ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អូបាម៉ានឹង​សម្រេចអំពី​ផែនការ​បញ្ជូន​​អ្នក​ហ្វឹកហាត់​កងទ័ព​​​បន្ថែម​ទៀត​​ទៅ​​អ៊ីរ៉ាក់​នៅ​សប្តាហ៍​នេះ​


រូបភាព​ឯកសារ ៖ កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ដើរ​ដោយ​កាន់​អាវុធ​នៅ​ក្នុង​ការហ្វឹកហាត់​យោធា​ក្នុង​ទីក្រុង​ Jurf al-Sakhar កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា​ ឆ្នាំ​២០១៥។
រូបភាព​ឯកសារ ៖ កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ដើរ​ដោយ​កាន់​អាវុធ​នៅ​ក្នុង​ការហ្វឹកហាត់​យោធា​ក្នុង​ទីក្រុង​ Jurf al-Sakhar កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា​ ឆ្នាំ​២០១៥។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​នឹង​សម្រេច​នៅ​សប្តាហ៍​នេះ​ អំពី​ផែនការ​បញ្ជូនអ្នក​ហ្វឹកហាត់​កងទ័ព​រាប់​រយ​នាក់​បន្ថែម​ទៀតទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់ ​នេះ​តាម​ការបញ្ជាក់​របស់​ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ ​នៅ​ពេល​ដែល​ក្រសួង​ការពារ​ប្រទេស​បន្ត​ការស្វះស្វែង​របស់​ខ្លួន ​ដើម្បី​គាំទ្រកងទ័ព​អ៊ីរ៉ាក់នៅ​ក្នុង​ការប្រយុទ្ធរបស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម។

ផែនការ​ថ្មី​បន្ថែម​បុគ្គលិក​កងទ័ព​រហូត​ដល់​៥០០​នាក់ ​នឹង​ចូល​ជាមួយ​អ្នក​ហ្វឹកហាត់​និង​ទីប្រឹក្សា​ចំនួន​៣០០០​នាក់​ ដែល​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​អនុញ្ញាតិ​កាល​ពី​ឆ្នាំ​ទៅ​ បន្ទាប់​ពី​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​បាន​កាន់​កាប់​ផ្នែក​ដ៏​ធំភាគ​ខាង​ជើង​និង​ភាគ​ខាង​លិច​នៃ​ប្រទេស​អ៊ីរ៉ាក់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​បានធ្វើ​ឲ្យ​ទាហាន​អ៊ីរ៉ាក់​ទទួល​បរាជ័យ។

ក្រុម​មន្រ្តី​និយាយ​ថា ​ផែនការ​នោះ​ក៏​នឹង​រួម​បញ្ចូល​ការបង្កើត​ទី​តាំង​ហ្វឹកហាត់​ថ្មី​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត Anbar ​ហើយ​និង​ផ្តល់​ការគាំទ្រ​កាន់​តែ​ធំ​ឡើង​ដល់​ក្រុម​អ្នក​ប្រយុទ្ធ​និកាយ​ស៊ុននី ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការសំខាន់​នៅ​ក្នុង​ការខំ​ប្រឹងប្រែង​ ដើម្បី​ដណ្តើម​យក​ខេត្ត​ Anbar ​មក​វិញ។​

កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ​ដែល​គាំទ្រ​ដោយ​ក្រុម​កង​ជីវពល​បាន​ព្យាយាម​ដណ្តើម​តំបន់​នៅ​ជិតទី​ក្រុង​រ៉ាម៉ាឌី​មក​វិញ ចាប់​តាំង​ពី​ទីក្រុង​នោះ​បាន​ធ្លាក់​ចូល​កណ្តាប់​ដៃ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​កាល​ពី​ខែ​មុន។

លោកAlistair Baskeyអ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​កាល​ពី​ថ្ងៃ​អង្គារ អំពី​ការដាក់​ពង្រាយ​កងទ័ព​នោះ​ទេ​ ដោយ​និយាយ​ថា​ សេតវិមាន​កំពុង​ពិចារណា​ពី​ជម្រើស​ផ្សេងៗ​ទៀត។​

​លោក Baskeyនិយាយ​បន្ត​ទៀត​ថា «ជម្រើស​ទាំង​នោះ ​រួមមាន​ការ​បញ្ជូនអ្នក​ហ្វឹកហាត់​បន្ថែម​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ផង‍»៕

XS
SM
MD
LG