ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សិទ្ធិ​មនុស្ស​ជំរុញ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ​មួយ ខណៈ​​បារម្ភ​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន


រូបឯកសារ៖ ក្រុមប៉ូលិសបានហាមឃាត់ក្រុម​យុវជន​និង​ព្រះ​សង្ឃ ដែល​បាន​បន្ត​ការ​ដើរ​ក្នុង​ខេត្ត​តាកែវដើម្បី​ផ្សព្វផ្សាយ​អំពី​​លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​។ (រូបថតដោយក្រុមយុវជនខ្មែរថាវរៈ)
រូបឯកសារ៖ ក្រុមប៉ូលិសបានហាមឃាត់ក្រុម​យុវជន​និង​ព្រះ​សង្ឃ ដែល​បាន​បន្ត​ការ​ដើរ​ក្នុង​ខេត្ត​តាកែវដើម្បី​ផ្សព្វផ្សាយ​អំពី​​លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​។ (រូបថតដោយក្រុមយុវជនខ្មែរថាវរៈ)

នៅ​មុន​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់ ក្រុម​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ឲ្យ​មាន​ការ​លើក​កម្ពស់​ស្ថាន​ភាព​សិទ្ធិមនុស្ស ដែល​ពួកគេ​ថា​កំពុង​ធ្លាក់​ចុះ និង​ត្រូវ​បាន​រំលោភ​បំពាន។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៣៧ ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ។

អង្គការ​ដែល​បាន​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​ខាង​លើ​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (សង់ត្រាល់) និងគណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ជា​ដើម។

សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី២៤ ខែ​សីហា បាន​ឲ្យ​ដឹង​ថា​៖ «យើង​ខ្ញុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​ការ​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​ជា​មុន​សិន​ មុន​ពេល​ដែល​បង្កើត​ស្ថាប័ន​នេះ​ឡើង​ ដើម្បី​ធានា​ថា​ការ​បង្កើត​ស្ថាប័ន​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ពិត​ប្រាកដ​ក្នុង​ការ​លើក​កម្ពស់​និង​ការ​ពារ​សិទ្ធិ​មនុស្ស ជា​ជាង​បង្កើត​ឡើង ដើម្បី​គ្រាន់​តែ​បំពេញ​ទៅ​តាម​ការ​អះអាង​ប្តេជ្ញា​ចិត្ត​ផ្នែក​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ប៉ុណ្ណោះ​»។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា៖ «ចំណុច​សំខាន់​បំផុត​នោះ​គឺ​លក្ខខណ្ឌ​នៃ​ឯករាជ្យ​ភាព​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ដែល​នា​ពេល​កន្លង​មក​ មាន​ការ​បង្កើត​ស្ថាប័ន​ឯករាជ្យ​ជាច្រើន​ តែ​ទីបំផុត​ស្ថាប័ន​ទាំង​អស់​នោះ​អសកម្ម ឬ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ទាំង​ស្រុង ដែល​នេះ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បារម្ភ​ថា​ស្ថាប័ន​សិទ្ធិ​មនុស្ស​ដែល​នឹង​បង្កើត​ឡើងនោះ ក៏​មិន​ខុស​ពី​ស្ថាប័ន​មុនៗ​ទាំង​នោះ​ដែរ​»។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​យល់​ស្រប​ចំពោះ​គោល​បំណង​នៃ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ​ដែល​ផ្តោត​លើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​ថា​លទ្ធភាព​នៃ​ជំរុញ​ផ្នែក​សិទ្ធិ​មនុស្ស​អាច​សម្រេច​បាន​ លុះ​ត្រា​តែ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​មាន​ឯករាជ្យ​ពេញ​លេញ​ពី​ឥទ្ធិពល​របស់​រដ្ឋាភិបាល។

លោក​បាន​សង្កត់​ធ្ងន់​ថាវា​ហាក់​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយ​សារ​ស្ថានភាព​សិទ្ធិ​មនុស្ស​កំពុង​ត្រូវ​បានរឹតត្បិត​នា​ពេល​បច្ចុប្បន្ន​នេះ។

រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ថា​ប្រទេស​កម្ពុជា​នៅ​តែ​កំពុង​មានស្ថាន​ភាព​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ។ ដូច្នេះ​ហើយ​យើង​មិន​មាន​ជំនឿ​ថា​បើ​សិន​គណៈ​កម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​ហ្នឹង​កើត​មាន​នៅ​ក្នុង​បរិយាកាស​មាន​ការ​រឹត​ត្បិត​ទៅ​លើ​សិទ្ធិ​សេរី​ភាព​បែប​ហ្នឹង។ យើង​មិន​មាន​ជំនឿ​ថា​គណៈកម្មាធិការជាតិ​សិទ្ធិ​មនុស្ស​ហ្នឹង​ កើត​ឡើង​ដោយ​មាន​ភាព​ឯករាជ្យ ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ប៉ារីស​បាន​ទេ»។

មុន​នឹង​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នេះ​បាន រដ្ឋាភិបាល​បាន​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​មួយ​ទាក់ទង​នឹង​ការ​បង្កើត​ស្ថាប័ន​នេះ។ សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​។

លោក នី សុខា ប្រធាន​សមាគម​អាដហុក យល់​ថា​នេះ​ជា​បញ្ហា​មួយ គឺ​នៅ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ស្រុង ដើម្បី​អនុម័ត។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​អូស្រ្តាលី​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​មន្រ្តី​ស្ថាន​ទូត​បាន​ជួប​ជាមួយ​មន្រ្តី​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដើម្បី​ពិភាក្សា​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ទទួល​បាន​បច្ចុប្បន្នភាព​ពី​សំណើ​សុំ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​មួយ​ដែល​ឯករាជ្យ។

ចំណុច​សំខាន់​នៃ​ការ​ពិភាក្សា​នោះ ទាក់​ទង​នឹង​«ការ​អភិវឌ្ឍ​សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ស្នើ​ឡើង​សម្រាប់​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​របស់​កម្ពុជា ក៏​ដូចជា​ភាព​ចាំបាច់​សម្រាប់​ស្ថាប័ន​នេះ​ ដើម្បី​អនុវត្ត​តាម​គោលការណ៍​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ស្តី​ពី​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ ដែល​រួម​មាន​ឯករាជ្យ​ភាព​ពិត​ប្រាកដ​ពី​រដ្ឋា​ភិបាល អំណាច និង​ធនធានគ្រប់គ្រាន់ និង​សមាជិក​ភាព​ចម្រុះ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​នៃ​អង្គការ​លីកាដូ​ បាន​ប្រាប់​វីអូអេ​ថា​តាម​ការ​សង្កេត​របស់លោក ​ការ​បង្កើត​គណៈ​កម្មាការ​ជាតិ​មួយ​ចំនួន​កន្លង​មក​ពី​សំណាក់​រដ្ឋាភិ​បាល​កម្ពុជា ក៏ដូចជា​រដ្ឋា​ភិបាល​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ តែង​រង​ការ​រិះគន់​ថា​មិន​មាន​ឯករាជ្យ​ភាព។

ដូច្នេះ​លោក​យល់​ថា​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ដែល​គ្រោង​នឹង​បង្កើត​ឡើង​នេះ នឹង​មិន​អាច​បំពេញ​ការងារ​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​បាន​ពេញ​លេញ​នោះ​ទេ។

លោកបាន​ថ្លែង​ថា៖ «បើ​សិន​ជា​គណៈ​កម្មាធិ​ការ​សិទ្ធិ​មនុស្ស​នេះ​កើត​ឡើង​ហើយ។ ទោះ​បីជា​យើង​ឃើញ​ថា​នៅ​ក្នុង​ច្បាប់​ល្អ តែ​បើ​ការ​អនុវត្តន៍​ទៅ​ វា​មិន​ទៅ​តាម​ហ្នឹង ឬ​មិន​មាន​គ្រប់​ជ្រុង​ជ្រោយ​ហ្នឹង​ ក៏​វា​នៅ​តែ​មិន​ទាន់​អាច​ជួយ​បាន​ពេញលេញ​ទៅ​លើ​បញ្ហា​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ ឬ​ក៏​កិច្ចការពារ​ដល់​ជន​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ផង​ដែរ»។

លោក ជិន ម៉ាលីន អនុប្រធាន​និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​ទទួល​បន្ទុក​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នៃ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិថា​ជា​ស្ថាប័ន​ឯករាជ្យ​មិន​មែន​ចំណុះ​រដ្ឋាភិបាល​នោះ​ទេ។ ហើយ​ការ​បង្កើត​ស្ថាប័ន​នេះ គឺ​អនុលោម​តាម​អនុ​សាសន៍​របស់​អង្គ​ការ​សហប្រជាជាតិ និង​គោល​ការណ៍​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា ឆ្នាំ​១៩៩​១ ដែល​ចង់​ភ្ជាប់​កម្ពុជា​ឲ្យ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នានា។

លោកបន្ត​ថា​ ការងារ​ចម្បង​របស់​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ គឺ​ការ​អប់រំ​និង​ផ្សព្វ​ផ្សាយ​សិទ្ធិ​មនុស្ស​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ទាំង​អាជ្ញាធរ​អនុវត្ត​ច្បាប់ និង​សាធារណ​ជន ការ​ស៊ើប​អង្កេត​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការពារ​ជន​រង​គ្រោះ និង​ការ​ផ្តល់​យោ​បល់​ដល់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​ការ​កែ​លម្អ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស។

លោក ជិន ម៉ាលីន លើក​ឡើង​ថា​ការ​មិន​ចូលរួម​ពិភាក្សា​របស់​ក្រុម​សិទ្ធិ​មនុស្ស​ជុំវិញ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នេះ ជា​«របៀប​វារៈ​នយោ​បាយ»របស់​អង្គការ​សង្គមស៊ីវិល​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖ «អញ្ចឹង​បើ​គាត់​មិន​ពេញ​ចិត្ត​កន្លែង​ណា​គាត់​ចូល​រួម​ ហើយ​ធ្វើ​ការ​ផ្តល់​យោបល់​កែ​លម្អ ឲ្យ​ស្ថាប័ន​ហ្នឹង​ វា​ប្រព្រឹត្ត​ទៅ​ដោយ​ប្រសិទ្ធ​ភាព និង​គុណ​ភាព។ ក៏​ប៉ុន្តែ​គាត់​អត់​អញ្ចឹង​នោះ​ទេ។ ការ​ចូលរួម​ក៏​គាត់​មិន​ចូលរួម។ ផ្តល់​យោបល់​ក៏​មិន​ផ្តល់យោបល់។ ហើយ​គាត់​ធ្វើ​ការ​រិះគន់​និង​ការ​បារម្ភ​ក្នុង​ពេល​ដែល​ស្ថាប័ន​ហ្នឹង​មិន​ទាន់​បាន​បង្កើត​។ អញ្ចឹង​នេះ​ជា​របៀប​ធ្វើ​ការងារ​របស់​គាត់។ ខ្ញុំ​មើល​ទៅ​អា​នេះ​ជា​របៀបវារៈ​នយោ​បាយ​ច្រើន​ជាង​។ គាត់​ចង់​ចិញ្ចឹម​អាហ្នឹង​ជា​ឧបករណ៍​នយោ​បាយ​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល»។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក ជិន ម៉ាលីន ដែល​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​ដោយ​លើក​ឡើង​ពី​ការ​ប្រជុំ​តាម​អន​ឡាញ​រវាង​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ជាមួយ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស(OHCHR)​នៅ​កម្ពុជា​អំពី​ដំណើរ​ការ​ពិគ្រោះ​យោ​បល់​ជាមួយ​សង្គម​ស៊ីវិល​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ។ នៅ​ក្នុង​សារ​បង្ហោះ​នោះ លោក​ក៏​បាន​លើក​ឡើង​ពី​ការ​មិន​បាន​ចូលរួម​របស់អង្គការ​សង្គម​ស៊ីវិល បើ​ទោះ​មាន​ការ​អញ្ជើញ​ឲ្យ​ចូលរួម​ក៏​ដោយ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ការិយា​ល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស(OHCHR)​តាម​សារ​អ៊ីម៉េល(email)​បាន​នៅ​ឡើយ​ទេ៕

XS
SM
MD
LG