ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ផ្លាស់ប្តូរ​រដ្ឋមន្រ្តី ខណៈ​ដែល​លោក​ប្រធានាធិបតី​ត្រាំ​ធ្វើ​ការ​គំរាម​សារ​ជា​ថ្មី ហើយ​ការ​វិនិយោគ​បរទេស​ផ្ទាល់​ធ្លាក់​ចុះ


លោក Gao Hucheng រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​ចិន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​ការ​វិវត្ត​នៃ​ពាណិជ្ជកម្ម​ចិន​សម្រាប់​ឆ្នាំ២០១៥ ​នៅ​ក្នុង​ក្រុង​បេ៉កាំង កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។
លោក Gao Hucheng រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​ចិន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​ការ​វិវត្ត​នៃ​ពាណិជ្ជកម្ម​ចិន​សម្រាប់​ឆ្នាំ២០១៥ ​នៅ​ក្នុង​ក្រុង​បេ៉កាំង កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​ក្តី​បារម្ភ​របស់​ចិន​កើត​មាន​ឡើង​វិញ​ទៀត​ ដោយ​បាន​ហៅ​ចិន​ថា ជា​អ្នក​ក្រឡុក​រូបិយប័ណ្ណ​តាម​ចិត្ត​ ប៉ុន្មាន​សប្តាហ៍​នៅ​ក្រោយ​ពេល​ដែល​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ថា បញ្ហា​នេះ​មិន​ត្រូវ​បាន​គេ​ខ្វាយខ្វល់។ លោក​ប្រធានាធិបតី​ត្រាំ​បាន​សង្កត់​ធ្ងន់​ម្តង​ទៀត​ពី​ជំហរ​របស់​លោក​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​ចង្អុល​បង្ហាញ​ថា ចិន​នឹង​មែន​ជា​ប្រទេស​តែ​មួយ​ទេ​ដែល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​បញ្ហា​រូបិយប័ណ្ណ​នោះ។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ថា «ខ្ញុំ​គិត​ថា ពួកគេ​ពូកែ​ណាស់​ខាង​ក្រឡុក​រូបិយប័ណ្ណ។ ខ្ញុំ​មិន​ទាន់​ឈប់​ត្រឹម​ហ្នឹង​នោះ​ទេ។ យើង​ចាំ​មើល​ថា​តើ​មាន​អ្វី​នឹង​កើត​ឡើង»។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ការ​អំពាវនាវ​ទាក់ទង​នឹង​បញ្ហា​នេះ​នៅ​ថ្ងៃទី១៥ ខែ​មេសា។ ប៉ុន្តែ​លោក​រដ្ឋមន្រ្តី Mnuchin អាច​នឹង​ត្រូវ​បញ្ចេញ​ផែនការ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ G20 នៅ​ថ្ងៃទី១៧ និង​១៨​នៅ​ក្នុង​ក្រុង Bonn។​

សេដ្ឋវិទូ​ជាច្រើន​ជឿ​ថា រូបិយប័ណ្ណ​យ័ន (Yuan) ​របស់​ចិន​មិន​បាន​ធ្លាក់​ថ្លៃ​ដោយ​ចេតនា​ដូច​កាលពី​អតីតកាល​នោះ​ទេ។ អង្គការ​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IMF) បាន​និយាយ​កាលពី​ឆ្នាំ​មុន​ថា តម្លៃ​នៃ​រូបិយប័ណ្ណ​ចិន​គឺ​ស្រប​ទៅ​នឹង​គោលការណ៍​សេដ្ឋកិច្ច​របស់​ខ្លួន។

លោក​សាស្រ្តាចារ្យ​ Kaushik Basu នៃ​សាកលវិទ្យាល័យ Cornell និង​ជា​អតីត​ប្រធាន​ក្រុម​អ្នក​វិភាគ​សេដ្ឋកិច្ច​នៅ​ធនាគារ​ពិភពលោក​បាន​ប្រាប់​ VOA ថា «មិន​មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ពី​ការ​ក្រឡុក​រូបិយប័ណ្ណ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​នោះ​ទេ ក្រៅ​តែ​ពី​ការ​ទិញ និង​លក់​រូបិយប័ណ្ណ​បរទេស​ម្តងម្កាល​ដើម្បី​ធ្វើ​ឲ្យ​រូបិយប័ណ្ណ​នឹងនរ​ ដែល​ប្រទេស​ទាំង​អស់​ ទាំង​ប្រទេស​អ្នក​មាន​ និង​ប្រទេស​អ្នក​ក្រ ធ្វើ​ដូច​គ្នា។ លោក​បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ប្រកាស​ថា ចិន​ជា​អ្នក​ក្រឡុក​រូបិយប័ណ្ណ​នោះ​ទេ ដែល​ហៅ​ដូច្នេះ​គឺ​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ ហើយ​អាច​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ប្តូរ​ប្រាក់​បរទេសក្រឡាប់​ចាក់។

នៅ​ក្នុង​ការ​អនុវត្ត​ធម្មតា ក្រសួង​រតនាគារ​ជាតិ​អាមេរិក​អាច​នឹង​ប្រើ​លក្ខខណ្ឌ​ចំនួន​៣​ដើម្បី​កំណត់​ថា​តើ​ប្រទេស​ចិន​សម​នឹង​គេ​ហៅ​ថា​ជា​ អ្នក​ក្រឡុក​រូបិយប័ណ្ណ​ នៅ​ពេល​ខ្លួន​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី១៥ ខែ​មេសា ឬ​យ៉ាង​ណា។

លោក Scott Kennedy ដែល​ជា​ប្រធាន​គម្រោង​លើ​ជំនួញ​និង​សេដ្ឋកិច្ច​នយោបាយ​ចិន​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្រ្ត​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា «ប្រសិន​បើ​ក្រសួង​រតនាគារ​ជាតិ​ប្រកាន់​ខ្ជាប់​នូវ​លក្ខខណ្ឌ​ទាំង​៣​នោះ​ ក្រសួង​នេះ​នឹង​មិន [ប្រកាស​ថា​ចិន​ជា​អ្នក​ក្រឡុក​រូបិយប័ណ្ណ​នោះ​ទេ] ពីព្រោះ​ចិន​នា​ពេល​ថ្មីៗ​នេះ​បាន​បំពេញត្រឹម​លក្ខខណ្ឌ​១​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​៣។ ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នឹង​ធ្វើ​ឲ្យ​គោលនយោបាយ​អាមេរិក​ចំពោះ​ប្រទេស​ចិន​ទូលំទូលាយ​ជាង​មុន ដែល​បញ្ហា​នេះ​កំពុង​ត្រូវ​បាន​គេ​ពិចារណា​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត»។​

នេះ​ជា​ពេលវេលា​ដ៏​អាក្រក់​សម្រាប់​ចិន ដែល​ការ​វិនិយោគ​បរទេស​ផ្ទាល់ (FDI) មាន​ការផ្លាស់ប្ដូរ ដោយ​ធ្លាក់​ចុះ​ចំនួន​៩,២%​កាល​ពី​ខែ​មករា។ ការ​ធ្លាក់​ចុះ​នេះ​កើត​ឡើង​ក្រោយ​ការ​វិនិយោគ​បរទេស​ផ្ទាល់​បាន​កើន​ឡើង​៣,៩%​កាល​ពី​ខែ​វិច្ឆិកា និង​៤,១%​កាល​ពី​ខែ​ធ្នូ។ តួ​លេខ​សម្រាប់​ខែ​កុម្ភៈ អាច​នឹង​ពន្យល់​កាន់​តែ​ច្បាស់​ថា​តើ​ការ​ធ្លាក់​ចុះ​នេះ​ជា​និន្នាការ​ ឬ​គ្រាន់​តែ​ជា​ភាព​ខុស​គ្នា​តាម​ខែ​តែ​ប៉ុណ្ណោះ។

លោក Basu មាន​ប្រសាសន៍​ថា «ការ​ធ្លាក់​ចុះ​ក្នុង​ការ​វិនិយោគ​បរទេស​ផ្ទាល់​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​ថ្មីៗ​នេះ អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​របស់​លោក​ប្រធានាធិបតី​ត្រាំ ក្នុង​ការ​បង្កើត​ឧបសគ្គ​នានា។ ប៉ុន្តែ​វា​ក៏​មាន​កត្តា​ផ្សេងៗ​ទៀត​ផង​ដែរ។ មាន​ការ​បញ្ជូន​ប្រាក់​ចំណេញ​រួម​គ្នា​ចេញ​ពី​ប្រទេស​ចិន​ដោយ​អ្នក​វិនិយោគ​បរទេស​ក្នុង​ប្រទេស​ចិន​នា​ពេល​ថ្មីៗ ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​វិនិយោគ​បរទេស​ផ្ទាល់​ដុល​ផង​ដែរ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG