រដ្ឋញូវយ៉ក (New York) នៅភាគឦសានសហរដ្ឋអាមេរិក ដែលពីដំបូងជាតំបន់មានការផ្ទុះរាតត្បាតជំងឺកូវីដ១៩ខ្លាំងជាងគេនៅក្នុងប្រទេសឥឡូវបានតម្រូវឲ្យអ្នកធ្វើដំណើរពីរដ្ឋចំនួន៨ ដែលមករដ្ឋញូវយ៉ក ត្រូវដាក់ឲ្យនៅដោយឡែក ឬចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
បទបញ្ជាថ្មីនេះត្រូវបានប្រកាសដោយអភិបាលរដ្ឋញូវយ៉ក លោក Andrew Cuomo កាលពីពុធ ហើយត្រូវអនុវត្តចំពោះពលរដ្ឋដែលមកពីរដ្ឋមានអត្រាឆ្លងកូវីដ១៩កំពុងកើនឡើងខ្ពស់ គឺរដ្ឋ Alabama រដ្ឋ Arizona រដ្ឋ Arkansas រដ្ឋ Florida រដ្ឋ North Carolina រដ្ឋ South Carolina រដ្ឋ Texas និង Utah។ រដ្ឋជាប់ខាងចំនួនពីរទៀតរបស់រដ្ឋញូវយ៉កគឺរដ្ឋ Connecticut និងរដ្ឋNew Jersey ក៏អនុវត្តបទបញ្ជាថ្មីនេះដែរ។
បទបញ្ជារួមគ្នារបស់រដ្ឋទាំងបីតម្រូវឲ្យធ្វើចត្តាឡីស័កនេះ បានចេញក្នុងថ្ងៃដែលសហរដ្ឋអាមេរិកបានរាយការណ៍ពីការឆ្លងកូវីដ១៩ថ្មីចំនួន៣៦,០០០ករណីដែលនេះជាចំនួនឆ្លងក្នុងមួយថ្ងៃច្រើនបំផុតចាប់តាំងពីចុងខែមេសាមក។ ចំណុចនៃការផ្ទុះឆ្លងខ្លាំងនេះមាននៅទូទាំងប្រទេស តាំងពីរដ្ឋ Florida នៅភាគអាគ្នេយ៍និងរដ្ឋ Arizona និង Texas នៅភាគនិរតី រហូតដល់រដ្ឋកាលីហ្វ័រញ៉ានៅឆ្នេរសមុទ្រភាគខាងលិចប្រទេស។
រដ្ឋកាលីហ្វ័រញ៉ាបានរាយការណ៍ពីការឆ្លងថ្មីក្នុងមួយថ្ងៃរហូតដល់៧,០០០ករណី ហើយរដ្ឋជាច្រើនក៏បានរាយការណ៍អំពីចំនួនអ្នកជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យច្រើនជាងដោយរដ្ឋ Texas រាយការណ៍ករណីឆ្លងថ្មី៥,០០០ករណី និងអ្នកត្រូវចូលសម្រាកនៅមន្ទីរពេទ្យថ្មីក្នុងមួយថ្ងៃរហូតដល់៤,០០០នាក់។
សហរដ្ឋអាមេរិកនៅពេលនេះមានការផ្ទុះរាតត្បាតជំងឺកូវីដ១៩ខ្លាំងជាងគេក្នុងពិភពលោកដោយត្រឹមថ្ងៃព្រហស្បតិ៍មានអ្នកឆ្លងជាង២.៣លាននាក់ និងអ្នកស្លាប់ជិត១២២,០០០នាក់។
បន្ទាប់ពីសហរដ្ឋអាមេរិក តំបន់អាមេរិកឡាទីនបានក្លាយជាតំបន់ផ្ទុះរាតត្បាតខ្លាំងជាងគេទី២ ដោយតំបន់នេះមានអ្នកស្លាប់សរុបជាង១០០,០០០នាក់ ក្នុងនោះអ្នកស្លាប់ជាងពាក់កណ្តាលនៅក្នុងប្រទេសប្រេស៊ីល៕