ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចយកពន្ធគយបន្ថែមទៀតលើទំនិញនាំចូលពីប្រទេសចិនដែលមានទឹកប្រាក់ ២ រយពាន់លានដុល្លារអាមេរិក ហើយលោកអាចនឹងប្រកាសអំពីការសម្រេចនេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងសហរដ្ឋអាមេរិក។
ដោយយោងតាមប្រភពព័ត៌មានមិនបញ្ចេញឈ្មោះ កាសែត Washington Post និងកាសែត Wall Street Journal បានរាយការណ៍ថា លោក Trump នឹងសម្រេចយកពន្ធគយនេះចំនួន ១០ ភាគរយ។
កន្លងមក លោក Trump បានយកពន្ធគយចំនួន ២៥ ភាគរយរួចមកហើយលើទំនិញដែកថែប និង ១០ ភាគរយលើអាលុយមីញ៉ូម ក៏ដូចជា ២៥ ភាគរយលើទំនិញផ្សេងៗទៀតក្នុងទឹកប្រាក់ ៥០ ពាន់លានដុល្លារអាមេរិក ដែលនាំចូលមកពីប្រទេសចិន។
ការគ្រោងនឹងយកពន្ធគយថ្មីបន្ថែមទៀតនេះ នឹងបង្អាក់ដល់ក្ដីសង្ឃឹមនៃការកាត់បន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង ដោយសារតែកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ចិនបានស្វាគមន៍សំណើរបស់សហរដ្ឋអាមេរិកក្នុងការរៀបចំការពិភាក្សាថ្មីមួយអំពីបញ្ហាពាណិជ្ជកម្ម៕