កាលពីថ្ងៃអាទិត្យ កងកម្លាំងរដ្ឋាភិបាល Iraq បានជម្រុលទៅមុខទៅក្នុងក្រុង Baiji ដែលមានរោងចក្រចំរាញ់ប្រេងនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីវាយយកតំបន់នោះពីកងកម្លាំងរដ្ឋអ៊ីស្លាមជាលើកទីពីរ។
ក្រុមមន្ត្រីយោធាបាននិយាយថា ក្រុមទាហានរដ្ឋាភិបាលបានវាយយកបានកន្លែងនៅកណ្តាលក្រុងនេះ ដែលឋិតនៅក្នុងប៉ែកខាងជើងប្រទេសកាលពីយប់មិញ។ កងកម្លាំងរដ្ឋាភិបាលក្រុងBaghdad បានវាយយកបានក្រុង Baiji ម្តងកាលពីឆ្នាំទៅមិញ ប៉ុន្តែក្រុមជនសកម្មប្រយុទ្ធវាយយកបានទៅវិញ។
ក្រុមយុទ្ធជនរដ្ឋអ៊ីស្លាមបានយកកន្លែងផលិតប្រេងជាទីដៅនៃការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយប្រើប្រាស់ប្រាក់ចំណូលពីការលក់ប្រេងដើម្បីផ្គត់ផ្គង់ប្រាក់កាសសម្រាប់របៀបវារៈពង្រីកដែនដីរបស់ខ្លួននៅប្រទេសទាំងពីរនេះក្នុងការប្រឈមមុខនឹងក្រុមយោធារដ្ឋាភិបាលអ៊ីរ៉ាក់ និងពួកយោធាប្រតិព័ទ្ធ ពួកជីវពល Kurde ពួកឧទ្ទាមស៊ីរី និងការទម្លាក់គ្រាប់បែករាល់ថ្ងៃដោយក្រុមចម្រុះដឹកនាំដោយស.រ.អា។
កាលពីយប់មិញកងយន្តហោះចម្បាំងដឹកនាំដោយស.រ.អាបានធ្វើការវាយប្រហារតាមអាកាស១១លើកនៅក្នុងប្រទេសស៊ីរីដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើក្រុង Kobani និងសំបុកពួករដ្ឋអ៊ីស្លាម នៅក្នុងក្រុង Raqqa និង១១លើកនៅក្នុងប្រទសអ៊ីរ៉ាក់ ដោយយកទីតាំងរបស់ពួករដ្ឋអ៊ីរ៉ាក់ ជាទីដៅនៃការវាយប្រហារនៅក្នុងប៉ែកខាងជើងប្រទេសនៅជិតក្រុង Baij ក្រុងSunjar និងក្រុង Makhmur៕