បន្ទាប់ពីបុគ្គលិកពេទ្យចំនួន ២ នាក់ នៅក្នុងទីក្រុងញូវយ៉កបានធ្វើអត្តឃាតកាលពីពេលថ្មីៗនេះ អភិបាលក្រុងញូយ៉កលោក Bill de Blasio បានប្រកាសកាលពីថ្ងៃពុធ ទី២៩ ខែមេសាថា អ្នកឯកទេសខាងសុខភាពផ្លូវចិត្តយោធាអាមេរិក នឹងជួយបុគ្គលិកជួរមុខរបស់ទីក្រុងនេះឲ្យបានធូរស្បើយពីភាពតានតឹងផ្លូវចិត្តដ៏ធ្ងន់ធ្ងររបស់ពួកគេ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក Bill de Blasio បានថ្លែងប្រាប់អ្នកយកព័ត៌មានដូច្នេះថា៖ «យើងត្រូវគិតអំពីអ្វីដែលវេជ្ជបណ្ឌិត គិលានុបដ្ឋាក បុគ្គលិកថែទាំសុខភាព អ្នកបច្ចេកទេសវេជ្ជសាស្រ្ត និងបុគ្គលិកពេទ្យផ្នែកសង្គ្រោះបន្ទាន់របស់យើងបានឆ្លងកាត់។ សូមគិតទៅមើល! ពួកគេទាំងនេះ ពេលខ្លះ ត្រូវឈរមើលអ្នកជំងឺបាត់បង់ជីវិតនៅចំពោះមុខពួកគេ»។
លោក de Blasio បានថ្លែងបន្ថែមទៀតថា ក្រុមបុគ្គលិកពេទ្យទាំងអស់នេះ ត្រូវបំពេញការងារដល់កម្រិតខ្លាំងបំផុតមួយ ហើយពួកគេមិនគួររ៉ាប់រងបន្ទុកទាំងនេះ តែម្នាក់ឯងនោះទេ។
ភរិយារបស់លោកBill de Blasio គឺលោកស្រី Chirlane McCray ជាអ្នកតស៊ូមតិផ្នែកសុខភាពផ្លូវចិត្ត ហើយលោកស្រី បានចាប់ផ្តើមកម្មវិធីសុខភាពផ្លូវចិត្តមួយដែលមានឈ្មោះថា Thrive NYC។ លោកស្រី ក៏កំពុងធ្វើការលើគំនិតផ្តួចផ្តើមថ្មីមួយជាមួយក្រសួងការពារប្រទេសផងដែរ។
លោកស្រី Chirlane McCray បានថ្លែងថា អ្នកធ្វើការជួរមុខកំពុងប្រឈមនឹង «ស្ថានការណ៍ដូចជាសមរភូមិ» អ៊ីចឹង នៅពេលពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានេះ។ កាលពីថ្ងៃពុធ ទី ២៩ ខែមេសា កន្លងទៅនេះ លោកស្រីបានថ្លែងក្នុងសម្តីដើមថា៖ «ស្ថានភាពផ្លូវអារម្មណ៍របស់អ្នកធ្វើការជួរមុខទាំងអស់នោះ គឺជាវិបត្តិត្រួតលើវិបត្តិ ហើយវាជាបញ្ហាសុខភាពផ្លូវចិត្តដែលត្រូវដោះស្រាយជាបន្ទាន់»។
យោធាសហរដ្ឋអាមេរិកដោះស្រាយបញ្ហាស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត និងភាពតានតឹងក្នុងចិត្ត ក្នុងជួរយោធារបស់ខ្លួន ហើយទាក់ទងនឹងរឿងនេះ លោកស្រី McCray បាននិយាយថា ក្រុមយោធា អាចផ្តល់នូវការយល់ដឹងពិសេសមួយអំពីវិធីជួយដល់អ្នកធ្វើការជួរមុខទាំងនោះ។
ទីក្រុងញូវយ៉កបានស្ថិតនៅក្នុងចំណោមទីកន្លែងមួយចំនួនក្នុងពិភលោកដែលរងគ្រោះខ្លាំងបំផុតដោយសារជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃពុធទី២៩ខែមេសានេះ ទីក្រុងដែលមានពលរដ្ឋរស់នៅចំនួន៨លាន ៦សែននាក់នេះ មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន១សែន៦ម៉ឺននាក់ ហើយនឹងមនុស្សជាង ១ម៉ឺន ២ពាន់នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារជំងឺកូវីដ១៩។
មានមនុស្សជាង ៤ម៉ឺន១ពាន់នាក់ នាក់បានឈឺក្នុងកម្រិតដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យ ដែលពេលខ្លះ ធ្វើឲ្យចំនួនអ្នកជំងឺមានច្រើនលើសលប់សម្រាប់មន្ទីរពេទ្យក្នុងទីក្រុងញូវយ៉ក។ នៅពេលដែលការរាតត្បាតនៃវីរុសកូរ៉ូណា បានចាប់ផ្តើមខ្លាំងនៅពាក់កណ្តាលខែមិនា ទីក្រុងនេះ បានប្រញាប់ប្រញ៉ាល់ត្រៀមឧបករណ៍ការពារខ្លួនឲ្យបានគ្រប់គ្រាន់សម្រាប់អ្នកធ្វើការផ្នែកវេជ្ជសាស្រ្ត។ អ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកធ្វើការផ្នែកសង្គ្រោះបន្ទាន់ បានធ្លាក់ខ្លួនឈឺ ក្នុងពេលពួកគេធ្វើការទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណានេះ។
អ្នកធ្វើអត្តឃាតម្នាក់ក្នុងចំណោមអ្នកធ្វើអត្តឃាតទាំង២នាក់នោះ គឺវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ អ្នកស្រី Lorna Breen។ អ្នកស្រី បានឆ្លងវីរុសកូរ៉ូណា ហើយប្រមាណជា ១០ ថ្ងៃក្រោយមក អ្នកស្រីបានចូលធ្វើការវិញ។ មន្ទីរពេទ្យរបស់អ្នកស្រី បានបញ្ជូនអ្នកស្រីទៅផ្ទះវិញ ហើយឪពុកម្តាយរបស់អ្នកស្រី បាននាំអ្នកស្រីទៅផ្ទះរបស់ពួកគេនៅរដ្ឋ Virginia។ នៅទីនោះហើយដែលអ្នកស្រីបានធ្វើអត្តឃាតកាលពីថ្ងៃអាទិត្យ ទី ២៦ ខែមេសា កន្លងទៅនេះ បន្ទាប់ពីអ្នកស្រីបាននិយាយរៀបរាប់អំពីភាពភ័យរន្ធត់ដែលអ្នកស្រីបានជួបប្រទះ។
ឪពុករបស់អ្នកស្រី គឺលោក Philip Breen ដែលជាវេជ្ជបណ្ឌិតដែរនោះ បានប្រាប់សារព័ត៌មានThe New York Times ថា កូនស្រីរបស់លោក«គឺពិតជាអ្នកធ្វើការជួរមុខដ៏ខ្លាំងក្លាមួយរូប»។ លោកថ្លែងទៀតថា កូនស្រីរបស់លោក គឺជាវីរៈនារីមួយរូប ដែលដូចជនរងគ្រោះទូទៅដទៃទៀតដែរ ដែលបានស្លាប់ដោយសារតែវីរុសកូរ៉ូណានេះ។
លោក John Mondello អាយុ ២៣ ឆ្នាំ បានបញ្ចប់ការសិក្សាកាលពីខែកុម្ភៈ ពីវិទ្យាស្ថានបច្ចេកទេសវេជ្ជសាស្ត្រផ្នែកសង្គ្រោះបន្ទាន់នៃឌឺប៉ាតឺម៉ង់ពន្លត់អគ្គីភ័យក្រុងញូវយ៉ក។ តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយពីលោកបានចាប់ផ្តើមចូលធ្វើការ វីរុសកូរ៉ូណា បានចាប់ផ្តើមរាតត្បាតយ៉ាងខ្លាំងនៅទូទាំងទីក្រុងញូវយ៉ក។ អ្នកទាំងឡាយដែលបានស្គាល់លោក John Mondello បាននិយាយថា លោកជាមនុស្សរីករាយម្នាក់ ក៏ប៉ុន្តែ ភាពតានតឹងផ្លូវចិត្តដោយសារវីរុសកូរ៉ូណានេះ មានភាពលើសលប់ពេកសម្រាប់លោក ហើយលោកបានធ្វើអត្តឃាតកាលពីថ្ងៃសុក្រ ទី ២៤ ខែមេសាកន្លងទៅនេះ។
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្នែកសុខភាពផ្លូវចិត្តថ្មីមួយ អ្នកឯកទេសខាងជំងឺបាក់ស្បាតយោធា នឹងធ្វើការវាយតម្លៃមន្ទីរពេទ្យនិមួយៗ ហើយនឹងរៀបចំកម្មវិធីទៅតាមតម្រូវការរបស់ពួកគេ។ ក្រុមអ្នកឯកទេសទាំងនោះ ក៏នឹងបណ្តុះបណ្តាលក្រុមតូចៗនៅតាមមន្ទីរពេទ្យនិមួយៗក្នុងការគ្រប់គ្រងភាពតានតឹងផ្លូវចិត្ត ដែលបន្ទាប់មកពួកគេទាំងនោះ នឹងបណ្តុះបណ្តាលបុគ្គលិកមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ១.០០០ នាក់បន្ថែមទៀត។ សេវាកម្មនេះ នឹងមានជាបន្តទៀត ក្រោយពីការរាតត្បាតនៃជំងឺកូវីដ១៩ បានបញ្ចប់។
លោកស្រី McCray បាននិយាយថា កម្មវិធីនេះ កំពុងដំណើរការហើយ ហើយលោកស្រីរំពឹងថា វាដំណើរការពេញលេញនៅក្នុងខែឧសភានេះ។ ទីក្រុងញូយ៉កបានឆ្លងផុតកម្រិតខ្ពស់បំផុតនៃការរាតត្បាតដោយវីរុសកូរ៉ូណានេះ គ្រាដែលសូចនាករតាមដានបង្ហាញថា ករណីអ្នកឆ្លងថ្មី កំពុងថយចុះ ហើយចំនួនអ្នកជំងឺដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក៏កំពុងថយចុះដែរ។
ទម្រាំតែបានប្រសើរឡើងបន្តិចនេះ ទីក្រុងញូវយ៉កបានតស៊ូជម្នះយ៉ាងខ្លាំង ហើយអភិបាលក្រុងបានបង្កឲ្យមានភាពតានតឹងជាមួយនឹងសមាជិកខ្លះក្នុងសហគមន៍កាន់សាសនាជ្វីហ្វ កាលពីថ្ងៃអង្គារទី២៨ខែមេសាកន្លងទៅនេះ នៅពេលដែលលោក បានសរសេរសារលើបណ្តាញធ្វីតធឺរ ថ្កោលទោសដល់ការជួបជុំដ៏ធំមួយនៅក្នុងពិធីបុណ្យសពរបស់គ្រូប្រដៅសាសនាជ្វីហ្វនិកាយHasidicមួយរូប។
លោក De Blasio បានទៅសង្កាត់ Brooklyn ដើម្បីមើលស្ថានភាពជាក់ស្តែង ហើយប៉ូលីសបានបំបែកក្រុមអ្នកកាន់ទុក្ខ។ ថ្វីបើមានការរិះគន់ក៏ដោយ ក៏លោក De Blasio មិនបានធ្វើការសុំអភ័យទោសនោះទេ ដោយកាលពីថ្ងៃពុធទី ២៩ ខែមេសា លោកបាននិយាយថា មានមនុស្ស«រាប់ពាន់នាក់»នៅក្នុងការជួបជុំនោះ ដែលនោះគឺជាការរំលោភបំពានដោយចេតនាដល់ការណែនាំឲ្យរក្សាគម្លាតនៅឆ្ងាយពីគ្នា។
នៅក្នុងការឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន លោក De Blasio បានថ្លែងថា៖ «លោកអ្នកបានឮយ៉ាងល្អិតល្អន់ អំពីអ្វីដែលខ្ញុំបានប្រាប់ប្រជាពលរដ្ឋទាំងអស់ហើយថា មិនថានៅក្នុងសហគមន៍ណា ឬ សាសនាអ្វីនោះទេ លោកអ្នកមិនអាចប្រមូលផ្តុំគ្នាដើម្បីប្រតិបត្តិសាសនារបស់លោកអ្នក នៅក្នុងវិហារសាសនារបស់លោកអ្នកនោះទេ។ ខ្ញុំ បានប្រាប់ដូច្នេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ ពីមុនមក យើងក៏បាននិយាយអំពីពិធីបុណ្យសពដែរ ហេតុដូច្នេះហើយ បានជាខ្ញុំមានការខឹងសម្បារយ៉ាងខ្លាំងដូចនេះ។ យើងបានប្រាប់ឲ្យដឹងជាមុន ជាច្រើនលើកហើយ»។
លោកបាននិយាយទៀតថា ប្រសិនបើមានការជួបជុំធំបែបនេះកើតឡើង ទៀតមិនថានៅកន្លែងណាមួយនៅក្នុងទីក្រុងញូយ៉កទេ នោះប៉ូលិសនឹងចេញដីកាកោះហៅ និងចាប់ខ្លួនអ្នកទាំងនោះ។
មជ្ឈមណ្ឌល Simon Wiesenthal Center ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ដែលតាមដាន និងប្រយុទ្ធប្រឆាំងនឹងអ្នកដែលប្រឆាំងនឹងអ្នកកាន់សាសនាជ្វីហ្វនោះ បានចោទអភិបាលក្រុងថា៖ «បានចូលរួមចំណែកក្នុងការធ្វើឲ្យមានគំនិតអគតិដ៏គ្រោះថ្នាក់ចំពោះអ្នកកាន់សាសនាជ្វីហ្វទាំងអស់នៅក្នុងទីក្រុងញូវយ៉ក តាមអារម្មណ៍របស់លោក»។
ក៏ប៉ុន្តែមជ្ឈមណ្ឌលនេះ ក៏បាននិយាយផងដែរថា ខ្លួនថ្កោលទោសសមាជិកទាំងឡាយនៅក្នុងសហគមន៍របស់ខ្លួន និងអ្នករស់នៅក្នុងទីក្រុងញូវយ៉កដទៃទៀត ដែលមានអាកប្បកិរិយាមិនចេះពិចារណា និងធ្វេសប្រហែស ដោយថា អាកប្បកិរិយាបែបនោះ គឺជាការគំរាមកំហែងដល់សុខុមាលភាពរបស់យើងទាំងអស់គ្នា៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់