លោក Steve Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងធ្វើដំណើរនៅថ្ងៃសុក្រនេះទៅចូលរួមជំនួបប្រទេសដែលមានឧស្សាហកម្មជឿនលឿនហៅថា G-20 លើកទីមួយរបស់មេដឹកនាំហិរញ្ញវត្ថុកំពូលរបស់ពិភពលោកនៅក្នុងប្រទេសអាល្លឺម៉ង់ដោយមានសារមួយថា រដ្ឋបាលថ្មីរបស់ប្រធានាធិបតីដូណាល់ ត្រាំ នឹងមិនអនុគ្រោះដល់ប្រទេសណាដែលព្យាយាមបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួនដើម្បីទទួលផលប្រយោជន៍ខាងពាណិជ្ជកម្មមិនត្រឹមត្រូវនោះទេ។
សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្ម៥០២ពាន់លានដុល្លារកាលពីឆ្នាំទៅ ដែលជាការប្រៀបធៀបភាពខុសគ្នារវាងតម្លៃនៃការនាំទំនិញចេញរបស់សហរដ្ឋអាមេរិកទៅនឹងតម្លៃនៃការនាំចូលទំនិញ។ ទោះបីប្រធានាធិបតីដូណាល់ ត្រាំ បានសន្យាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុជាតិក៏ដោយ វាជាតួលេខដែលអាចរីកកាន់តែធំឡើងដោយតម្លៃប្រាក់ដុល្លារសហរដ្ឋអាមេរិកឡើងថ្លៃ ធ្វើឲ្យការផលិតទំនិញសហរដ្ឋអាមេរិកចុះសោហ៊ុយ ហើយធ្វើឲ្យកាន់តែពិបាកឡើងដើម្បីលក់ផលិតផលសហរដ្ឋអាមេរិកនៅបរទេស។
លោកប្រធានាធិបតីត្រាំ បានត្អូញត្អែរក្នុងអំឡុងពេលនៃការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីថា ប្រាក់យ័នរបស់ចិនហើយនិងប្រាក់អឺរ៉ូរបស់តំបន់អឺរ៉ុប កាន់តែចុះខ្សោយឡើង ដែលកំពុងផ្តល់ឲ្យរដ្ឋាភិបាលក្រុងប៉េកាំង និងប្លុកប្រើប្រាស់ប្រាក់អឺរ៉ូដែលមានប្រទេស១៩មានតុល្យភាពខាងពាណិជ្ជកម្មមិនត្រឹមត្រូវជាមួយសហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី បានរិះគន់យ៉ាងខ្លាំងពីតម្លៃរូបិយប័ណ្ណរបស់ចិន សូម្បីតែលោកប្រធានាធិបតីកំពុងមានផែនការរៀបចំសន្និសីទកំពូលដែលមានរយៈពេល២ថ្ងៃនៅខែក្រោយនៅកន្លែងលំហែកាយរបស់លោកនៅរដ្ឋ Florida តាមបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិកជាមួយប្រធានាធិបតីចិន ស៊ី ជីងពីងក៏ដោយ៕