ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើជម្លោះ​ពាណិជ្ជកម្ម​មាន​ផល​ប៉ះពាល់​យ៉ាងណា​ខ្លះ​ដល់​សេដ្ឋកិច្ច​ជាតិ​ និង​ប្រជាជន​ទូទៅ?


ស្ត្រី​ម្នាក់ និង​កូន​របស់​គាត់​ដើរ​កាត់​ការ​តាំង​បង្ហាញ​ទូរទស្សន៍​ម៉ាក​របស់​ចិន នៅ​ផ្សារ​ដ៏​ធំ​មួយ​ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។
ស្ត្រី​ម្នាក់ និង​កូន​របស់​គាត់​ដើរ​កាត់​ការ​តាំង​បង្ហាញ​ទូរទស្សន៍​ម៉ាក​របស់​ចិន នៅ​ផ្សារ​ដ៏​ធំ​មួយ​ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។

ជម្លោះ​នយោបាយ​រវាង​ប្រទេស​ចិន​និង​សហ​រដ្ឋ​អាមេរិក​លើ​បញ្ហា​ពាណិជ្ជ​កម្ម​និង​បញ្ហា​ដទៃ​ទៀត​ប៉ះពាល់​ដល់​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំជាង​គេទាំង​ពីរ​លើ​ពិភព​លោក​តាម​រយៈ​យន្តការ​ផ្សេងៗ​គ្នា​ ដែល​មាន​លទ្ធផល​មិន​អាច​ទាយទុក​ជា​មុន។​

ជម្លោះ​ពាណិជ្ជ​កម្ម​មាន​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ ឧទាហរណ៍៖​ តម្លៃភាគហ៊ុន​នៅក្នុង​ប្រទេស​ទាំងពីរ​រង​ផល​ប៉ះពាល់​ ខណៈដែល​ម្ចាស់​ភាគហ៊ុន​ខ្លះ​បាន​លក់​ភាគហ៊ុន​របស់​ខ្លួន ​ហើយ​វិនិយោគិន​ដទៃ​ទៀត​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទិញ​ភាគហ៊ុន​ពី​បណ្តា​ក្រុមហ៊ុន​ដែល​កំពុង​ទទួល​រងនូវ​ផល​ប៉ះពាល់​ដោយសារ​ការ​ដំឡើង​ថ្លៃពន្ធ។​ សកម្មភាព​ទាំងនេះ​អាច​កាត់​បន្ថយ​ការ​បញ្ជាទិញ​ភាគហ៊ុន​និង​បាន​ធ្វើឲ្យ​ភាគហ៊ុន​ធ្លាក់​ថ្លៃ។ ​ម្ចាស់ក្រុម​ហ៊ុន​នានា​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​មាន​ការ​រីក​ចម្រើន​ឡើង។​

ការ​ដំឡើង​ថ្លៃពន្ធ​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​ការ​លូតលាស់​តិចតួច​ ហើយធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​វិនិយោគិន។​

លោក​ Dan Pruzin ​អ្នកនាំ​ពាក្យ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ បាន​ប្រាប់​ទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ (Reuters) ​ថា​ ការព្រួយ​បារម្ភ​អំពី​ពាណិជ្ជ​កម្ម​ត្រូវ​បាន​គេ​ដឹង​ឮ​គ្រប់ៗ​គ្នា​រួច​ទៅ​ហើយ។​

លោក​បាន​និយាយ​ថា៖​

«ក្រុមហ៊ុន​ជាច្រើន​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ​ទុន​ក្នុង​ទីផ្សារ​ដែល​កំពុង​រង្គោះ​រង្គើរ​ ហើយ​ទំនិញ​មួយ​ចំនួន​កំពុង​កើន​ឡើង​ថ្លៃ»។​

លោក​បាន​និយាយ​ថា​ វិបត្តិ​ដែល​កំពុង​កើត​មាន​ឡើងនេះ​អាច​ប៉ះពាល់​ដល់​ «អត្រា​ការងារ​ធ្វើ​និង​កំណើន​សេដ្ឋកិច្ច»​ ដែល​កំពុង​បញ្ជូន​សារ​ «អវិជ្ជមាន​អំពី​សេដ្ឋកិច្ច»​ នៅ​ជុំវិញ​ពិភព​លោក។​

ជម្លោះ​ពាណិជ្ជ​កម្ម​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​លើ​អាជីវកម្ម​ដោយ​សារតែ​អ្នក​ចាត់ការ​ទូទៅមិន​សូវ​ហ៊ាន​ប្រថុយ​បញ្ជា​ទិញ​គ្រឿង​ម៉ាស៊ីន​ថ្មីៗ ​មិន​ហ៊ាន​ប្រថុយ​សាងសង់​រោងចក្រ​ថ្មី​ ឬ​មិនហ៊ានជួល​បុគ្គលិក​ថ្មីៗ។​ ​

ការ​ចំណាយ​តិចមាន​ន័យ​ថា ​តម្រូវការ​ខាង​បរិក្ខារ​មាន​តិចតួច ​ហើយ​អ្នកមានការងារ​ធ្វើមាន​ចំនួន​តិច​មាន​ន័យ​ថា​ មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះមាន​ប្រាក់​ជួល​អាគារ​ស្នាក់​នៅ​ ទិញ​ម្ហូប​អារហារ ​ហើយ​មិន​មាន​ហិរញ្ញ​វត្ថុគ្រប់​គ្រាន់​សម្រាប់​ទិញ​រថយន្ត​ថ្មី​ទេ។​ តម្រូវការ​តិចតួច​ខាងទំនិញ​និង​ខាង​សេវា​កម្ម​នាំឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ​និង​បាន​បន្ថយ​សកម្ម​ភាព​សេដ្ឋកិច្ច​ និង​បន្ថយ​កំណើន​សេដ្ឋ​កិច្ច។​

ក្រុម​កសិករ​អាមេរិក​គឺ​ជា​ក្រុម​មួយ​ផ្សេង​ទៀត​ដែល​មាន​អារម្មណ៍​ថា ​ជម្លោះ​ពាណិជ្ជ​កម្ម​នេះ​ក៏មាន​ផល​ប៉ះពាល់​ដល់ពួ​កគេ​ផង​ដែរ​ នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្កើន​ថ្លៃប្រាក់​ពន្ធ​លើ​សណ្តែក​សៀង​របស់​អាមេរិក។​

តម្លៃ​ពន្ធខ្ពស់​នាំ​ឲ្យ​តម្លៃ​ម្ហូប​អាហារ​សម្រាប់​អតិថិជន​ចិន​ក៏​ឡើង​ខ្ពស់​ដែរ​ ដូច្នេះ​ការ​បញ្ជា​ទិញ​ផលិត​ផល​កសិកម្ម​អាមេរិក​ត្រូវ​ធ្លាក់​ចុះ។ ​ការ​នាំចេញ​ផលិត​ផល​កសិកម្ម​គឺ​ជា​ការនាំ​ចេញ​សំខាន់​របស់​អាមេរិក។​

តម្រូវ​ការ​សណ្តែក​សៀង​របស់​អាមេរិកបាន​ធ្លាក់​ចុះ​នៅ​តាម​ទីផ្សារតាំង​ពី​មុន​មាន​ការ​ដំឡើង​ពន្ធ​ម៉្លេះ។​ ​នេះ​មានន័យ​ថា ​កសិករ​អាមេរិក​មិន​អាច​ទិញ​ត្រាក់ទ័រ​បាន​ច្រើន​ ហើយ​មិន​អាច​ជួល​កម្មករ​បាន​ច្រើន​ទៀត​ទេ។​

ចំនួន​អ្នកមាន​ការងារ​ធ្វើតិចតួច​មាន​ន័យ​ថា ​មនុស្ស​តិចតួចមាន​លុយ​ទិញ​ផលិត​ផល ​ហើយ​វា​ធ្វើឲ្យ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​នៅក្នុងវិស័យ​កសិកម្ម។​

ទន្ទឹមនឹង​នេះ​ដែរ​ ការ​ដំឡើង​ពន្ធ​របស់អាមេរិក​លើ​ទំនិញ​ចិន​បាន​ប៉ះពាល់​ដល់ផលិតផល​ឧស្សាហកម្ម​ជា​ច្រើន​ទៀត​នៅក្នុង​ប្រទេស​ចិន​ មានដូច​ជា ​យន្តហោះ ​ទូក​ ម៉ាស៊ីន ​គ្រឿង​ចក្រ​ធុនធ្ងន់​ជាច្រើន​ទៀត។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួរ​របស់​ចិនបាន​រាយ​ការណ៍​ថា​ ការ​កំណត់​ពន្ធ​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​គឺ​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​ «ត្រួតត្រា»​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

ទីភ្នាក់ងារព័ត៌មាន​នេះ​និយាយ​ថា​ ការ​កំណត់​ពន្ធថ្មី​នេះ​រំលោភ​លើ​ច្បាប់​ពាណិជ្ជ​កម្ម​អន្ដរជាតិ ​និង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជា​ច្រើន​ និង​អ្នក​ប្រើប្រាស់​ទូទៅ។​ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​រដ្ឋាភិបាល​វ៉ាស៊ីនតោន​បាន​ព្យាយាម​បញ្ចៀស​ពន្ធ​លើ​ទំនិញប្រទេស​ចិន​ដែល​នឹងមានការ​ឡើង​ថ្លៃ​សម្រាប់​អ្នក​ប្រើ​ប្រាស់​នៅ​សហ​រដ្ឋ​អាមេរិក។​

ក្រុម​អ្នក​សេដ្ឋ​កិច្ច​បាន​និយាយ​ថា ​ការ​បង្កើន​ពន្ធ​លើ​ផលិត​ផល​សម្រាប់​ផលិត​ទំនិញ​ប្រើប្រាស់​ក៏​នៅ​តែ​ធ្វើឲ្យ​អ្នក​ប្រើ​ប្រាស់​ចំណាយ​ច្រើន​ឡើង​ ដូចជា​នាំ​ឲ្យ​មាន​អតិផរណា​នៃ​ប្រេង​សាំង​ និង​ការ​ប៉ះពាល់​ដល់​តម្រូវ​ការ​បញ្ជា​ទិញ។​

លោក ​Bill Adams ​អ្នក​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ PNC ដែល​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ បាន​និយាយ​ថា​ វិធានការ​មួយ​ដែល​ប្រទេស​ចិន​អាច​ធ្វើ​ តែមិន​ទាន់​បាន​ធ្វើ​នោះ គឺ​ត្រូវ​ឲ្យ​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​ធ្លាក់​ចុះ។​ រូបិយប័ណ្ណ​ថោក​មាន​ន័យ​ថា ​ផលិតផល​ដែល​ផលិត​នៅ​ប្រទេស​ចិន​មាន​តម្លៃ​ថោក​ និង​មាន​លទ្ធភាពប្រកួត​ប្រជែង​ច្រើន​លើ​ទីផ្សារ​អន្ដរជាតិ។​

លោក ​Adams ​និយាយ​ថា ​ប្រទេស​ចិន​បាន​ចាត់​វិធានការ​ដើម្បី​ទ្រទ្រង់​តម្លៃ​នៃ​ប្រាក់​យន់​ចិន​នាពេល​ថ្មីៗ​នេះ។ ​ទោះបី​ជា​ការបញ្ចុះ​តម្លៃ​រូបិយបណ្ណអាច​ជួយ​ឲ្យ​មាន​កំណើន​នាំ​ចេញ​ក៏​ពិត​មែន ​ ប៉ុន្តែ​វាអាច​ជំរុញ​កំណើន​អតិផរណា​ តាមរយៈ​ការ​បង្កើន​ថ្លៃ​ផលិតផល​នាំចូល​ ដូចជា​ប្រេង​ ឬ​វត្ថុធាតុ​ដើម​ផ្សេង​ទៀត​ ដែល​ក្រុមហ៊ុន​ចិន​ត្រូវ​ការ។​

ជាមួយ​គ្នានេះដែរ ​ភាពមិន​ច្បាស់​លាស់​ ដែល​បណ្តាល​មក​ពី​វិវាទ​ផ្នែក​ពាណិជ្ជ​កម្ម​ បានបង្កើន​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ ពីព្រោះ​អ្នក​វិនិយោគ​យល់​ឃើញ​ថា​ សហ​រដ្ឋ​អាមេរិក​ជា​កន្លែង​មាន​សុវត្ថិភាព​នៅ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច។ ​ប៉ុន្តែ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​មាន​ន័យ​ថា ​ផលិត​ផល​របស់​អាមេរិក​ឡើង​ថ្លៃ​សម្រាប់​អតិថិជន​បរទេស​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​អាមេរិក​ និង​កំណើន​សេដ្ឋកិច្ច​អាមេរិក។​ ទាំងអស់​នេះមាន​ន័យ​ថា​ វា​ពិបាក​ក្នុង​ការ​ព្យាករណ៍​ថា​ តើ​ជម្លោះ​ពាណិជ្ជ​កម្ម​នេះ​នឹង​នាំ​ឲ្យ​កើត​មាន​រឿង​អ្វី​ខ្លះ?​

ក្រុមអ្នក​ជំនាញ​និយាយ​ថា ​វា​អាស្រ័យ​ថា តើ​វិធាន​ការណ៍​នោះ​មាន​ទំហំ​ប៉ុណ្ណា​ ហើយ​ភាគី​ទាំងពីរ​ដំឡើង​ប្រាក់​ពន្ធ​ដាក់​គ្នា​ទៅវិញទៅមក​ប៉ុន្មាន​ដង ​ហើយ នៅចុង​បំផុត​ ​ជម្លោះ​នេះ​បាន​ឡើង​ដល់​កម្រិត​ណា​ ហើយ​ជម្លោះ​នេះអូស​បន្លាយ​ដល់​ពេល​ណា? ប្រធាន​សភា​ពាណិជ្ជ​កម្ម​អាមេរិក​នៅក្នុង​ប្រទេស​ចិន​បាន​សរសេរ​ថា​ នេះគឺ​ជា​ជម្លោះ​ពាណិជ្ជ​កម្ម​ដ៏​ធំបំផុត​រវាង​ចិន​និង​សហ​រដ្ឋ​អាមេរិក​ក្នុង​រយៈពេល​៤០​ឆ្នាំ​មក​នេះ។​

លោក ​William Zarit ​បាន​និយាយ​ថា ​ភាគីទាំង​ពីរ​ត្រូវតែ​រក​ច្រកចេញ ពីព្រោះ​ «ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​រឹងមាំ​គឺ​មាន​សារៈ​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស​ទាំង​ពីរ​ដើម្បី​ចៀសផុត​ពី​ការ​វាយ​ប្រហារ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅមក​ផ្នែក​ពាណិជ្ជកម្ម»។​

លោកនិយាយ​ថា ​កិច្ច​ព្រមព្រៀងថ្មីនឹង​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ៕

ប្រែ​សម្រួល​ដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG