អ្នកកាសែតជើងចាស់ជនជាតិអាមេរិកាំង អ្នកស្រី Elizabeth Becker ដែលបានតាមដានកិច្ចការកម្ពុជាជាងកន្លះសតវត្សរ៍ បានស្នើកម្ពុជារក្សាគុណតម្លៃ និងទាញយកគុណប្រយោជន៍ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលឈានចូលខួប៣០ឆ្នាំនៅខែក្រោយ។
អ្នកស្រី Becker បានថ្លែងដូច្នេះក្នុងកិច្ចពិភាក្សាអនឡាញមួយ ដែលរៀបចំឡើងដោយស្ថានទូតអាមេរិកនៅភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ អ្នកជំនាញរូបនេះបានហៅកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ថាបាននាំ«សន្តិភាពពិតប្រាកដ»ហើយដែលកម្ពុជាគួរបន្ត«ការពារ»កិច្ចព្រមព្រៀងនេះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសូមនិយាយថា អ្វីៗដែលមាននៅថ្ងៃនេះត្រូវបានទំនុកបម្រុងដោយសន្ធិសញ្ញាសន្ដិភាពទីក្រុងប៉ារីស។ សូមអាននិងពិនិត្យមើលសន្ធិសញ្ញានោះឡើងវិញ។ សន្ធិសញ្ញានេះមានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសរបស់អ្នក ហើយបានប្រតិចារិកជាលាយលក្ខណ៍អក្សរ ដោយមានបណ្ដារដ្ឋដទៃទទួលដឹងឮថា នេះនែជាគោលដៅរបស់អ្នក រៀបរាប់អំពីការគោរពសិទ្ធិសេរីភាពរបស់មនុស្ស ដល់ការដឹកនាំបែបនីតិរដ្ឋ ហើយខ្ញុំឃើញថា សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ជាបាតគ្រឹះកំណត់ទ្រង់ទ្រាយនៃកម្ពុជាសម័យទំនើប»។
ជាអ្នកសារព័ត៌មានផង ជាអ្នកនិពន្ធផង និងជាប្រវត្តិវិទូមួយរូបផង អ្នកស្រី Becker មានសាវតានិងពិសោធន៍យូរឆ្នាំ ដោយបានរាយការណ៍អំពី សង្គ្រាមនៅកម្ពុជា នាទសវត្សរ៍ឆ្នាំ១៩៧០ និងបានធ្វើបទសម្ភាសន៍ដ៏កម្រមួយផងជាមួយ លោក សាឡុត ស ឬ ប៉ុល ពតអំឡុងមេដឹកនាំបក្សកុម្មុយនិស្ដកម្ពុជារូបនេះ ស្ថិតក្នុងអំណាចនាឆ្នាំ១៩៧៨។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ បានលើកឡើងថាសន្តិភាពដែលសហគមន៍អន្តរជាតិបានព្យាយាមសម្រេចឱ្យកម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០មិនសម្រេចជោគជ័យនោះទេ ទោះបានចំណាយប្រាក់អស់ជាង២ពាន់លានដុល្លារអាមេរិកយ៉ាងណាក្ដី។
ថ្លែងក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមពិភពលោកកាលពីថ្ងៃទី១២ខែកញ្ញា លោក ហ៊ុន សែន ថាសង្គ្រាមបានបន្តអូសបន្លាយក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសហើយបានប្រដូចអ្វីដែលលោកចង់សំដៅលើភាពមិនជោគជ័យពេញលេញនៃការសម្រេចសន្តិភាពនៅកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៩០នេះ ទៅនឹងព្រឹត្តិការណ៍ថ្មីៗនេះនៅប្រទេសអាហ្វហ្គានីស្ថាន។
លោក ហ៊ុន សែន ថ្លែងថា៖ «សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែធ្នូឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយ ក្នុងចំណោមជាតិសាសន៍របស់យើង។ ក្នុងន័យនេះ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតថា យើងត្រូវតែមាន«ភាពជាម្ចាស់ប្រទេស» នៅក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិនៅក្រោយជម្លោះ»។
មន្ត្រីក្នុងជួររដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន តែងបានរំឭកប្រាប់សាធារណមតិថាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានអស់សុពលភាព និងបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រួចមកហើយ។
តែអ្នកស្រី Elizabeth Becker បានយល់ឃើញផ្សេងពីនេះ។
អ្នកកាសែតជើងចាស់រូបនេះបន្តថា៖ «សន្ធិសញ្ញាមិនចេះស្លាប់នោះទេ។ ហើយគោលដៅរបស់សន្ធិសញ្ញាក្នុងការបញ្ចប់សង្គ្រាម និងគោលបំណងដែលសន្ធិសញ្ញានេះចង់សម្រេចបាន រឹតតែមិនចេះស្លាប់ទៅទៀត... ដូចជារឿងដែរថា នៅពេលអ្នកកើតមកហើយធ្វើសំបុត្រកំណើត នោះមិនបានសេចក្ដីថាសំបុត្រអាពាហ៍ពិពាហ៍របស់ឪពុកម្ដាយអ្នកត្រូវអស់សុពលភាពនោះទេ។ គេអាចនិយាយថាកម្ពុជាសម័យទំនើបត្រូវបានបង្កើតដោយសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ដែលបានបញ្ចប់សង្គ្រាម និងកំណត់មាគ៌ាឯករាជ្យរបស់ប្រទេស»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់វីអូអេកាលពីកន្លងទៅថារដ្ឋាភិបាលកម្ពុជាបាន«អនុវត្តប្រកបដោយផ្លែផ្កាមួយចំនួនធំ» ៣០ឆ្នាំបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកបញ្ជាក់ថា៖ «យើងអត់ខ្វល់ពីការរិះគន់ទេ។ ក៏ប៉ុន្តែយើងដើរឲ្យត្រឹមត្រូវទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបានបញ្ចូលខ្លឹមសារទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា»។
គួរបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១បានបញ្ជាក់អំពីការឈានទៅបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា ការនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការបើកផ្លូវឱ្យបដិសេធចោលនូវសន្ធិសញ្ញាអន្តរជាតិនានាដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍កម្ពុជាអំឡុងពេលសង្គ្រាមជាដើម។ ការចុះកិច្ចព្រមព្រៀងនេះ មានប្រទេសហត្ថលេខីចំនួន១៨ ក្នុងនោះមានប្រទេសចំនួន៥នៃក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិអូស្រ្តាលី ថៃ វៀតណាមនិងឥណ្ឌូនេស៊ីជាដើម៕