ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​ចាប់​ផ្តើម​កម្មវិធី​ស្មុំ​កូន​វៀតណាម​ឡើង​វិញ​​បន្ទាប់​ពី​ការ​ផ្អាក​៦​ឆ្នាំ


រូប​ថត​ឯកសារ៖ Monic​ DiGioacchino (ស្តាំ)​មក​ពី​ទី​ក្រុង​ Alameda​ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក លើក​បី​កូន​ចិញ្ចឹម​របស់​នាង​មក​ពី​​វៀតណាម​ ឈ្មោះ​ Patrick​ អាយុ​៧​ខែ​ ខណៈ​ពេល​ដែល​មិត្ត​រួម​បន្ទប់​របស់​នាង​ឈ្មោះ ​Tracy​ Sumner (រូប​ខាង​ក្រោយ)​ មក​ពី​ទី​ក្រុង​ Richmond ​រដ្ឋ​ Virginia​ ក៏​កំពុង​តែ​លើក​បី​កូន​ចិញ្ចឹម​​អាយុ​៥​ខែ​ នៅ​ក្នុង​ទី​ក្រុង​ហាណូយ​ប្រទេស​វៀតណាម។
រូប​ថត​ឯកសារ៖ Monic​ DiGioacchino (ស្តាំ)​មក​ពី​ទី​ក្រុង​ Alameda​ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក លើក​បី​កូន​ចិញ្ចឹម​របស់​នាង​មក​ពី​​វៀតណាម​ ឈ្មោះ​ Patrick​ អាយុ​៧​ខែ​ ខណៈ​ពេល​ដែល​មិត្ត​រួម​បន្ទប់​របស់​នាង​ឈ្មោះ ​Tracy​ Sumner (រូប​ខាង​ក្រោយ)​ មក​ពី​ទី​ក្រុង​ Richmond ​រដ្ឋ​ Virginia​ ក៏​កំពុង​តែ​លើក​បី​កូន​ចិញ្ចឹម​​អាយុ​៥​ខែ​ នៅ​ក្នុង​ទី​ក្រុង​ហាណូយ​ប្រទេស​វៀតណាម។

ជនជាតិ​អាមេរិកាំង​អាច​ស្មុំ​កូនវៀតណាម​មក​ចិញ្ចឹម​សារ​ជា​ថ្មី​ហើយ​ គឺ​៦​ឆ្នាំ​បន្ទាប់​ពី​ទីក្រុង​ហាណូយ​និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ខកខាន​ក្នុង​ការ​បន្ត​កិច្ចព្រមព្រៀង​ទ្វេភាគី​ដោយ​សារ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​បញ្ហា​ការ​លួច​បន្លំ​ និង​អំពើ​ពុក​រលួយ។

ទីភ្នាក់ងារ​ផ្តល់​សេវាកម្ម​ស្មុំ​កូន​ចិញ្ចឹម​របស់​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​ទទួល​បាន​សិទ្ធិ​(អាជ្ញាប័ណ្ណ)​ធ្វើ​ការ​សម្របសម្រួល​ក្នុង​កម្មវិធី​ស្មុំ​កូន​ចិញ្ចឹម​មួយ​ចំនួន​ដែល​នឹង​អនុវត្ត​ចំពោះ​ក្មេង​មាន​តម្រូវការ​ពិសេស​ ក្មេង​មាន​អាយុ​ចាប់​ពី​៥​ឆ្នាំ​ឡើង​ទៅ​ និង​ក្រុម​ក្មេង​ដែល​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា។

លោក Nguyen​ Van​ Binh ប្រធាន​នាយកដ្ឋាន​ការ​ស្មុំ​កូន​ចិញ្ចឹម​របស់​វៀត​ណាម​ ​បាន​ប្រាប់​វីអូអេ​ភាសា​វៀតណាម​ថា​ ទី​ភ្នាក់ងារ​ទាំង​នោះ​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ទីភ្នាក់ងារ​អាមេរិកាំង​ពេញ​ច្បាប់​ចំនួន​២០០។

លោក​និយាយ​ថា៖ «ទាំងប្រទេស​វៀតណាម ទាំង​សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ហត្ថលេខី​នៃ​កតិកាសញ្ញា​ស្តី​អំ​ពី​ការ​ស្មុំ​កូន​ចិញ្ចឹម។ ដូច្ចេះ​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​វា​ជា​រឿង​ធម្មតា។ ទី​ភ្នាក់​ងារ​ទាំង​ពីរ​គឺ​ជា​ក្រុម​ដែល​ជ្រើស​រើស​ចេញ​ពី​ស្ថាប័ន​ស្មុំ​កូន​ចិញ្ចឹម​ចំនួន​ជាង​៣០​ពីជាង​១០​ប្រទេស​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស​វៀតណាម។​ ទីភ្នាក់ងារ​ទាំង​នេះ​មាន​លក្ខណៈ​គ្រាប់គ្រាន់​ហើយ​បាន​ឆ្លង​កាត់​ដំណាក់កាល​ជ្រើស​រើស​រួច​រាល់​ហើយ។»

ការ​ស្មុំ​កូន​ចិញ្ចឹម​ឆ្លង​ប្រទេស​រវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​ត្រូវ​បាន​ផ្អាក​នៅ​ឆ្នាំ​២០០៨​ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​មួយ​លើ​ប្រព័ន្ធ​ស្មុំ​កូន​ចិញ្ចឹម​របស់​វៀតណាម​បាន​រក​ឃើញ​ថា មាន​ការ​រំលោភ​បំពាន​ជា​ច្រើន​ រួម​ទាំង​ការ​លក់​កូន​ក្មេង​និង​ការ​លួច​បន្លំ។

បី​ឆ្នាំ​បន្ទាប់​មក​ ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ផ្តល់​សច្ចាប័ន​លើ​កតិកាសញ្ញា​ទី​ក្រុង​ឡាអេ​ស្តី​អំពី​កិច្ច​ការពារ​កុមារ​និង​កិច្ចសហប្រតិបត្តិការ (the Hague Convention on Protection of Children and Co-operation )​ ព្រម​ទាំង​បាន​សើរើ​ច្បាប់​ស្តី​អំពី​ការ​ស្មុំ​កូន​ចិញ្ចឹម​របស់​ខ្លួន។

លោក Nguyen​ បាន​និយាយ​ថា​ បញ្ហា​ប្រឈម​ជា​ច្រើន​មិន​មែន​កើត​មាននៅ​តែ​ប្រទេស​វៀតណាម​ទេ តែ​វា​ក៏កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ហើយ​ថា​ «ការ​កែ​តម្រូវ​កំហុស​គឺ​ជា​រៀង​ធម្មតា»។

ទី​ភ្នាក់​ងារ​ ​Dillon Internationa​ ដែល​ត្រូវ​បាន​ជ្រើរើស​ បាន​ឲ្យ​ដឹង​តាម​រយៈសារក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ថា ពួក​គេ​មាន​សេចក្តី​រំភើប​ក្នុង​ការ​បម្រើ​កុមារ​វៀតណាម​ដែល​កំពុង​ត្រូវ​ការ​«ឪពុក​ម្តាយ​ដែល​អាច​ផ្តល់​ការ​ស្រឡាញ់​ដល់​ពួក​គេ​ជា​អចិន្ត្រៃយ៍។»

យោង​តាម​រដ្ឋាភិបាល​ទី​ក្រុង​ហាណូយ ឪពុក​ម្តាយ​ចិញ្ចឹម​ជា​ជន​បរទេស​ដែល​ភាគ​ច្រើន​មក​ពី​ទ្វីប​អ៊ឺរ៉ុប​ បាន​ស្មុំ​កុមារ​វៀតណាម​យក​ទៅ​ចិញ្ចឹមប្រហែល​១.៣០០​នាក់​ ចាប់​ពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៣។

ការ​ចាប់​ផ្តើម​ដំណើរ​ការ​ស្មុំ​កូន​ចិញ្ចឹម​សារ​ឡើង​វិញ​នេះ ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ខណៈ​ពេល​ដែល​ប្រទេស​វៀតណាម​ និង​សហរដ្ឋ​អាមេរិក​ព្យាយាម​ពង្រឹង​ចំណង​ទ្វេភាគី​ផ្នែក​ពាណិជ្ជកម្ម​និង​កិច្ច​សហប្រតិបត្តិការ​យោធា៕

ប្រែសម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG