លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកមានប្រសាសន៍ថា ជំនួបរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេស G-20 បានទទួលជោគជ័យកាលពីថ្ងៃសៅរ៍ម្សិលមិញ ថ្វីបើអស់លោករដ្ឋមន្រ្តី មិនបានឈោងដល់កិច្ចព្រមព្រៀងដើម្បីជំទាស់ប្រឆាំងនឹងកិច្ចគាំពាទំនិញក្នុងប្រទេសក៏ដោយ។
លោករដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងចាកចេញពីទីនេះដោយមានទំនុកចិត្តថា សហការីរបស់ខ្ញុំហើយនិងខ្ញុំអាចធ្វើការក្នុងភាពជាដៃគូដើម្បីធ្វើឲ្យសេដ្ឋកិច្ចសាកលលោកមានការរីកចម្រើន ហើយនិងមានស្ថិរភាពខាងហិរញ្ញវត្ថុ»។
ដោយនិយាយយោងដល់ការតាំងចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចំពោះក្រុមហ៊ុននិងពួកកម្មករអាមេរិកាំង លោក Mnuchin បានលប់ចោលកិច្ចការពារទំនិញក្នុងប្រទេសចេញពីសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅពេលបញ្ចប់សន្និសីទកំពូល។
ទោះយ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តីរតនាគារអាមេរិកាំង បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែជឿជាក់ពាណិជ្ជកម្មសេរី។
លោក Mnuchin មានប្រសាសន៍ថា៖ «យើងជឿជាក់ពាណិជ្ជកម្មសេរី យើងជាទីផ្សារដ៏ធំបង្អស់មួយរបស់ពិភពលោក។ យើងចង់និយាយថា យើងចង់ពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងមួយចំនួន»។ លោកបាននិយាយបន្តទៀតដោយសំដៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម NAFT។
មហាអំណាចពិភពលោកផ្សេងទៀតដែលមានវត្តមានបាននិយាយសម្រាលពីការខ្វែងគំនិតរវាងប្រទេសនានា។
លោក Wolfgang Schaeuble រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់បានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «វាមិនមែនជាការពិតទេថា យើងមិនបានព្រមព្រៀងគ្នានោះ។ វាជាការច្បាស់លាស់បំផុតថា យើងមិនមែនគាំពារទំនិញនៅក្នុងប្រទេសនោះ៕