តុលាការកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានយល់ព្រមទទួលយកសំណុំរឿងជម្លោះអំពីការតម្រូវឲ្យចាក់វ៉ាក់សាំង ឬធ្វើតេស្តកូវីដ១៩ទូទាំងប្រទេសរបស់រដ្ឋបាលលោក Joe Biden សម្រាប់អាជីវកម្មធំៗ ហើយនឹងការតម្រូវឲ្យចាក់វ៉ាក់សាំងផ្សេងមួយទៀតសម្រាប់បុគ្គលិកថែទាំសុខភាព។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បទបញ្ជារបស់តុលាការ បានបញ្ជាក់ថា តុលាការ នឹងស្តាប់អំណះអំណាងផ្ទាល់មាត់ក្នុងរឿងក្តី២ នៅថ្ងៃទី៧ ខែមករា ដោយទំនងនឹងមានចេញសម្រេចឆាប់ៗ បន្ទាប់ពីនោះ។
តុលាការកំពូលដែលមានក្រុមអភិរក្សនិយមភាគច្រើន គឺ៦សំឡេង ទល់នឹង៣ បានពន្យារពេលការចាត់វិធានការលើសំណើក្នុងគ្រាអាសន្ន នៅក្នុងរឿងក្តី២ ដែលស្វះស្វែងរកការសម្រេចជាបន្ទាន់។ បទបញ្ជាតម្រូវឲ្យចាក់វ៉ាក់សាំងនៅកន្លែងធ្វើការនៅពេលបច្ចុប្បន្ននេះ បានចូលជាធរមាននៅទូទាំងប្រទេស ខណៈដែលការតម្រូវឱ្យបុគ្គលិកថែទាំសុខភាព បានត្រូវរារាំងនៅក្នុងរដ្ឋចំនួនពាក់កណ្តាលនៃរដ្ឋទាំងអស់៥០ របស់សហរដ្ឋអាមេរិក។
រឿងក្តីទាំងពីរនេះ បានឡើងទៅដល់តុលាការកំពូល នៅពេលដែលវីរុសបំប្លែងខ្លួនអូមីក្រុង កំពុងឆ្លងរាតត្បាតកាន់តែច្រើនឡើង ហើយពួកមន្ត្រីសុខភាពសាធារណៈ បានប្រវេប្រវាទប់ទល់ការកើនឡើងយ៉ាងគំហុកនូវករណីឆ្លងកូវីដ១៩ថ្មីនៅក្នុងសហរដ្ឋអាមេរិក។
សាលាឧទ្ធរណ៍មួយ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានអនុញ្ញាតឲ្យដាក់ការតម្រូវឱ្យចាក់វ៉ាក់សាំងនៅកន្លែងធ្វើការ ដែលគ្របដណ្តប់ដល់អ្នកធ្វើការងារអាមេរិកាំងជាង៨០លាននាក់ចូលជាធរមាន ដែលនេះបានបណ្តាលឲ្យបណ្តាអាជីវកម្ម រដ្ឋនិងក្រុមផ្សេងៗទៀតដែលមានបញ្ហាជាមួយគោលនយោបាយនោះ សុំឲ្យតុលាការកំពូលរាំងខ្ទប់ការដាក់កំហិតឲ្យចាក់វ៉ាក់សាំងនោះ៕