក្កដា ដោយសារការអត្ថាធិប្បាយរិះគន់បញ្ហាព្រំដែន។
មនុស្សមួយចំនួនទៀត ដែលរួមមានព្រះតេជគុណ កើត សារ៉ាយ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ហៅសូ មេត្តា និងលោក មាន ព្រហ្មមុនី ត្រូវបានឃាត់ខ្លួនចំពោះការព្យាយាមរៀបចំបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា។ ដោយឡែក កាលពីសប្តាហ៍មុន ក្រុមយុវជន៣នាក់នៃចលនាមាតាធម្មជាតិ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។
លោក ទូច វិបុល ប្រធានប្រតិបត្តិ នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានចុះហត្ថលេខានៅក្នុងសារលិខិតទាំងបី ទៅកាន់លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងលោក Linsey Graham សមាជិកព្រឹទ្ធសភា ហើយនឹងលោក Alan Lowenthal សមាជិកសភា បានបញ្ជាក់ថា ការចាប់ខ្លួនទាំងនេះមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញដែលចែងពីសិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិ ហើយនឹងសេចក្តីថ្លែងការណ៍អំពីសិទ្ធិមនុស្សជាសកលនោះទេ។ លោកបានស្នើដល់ឥស្សរជនទាំងបីដាច់ដោយឡែកពីគ្នានៅក្នុងលិខិតដូចគ្នាដោយដូរតែឈ្មោះនោះថាទឹកចិត្តពលរដ្ឋកម្ពុជាមើលឃើញសហរដ្ឋអាមេរិក គឺជាអ្នកជួយរំដោះឲ្យកម្ពុជាមានសេរីភាព និងថា សហរដ្ឋអាមរិកមានតួនាទីដ៏សំខាន់បំផុតក្នុងការជួយកម្ពុជា។
«យើងស្នើសុំដល់សហរដ្ឋអាមេរិកឲ្យធ្វើជាអាជ្ញាកណ្តាលដើម្បីឲ្យរាជរដ្ឋាភិបាកម្ពុជាដោះលែងសកម្មជនទាំងអស់ដោយឥតលក្ខខណ្ឌ រួមមានព្រះតេជគុណ កើត សារ៉ាយ លោក មាន ព្រហ្មមុនី លោកថា ឡាវី កញ្ញា អេង ម៉ាឡៃ ហៅសូ មេត្តា លោក រ៉ុង ឈុន អ្នកស្រី ជឿន ដារ៉ាវី លោក ហ៊ុន វណ្ណ: កញ្ញា ស កន្និកា លោក សួង សោភណ្ឌ លោក ធុន រដ្ឋា កញ្ញា ភន កែវរស្មី កញ្ញា ឡុង គន្ធា និងសកម្មជនដទៃទៀត»។
នៅក្នុងសារលិខិតដែលរៀបរាប់លម្អិតពីសកម្មភាពចាប់ខ្លួនសកម្មជនក្នុងប្រទេសកម្ពុជាចុងក្រោយដដែលនោះ លោក ទូច វិបុល បានបន្ថែមការស្នើសុំឲ្យសហរដ្ឋអាមេរិកនាំមុខគេដើម្បីផ្តួចផ្តើមការបង្កើតក្រុមទំនាក់ទំនងកម្ពុជា ដែលមានសមាជិកភា គីហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលរួមមាន សហរដ្ឋអាមរិក ជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី បារាំង អង់គ្លេស ហើយនឹងដៃគូដ៏មានសក្តានុពល គឺអាល្លឺម៉ង់ និងស៊ុយអែត ដើម្បីជួយការពារសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពការបញ្ចេញទស្សន: សេរីភាពនៃការផ្សព្វផ្សាយ ហើយនឹងជំរុញដល់ការកែទម្រង់លទ្ធិប្រជាធិបតេយ្យ។ លោកបានបញ្ជាក់ប្រាប់ VOA បន្ថែមថា៖
«ក្តីសង្ឃឹមរបស់យើង គឺយើងចង់ឃើញសហរដ្ឋអាមេរិកឲ្យមានទំនាក់ទំនងឲ្យកាន់តែច្រើនជាងមុនក្នុងការជម្រុញឲ្យកម្ពុជាគោរពដើរតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកកម្ពស់សេរីភាពនៃការបញ្ចេញមតិនិងធ្វើយ៉ាងណាធ្វើឲ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
គេពុំទាន់ឃើញមានការឆ្លើយតបពីក្រុមឥស្សរជនអាមេរិកនៅឡើយទេចំពោះរឿងរ៉ាវចាប់សកម្មជនចុងក្រោយនេះ។
កាលពីថ្ងៃអង្គារ លោកស្រី រីរ៉ូណា ស្មីត ដែលបំពេញការងារជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាជាង៥ឆ្នាំមកហើយ នោះ បានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងការបន្តចាប់ខ្លួនសកម្មជនការពារបរិស្ថាន និងបុគ្គលមួយចំនួនទៀតនាពេលថ្មីៗនេះ។ លោកស្រីលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសថា លោកស្រីមានកង្វល់ចំពោះរបាយការណ៍ថ្មីៗនេះ អំពីការចាប់ខ្លួនសកម្មជនបរិស្ថាន៣នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កើតភាពវឹកវរនៅក្នុងសង្គម និងបុគ្គលមួយចំនួនទៀត រាប់ទាំងព្រះសង្ឃមួយអង្គ។
លោកស្រីបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ធានាថាសិទ្ធិទាំងនេះត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយដែលបុគ្គលម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះ»។
តែរាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា លោកស្រីមិនបានគោរពតាមសៀវភៅណែនាំស្តីពីប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលចែងពីគោលការណ៍ទូទៅសម្រាប់ការអនុវត្តតួនាទី សារៈសំខាន់នៃការប្រមូលព័ត៌មានដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយគ្រប់ប្រភព និងនីតិវិធីសម្រាប់ការទាក់ទងជាមួយរដ្ឋាភិបាល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា រដ្ឋាភិបាលបានការពារថា កម្ពុជាគោរព និងផ្តល់តម្លៃចំពោះសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី ប៉ុន្តែបញ្ជាក់ថា វាត្រូវអនុវត្តទៅតាមច្បាប់។ រដ្ឋាភិបាលបានលើកមាត្រា៣១នៃរដ្ឋធម្មនុញ្ញកម្ពុជាដែលថា ការប្រើប្រាស់សិទ្ធិ និងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់អ្នកដទៃឡើយ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ការអនុវត្តសិទ្ធិនិងសេរីភាព គឺត្រូវអនុលោមទៅតាមច្បាប់»។
សេចក្តីថ្លែងការណ៍រដ្ឋាភិបាលបន្តថា៖ «ជាការកត់សម្គាល់ អ្នករាយការណ៍ពិសេសពុំដែលបានសង្កត់ធ្ងន់ឲ្យបានគ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធីត្រូវភ្ជាប់មកជាមួយនូវករណីកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់ ដូចបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ»។
រដ្ឋាភិបាលបញ្ជាក់បន្ថែមថា៖ «ការខកខានមិនបានបញ្ជាក់ឲ្យច្បាស់ដោយចេតនា មិនត្រឹមតែបង្កឲ្យសាធារណជនមានការភ័ន្តច្រឡំប៉ុណ្ណោះទេ គឺថែមទាំងផ្តល់កម្លាំងចិត្តឲ្យក្រុមខ្លះ ដែលបានត្រៀមខ្លួនជាស្រេចក្នុងការកេងចំណេញពីស្ថានភាពបែបនេះសម្រាប់របៀបវារៈលាក់បាំងរបស់ពួកគេ»។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ VOAថា ក្រុមសិទ្ធិមនុស្ស មើលមិនឃើញពីចំណុចវិជ្ជមានរបស់កម្ពុជាក្នុងកិច្ចការពារសន្តិសុខប្រទេសទេ។
«មិនដឹងថា ធ្វើម៉េចត្រូវទេ។ទស្សនៈរបស់គាត់ គាត់ត្រូវតែចោទហ្នឹងប៉ុន្តែរឿងរដ្ឋាភិបាល រឿងពួកខ្ញុំនេះ ធ្វើដើម្បីសន្តិសុខ សុវត្ថិភាពសង្គមតែប៉ុណ្ណឹងបាទ»។
ឆ្លើយតបទៅនឹងការសម្តែងក្តីកង្វល់របស់លោកស្រី រ៉ូណា ស្មីតវិញ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថាអ្នកជំនាញសិទ្ធិមនុស្សអ.ស.ប. គ្រាន់តែមានប្រតិកម្មទៅនឹងសេចក្តីរាយការណ៍ផ្សេងៗ ដែលលោកស្រីទទួលបាន។លោកបន្ថែមថា អ្នកជំនាញរូបនេះ ក៏មិនបានបង្ហាញការថ្នាំងថ្នាក់ចិត្តពាក់ព័ន្ធនឹងការអនុវត្តច្បាប់កម្ពុជាផងដែរ។
«គាត់លើកទឹកចិត្តឲ្យសមត្ថកិច្ច អនុវត្តច្បាប់ចំពោះអ្នកដែលបំពានច្បាប់ទៅតាមនីតិវិធីតុលាការដែលមានជាធរមាន អ៊ីចឹងនេះជាអ្វីដែលសមត្ថកិច្ចកំពុងអនុវត្តហើយ ដែលគេតែងតែធ្វើនៅក្នុងគ្រប់បណ្តាសង្គមប្រជាធិបតេយ្យនីតិរដ្ឋ បានន័យថា អនុវត្តច្បាប់ចំពោះអ្នកដែលបំពានច្បាប់»។
លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី លើកឡើងថា ការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់នេះ បញ្ជាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនមានការយោគយល់ ចំពោះរាល់គ្រប់ទម្រង់នៃការរិះគន់។
លោកសរសេរតាមសារអ៊ីម៉ែលក្នុងន័យដើមថា៖
«ការចាប់ខ្លួនទាំងនេះ បង្ហាញនូវការមិនអត់ឱនទាល់តែសោះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់ចំពោះការរិះគន់គ្រប់បែបយ៉ាង»។
ទោះជាយ៉ាងណាក្តី នៅក្នុងពិធីរំឭកខួបអនុស្សាវរីយ៍គម្រប់៣០ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តកណ្តាលកាលពីថ្ងៃពុធ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ បានថ្លែងពីការប្តេជ្ញារបស់កងទ័ពក្នុងការការពារសុខសន្តិភាព។ តែបានស្តីបន្ទោសដល់ក្រុមជំទាស់ខ្លះ និងសកម្មភាពសង្គមស៊ីវិលខ្លះក្នុងប្រទេស ដែលលោកថា កំពុងព្យាយាមធ្វើហួសកម្រិតព្រំដែននៃប្រជាធិបតេយ្យ ហើយក្លាយជារឿងអាណាធិបតយ្យ និងបំផ្លាញប្រជាធិបតេយ្យ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា៖
«ពាក្យថាប្រជាធិបតេយ្យមួយវាធំទូលំទូលាយណាស់ ប៉ុន្តែជាគោលមួយនៅគ្រប់ប្រទេសទាំងអស់ វាត្រូវផ្អែកទៅលើច្បាប់ ផ្អែកទៅលើនីតិរដ្ឋ។ បើប្រជាធិបតេយ្យគ្មានច្បាប់ បានន័យថា វាអាណាធិបតេយ្យ»។
ប្រទេសកម្ពុជា កំពុងរងការរិះគន់ពីប្រទេសលោកខាងលិចមួយចំនួនក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតកាលពីឆ្នាំ២០១៨ ហើយនឹងដកសិទ្ធិនយោបាយពីមន្ត្រីចំនួន១១៨នាក់ ដែលជាលទ្ធផលមានការព្យួរពន្ធអនុគ្រោះលើមុខទំនិញខ្លះ ក្នុងចំណោមមុខទំនិញគ្រប់ប្រភេទលើកលែងតែអាវុធទៅកាន់ទីផ្សារអឺរ៉ុប និងសមាជិកសភាសហរដ្ឋអាមេរិក បានធ្វើសេចក្តីស្នើច្បាប់ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងរឹតត្បិតមន្ត្រីមួយចំនួនដែលពាក់ព័ន្ធនឹងការដែលក្រុមសមាជិកសភាទាំងនោះចោទប្រកាន់ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាទៅតាមការស្នើសុំរបស់ក្រុមជំទាស់និងអង្គការសង្គមស៊ីវិល៕