ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សុំ​ពិភាក្សា​ជាមួយ​អាមេរិក​អំពី​ចំណាត់​ថ្នាក់​កម្ពុជា​បញ្ហា​ជួញ​ដូរ​មនុស្ស


ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ស.រ.អា.​បាន​ប្រកាស​ដាក់​ប្រទេស​កម្ពុជា​ឲ្យស្ថិត​ក្នុង​លំដាប់​ប្រទេស​ដែល​គ្មាន​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ និង​ដាក់​ទោស​អ្នកពាក់​ព័ន្ធនឹង​ការ​ជួញដូរ​មនុស្ស​ដល់​កម្រិត​ខ្ពស់។

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ បាន​ស្នើ​ឲ្យ​ការិយាល័យ​ស.រ.អា.ប្រឆាំងការ​ជួញដូរ​មនុស្សធ្វើការ​ពិភាក្សា​ និង​ផ្ទៀងផ្ទាត់​ជាមួយ​កម្ពុជា​ក្រោយ​ពី​ស.រ.អា.​បាន​ប្រកាស​ដាក់​ប្រទេស​កម្ពុជា​ឲ្យស្ថិត​ក្នុង​លំដាប់​ប្រទេស​ដែល​គ្មាន​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ និង​ដាក់​ទោស​អ្នកពាក់​ព័ន្ធនឹង​ការ​ជួញដូរ​មនុស្ស​ដល់​កម្រិត​ខ្ពស់។​

ប្រតិកម្ម​របស់​មន្ត្រី​ប៉ូលិសខ្មែរទំនង​ជា​ចង់​បាន​កិច្ច​សហការ​គ្នា​ដោយ​សុឆន្ទៈ​ ដើម្បី​ឲ្យ​របាយ​ការណ៍​ពេលក្រោយ​មាន​ភាព​សុក្រឹត។​

មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ផ្នែក​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​គឺ​លោក​ឧត្តម​សេនីយ៍​ឯក​ ប៉ុល ភិធេយ្យ​បាន​ទទួល​ស្គាល់​ថា ​របាយ​ការណ៍​ស្តីពី​ចំណាត់​ថ្នាក់​នៃ​ការ​ជួញ ដូរ​មនុស្ស​ធ្វើ​បាន​ប្រសើរ​មែន​ តែ​លោក​នៅតែ​ស្នើ​ថា​ ទោះ​ជា​របាយ​ការណ៍​ស.រ.អា.​ ជា​អ្នក​ធ្វើមែន​ តែ​ស.រ.អា.គួរ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា ​និង​អ​ង្គការ​ក្នុង​ ប្រទេស​ជាមុន​សិន​ មុន​បញ្ចេញ​របាយ​ការណ៍​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ ដែល​ លោក​អះអាង​ថា ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ ជួញ​ដូរ​មនុស្ស​នោះ។​

«តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ចង់ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​គឺ​មាន​អ្វី​ឆ្ងល់​សួរ​ថា​ តើ​ កម្ពុជា​ហ្នឹង​ធ្វើបាន​អី​ក្នុងរយៈ​ពេលណា។ ​ជាក់ស្តែង​ យើង​ត្រូវការ​(ព្រោះ) ​តួលេខ​ជួន​កាល​វា​អត់​ត្រូវគ្នា​គឺ​ដោយសារ​ពេលវេលា​នៃ​ការ​កំណត់​ ឬ​ក៏​ហេតុផល។​ ខ្ញុំ​ចង់​និយាយ​ហេតុផល​តួលេខ។​ ឧទាហរណ៍​ថា​ កម្ពុជា​បង្ក្រាប​បាន​តិច​ជាង​មុន។​ ឧទាហរណ៍​កម្ពុជា​បាន​បង្ក្រាប​បទល្មើស​ អាជីវកម្ម​ផ្លូវភេទ​ចុះ​ថា​ បង្ក្រាប​បាន​តិច​ជាង​មុន។​ អាហ្នឹង​យើង​(គេ)​ មិន​អាច​កំណត់​ថា ​កម្ពុជា​អត់ល្អ​ អត់​ដំណើរ​ការ​បង្ក្រាប​ទេ​ គឺ​ចង់​និយាយ​ថា ​ចុះ​នៅ​ពេល​យើង​បង្ក្រាប​សភាព​ការណ៍​វា​ធូរស្រាល​ វា​អស់»។​

លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​កាលពី​ខែសីហា​នៅ​ការិយាល័យ​របស់​លោក​នៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ថា ​គេ​មិន​អាច​យក​ការ​បង្ក្រាប​ឆ្នាំ​២០១៥​ទៅ​ប្រៀប​ ធៀប​នឹង​ឆ្នាំ​២០០០​ ឬ​២០១៣​ទេ​ ព្រោះ​ពេល​នោះ​គឺបទ​ល្មើស​វា​មាន​ច្រើន។​ អញ្ចឹង​បទ​ល្មើស​មាន​ច្រើន ​បង្ក្រាប​បានច្រើន។ ​តែ​ឥឡូវ​បទ​ល្មើស​វា​តិច​ វា​ថយ​ អញ្ចឹង​ការ​បង្ក្រាប​ក៏​ថយ​ទៅ​តាម​ហ្នឹង​ដែរ។ ដូច្នេះ​គេ​មិន​អាច​ថា​ ការ​បង្ក្រាប​បទ​ល្មើស​តិច​ បង្ហាញ​ថា ​កម្ពុជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទេ។​

លោក​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ថា​ ការ​បង្ក្រាប​ការ​ ជួញ​ដូរ​មនុស្ស​ក្រៅ​ប្រទេស​ឃើញ​ថា ​បង្ក្រាប​បាន​ច្រើន​ជាង​មុន​ ការ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​មានកិច្ច​សហការ​ជាមួយ​ជនរង​គ្រោះ​ បាន​បង្ក្រាប​ជា​បន្ត​នូវ​អាជីវ​កម្ម​ផ្លូវ​ភេទ​គឺ​ថយ​ពី៨,២​ភាគរយ​ក្នុងឆ្នាំ​២០១៣​មក​២,២​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៥។ ​ មាន​ការ​បង្ក្រាប​ដោយ​ចាប់​ចំ​មេក្លោង​ ហើយ​បានកាត់​ទោស​ធ្ងន់ធ្ងរ។​ ហើយ​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ផ្នែក​រៀបការ​ នេសាទ​សមុទ្រ​ក៏ធ្វើបាន​ច្រើន​ដែរ។​

«ចំណុច​នេះ​យើង​ទទួល​ស្គាល់​ថា ​ជា​ចំណុច​ដែល​យើង​ត្រូវ​ធ្វើការ​បន្ថែម​គឺ​បង្គ្រាប​ជនល្មើស​នៅ​ក្រៅ​ប្រទេស។​ ជួនកាល​ជនល្មើស​ជា​ជនជាតិ​ខ្មែរ ​តែ​គេច​ទៅ​បរទេស​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ជួញដូរ​មនុស្ស។​ អញ្ចឹង​ហើយ​បាន​យើង​ ជំរុញ​ឲ្យ​មាន​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ខាង​ថៃ​ វៀតណាម ​ម៉ាឡេស៊ី​ហើយនឹង​ ចិន ​ដែលពាក់​ព័ន្ធ​នឹង​ការឆ្លង​ដែន​របស់​ពលរដ្ឋ​កម្ពុជា​ទៅធ្វើការ​នៅ​ប្រទេស​គេ ​ឬ​បញ្ហា​អាពាហ៍​ពិពាហ៍​នេះ»។​

តែ​ការិយាល័យ​ជួញដូរ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​ស.រ.អា.បាន​ចេញ​របាយ​ ការណ៍​ប្រឆ្នាំ ​ដោយ​បាន​វាយ​តម្លៃ​ថា ​ប្រទេស​កម្ពុជាជា​ប្រទេស​មិន​សូវ​មាន​ការ​ទប់​ស្កាត់ ​និង​មិន​សូវមាន​ការ​ដាក់​ទោស​ទណ្ឌ​ការ​ជួញ​ដូរ​មនុស្ស ហើយ​ដាក់​ស្ថិត​ក្នុង​លំដាប់​ទី២​ក្រោម​ការ​តាមដាន (Tier 2 Watch List)។​ កម្ពុជា​នៅ​ក្នុង​ចំា​ណាត់ថ្នាក់​នេះ​បីឆ្នាំ​ជាប់គ្នា​ហើយ​ ចាប់​តាំងពី​ឆ្នាំ​២០១៣​មក។​

របាយ​ការណ៍​របស់​ស.រ.អា.បាន​ចាត់​ទុក​ថា ​ប្រទេស​កម្ពុជា​គឺ​ជា​ប្រភព​នៃ​ការ​ឆ្លង​កាត់​ ជា​ប្រទេស​គោលដៅ​ សម្រាប់​បុរស ​ស្រី ​និង​កុមារ​ដែល​ត្រូវរង​ការ​ជួញដូរ​ផ្នែក​កម្លាំង​ពលកម្ម​ និង​ការ​ជួញដូរ​ផ្លូវ​ភេទ។​

«រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​បទដ្ឋាន​អប្បរមា​ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរមនុស្ស​ទេ។​ ទោះជា​យ៉ាងណា​ កម្ពុជា​បាន​ប្រឹង​ប្រែង​ជា ជំហាន​ចាំ​បាច់​ខ្លះ​ក្នុង​ការ​ទប់ស្កាត់​ការ​ជួញ​ដូរមនុស្ស។​ ទោះជា​មាន​វិធាន​ការ​ដូច្នេះ​ក្តី ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ពីការ​បង្កើន​កិច្ច​ប្រឹង​ប្រែង​ប្រឆាំង​នឹងការ​ជួញដូរ​ជា​ទូទៅ​ទេ ​បើធៀប​នឹង​របាយ​ការណ៍​មុន​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ។​ ដូច្នេះ​ប្រទេស​កម្ពុជា​ត្រូវ​ដាក់​នៅ​ក្នុង​លំដាប់​ Tier 2 ​Watch List ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា»។​

ប្រទេស​កម្ពុជា​ត្រូវ​ស.រ.អា.ដាក់​ក្នុង​លំដាប់​ស្មើនឹង​ប្រទេស​មាន​ការ​រិះគន់​ផ្នែក​ការ​ គោរព​សិទ្ធិ​មនុស្ស​ ដូចជា​វៀតណាម ​ចិន ​ឡាវ ​ស៊ូដង់ ​គុយបា​ ភូមា ​កុងហ្គោ ​ជាដើម។​

របាយ​ការណ៍​ស.រ.អា.ដដែល​នេះបាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​មានកិច្ចប្រឹង​ប្រែង​ជា​មធ្យម​ មាន​បញ្ហា​ខ្វះ​ថវិកា​ និង​មិន​មាន​ការ​ដាក់ទោស​ទណ្ឌ​ជន​ល្មើស​ដែលជាអ្នក​ពាក់ព័ន្ធ​ធំៗ​ គ្មាន​ប្រព័ន្ធ​ជួយ​ពលរដ្ឋ​ខ្លួន​នៅ​ក្រៅ​ប្រទេស។​

«ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ពុក​រលួយ ​និង​ទន់ខ្សោយ ហើយ​ការ​ខ្វះ​ការ​គាំ​ពារ​ ផ្នែក​ជនរង​គ្រោះ ​និង​សាក្សីបាន​ធ្វើ​ឲ្យ​ដំណើរ​ការ​កាត់​ទោស​អូស​បន្លាយ​ពេល​ ហើយជនរង​គ្រោះ ​និង​សាក្សីភ័យ​ខ្លាច​មាន​ការ​សង​សឹក​ដោយ​ក្រុម​អ្នក​ជួញ​ដូរ។​ ទាំង​នេះ​បាន​រារាំង​ឆន្ទៈ​របស់​ជនរង​គ្រោះ​ ក្នុង​ការ​សហការ​ចំពោះ​សំណុំ​រឿង​ជា​ច្រើន។​ ជនរង​គ្រោះ ​ដែល​ទទួល​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ តែងតែ​ផ្លាស់​ប្តូរ​ចម្លើយ​ ហើយ​បាន​ធ្វើឲ្យ​ខូចខាត​ដល់​ដំណើរការ​ផ្តន្ទាទោស​ដោយ​ជោគ​ជ័យ»។​

របាយ​ការណ៍​ដដែល​បាន​បង្ហាញ​ថា​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ជន​បរទេស​ចំនួន​១២​ នាក់​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ផ្លូវ​ភេទ ​ហើយ​បាន​កាត់ទោស​អ្នក​ទេសចរណ៍​បរទេស​ពីរ​នាក់​ ជនជាតិ​ខ្មែរ​៧​នាក់​ចំពោះ​ការ​ជួញដូរ​ភេទ​លើ​កុមារ។ ​អាជ្ញាធរ​មូលដ្ឋាន​បានផ្ទេរ​ជន​រងគ្រោះ​ ដែលរងការជួញ​ដូរភេទ​ក្នុង​ស្រុក ​ទៅ​ជូន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ហើយ​មាន​មនុស្ស​រាប់​សិប​នាក់ ​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ទៅ​ធ្វើការ​ក្នុង​ទូក​នេសាទ​នៅក្រៅ​ប្រទេស ​និង​បង្ខំ​ ឬ​បោក​ប្រាស់​យក​ទៅ​លក់​ក្នុង​កន្លែង​បន​ស្រី​ក្នុង​ប្រទេស​ចិន។​

លោកស្រី​លឹម មុនី ​មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​អាដហុក​ បាន​ថ្លែង​ថា​ របាយ​ការណ៍​ស.រ.អា.វា​ត្រឹមត្រូវ​ វា​សមស្រប​ ដោយសារ​តែ​កម្ពុជា​នៅ​មាន​កំណើន​នៃ​ការ​ជួញ​ដូរ។​

«ដោយ​សារ​អ្វី?​ គឺ​ដោយ​សារ​ស្ថានភាព​នៃ​អំពើ​ជួញ​ដូរ​ស្រី្ត​ និង​កុមារ​នៅ​កម្ពុជា​នៅតែ​មាន​សន្ទុះ​ នៅតែ​មាន​ចំនួន​ច្រើន​ ថ្វីត្បិត​តែ​នៅ​ចុង​ឆ្នាំ​២០១៤​ ក៏ដូច​ជា​ដើម​ឆ្នាំ​២០១៥​នេះ ​យើង​ឃើញ​ថា​ ខាង​អាជ្ញាធរ​ ជាពិសេស​ប៉ូលិស​នៅនាយក​ដ្ឋាន​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនិតិ​ជន​ហ្នឹង​ លោក​ហាក់​ដូចជា​ប្រឹង​ហើយ​យើង​ឃើញ​ថា ​មាន​កើន​ឡើង​ចំនួន​ដែល​ចាប់​មេ​ខ្យល់​ជា​អ្នក​ជួញ​ដូរ»។​

លោកស្រី​បាន​បន្ត​ថា​ ការ​នាំ​ស្រី្ត​ទៅ​រៀបការ​ និង​លក់​ឲ្យ​បុរស​ចិន​មាន​៥០​ករណី​ នៅ​ឆ្នាំ​២០១៤។​ អង្គការ​អាដហុក​បានជួយ​អន្តរាគមន៍​ ហើយ​បាន​នាំ​យក​ពួក​គេ​ចំនួន​២១​នាក់​មក​កម្ពុជា​វិញ។ ​ហើយ​លោកស្រី​ថា​ បណ្តឹង​មាន​ការ​ថយចុះ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤។​

នាង​សាយ ផានី​ ​ជន​រងគ្រោះអាយុ​៣១​ឆ្នាំ​ រស់នៅ​ស្រុក​កំចាយមារ​ ខេត្ត​ព្រៃវែង​ត្រូវ​មេខ្យល់​នាំទៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ក្រុង​សៀងហៃ​ ប្រទេស​ចិន។​ នៅ​ទីនោះនាង​ត្រូវ​គេ​បង្ខំឲ្យ​រៀបការ​ជាមួយ​ជនជាតិ​ចិន​ដែល​មាន​សតិ​មិន​ល្អ ​ហើយ​ធ្វើការ​នៅ​ចម្ការ​ ​ហើយនាង​រង​ទារណ្មកម្ម​ពី​បុរស​ជនជាតិ​ចិន​នោះ។​

«ព្រោះអី ​យើង​ទៅដល់​ទៅនោះ​ សូម្បីតែ​ឯកសារ​អី​ គេ​ដក​ហូតពី​យើង​អស់​ហើយ។​ យើង​អត់​ស្គាល់​ អត់ចេះ​និយាយ​ភាសាគេ។​ គេ​និយាយ​ម៉េច ​យើង​ស្តាប់​គេ​ទាំង​អស់។​ បើយើង​មិន​ធ្វើតាម​គេ​ទេ​ មាន​មេ​ខ្យល់​ខ្មែរ​គេ​គំរាម​សម្លាប់​ពួក​ខ្ញុំ​ចោល»។​

នាង​សាយ ផានីចេញ​ពី​កម្ពុជា​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤ ​ហើយ​បាន​មក​ដល់​កម្ពុជា​វិញ​នៅថ្ងៃ​ទី១១ ​ខែតុលា​ឆ្នាំ​២០១៤។

«ខ្ញុំ​គិត​ថា ​ជីវិត​ខ្ញុំ​ដូចបាន​កើត​ម្តង​ទៀត​អញ្ចឹង។ ​មិន​ស្មាន​ថា ​បាន​កើត​ម្តង​ទៀត​ទេ។​ ដូចថា​ មាន​ព្រះ​ ឬ​ក៏​មាន​អី​មក​ប្រោស​ឲ្យ​ខ្ញុំ​រស់​ម្តង​ទៀត​ ព្រោះ​នៅ​ទីនោះ​គឺ ថ្ងៃ​ណា​ក៏​ខ្ញុំ​រង​ការ​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ​ ទាំង​ផ្លូវចិត្ត»។​

នាង​និយាយ​ថា ​តាមគម្រោងនាង​ត្រូវទៅ​កូរ៉េខាង​ត្បូង​ តែ​គេ​ដក​ហូត​លិខិត​ឆ្លងដែន​ ហើយ​នាំ​នាង​ទៅ​ប្រទេស​ចិន​ទៅវិញ។​ នាង​កំពុង​ដាក់​ពាក្យ​ប្តឹង​រក​យុត្តិធម៌​ ហើយ​នាង​ផ្តាំស្រី​ដទៃ​ទៀត​ឲ្យ​ប្រយ័ត្ន ​ព្រោះសូម្បី​តែ​បងប្អូន ​អ្នក​ជិត​ខាង​ មិត្ត​ភ័ក្រ្ត​ក៏​អាច​ជា​អ្នក​បោក​ប្រាស់ដែរ។​

លោក​ម៉ឹង គង្គា ​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ក្មេង​ប្រុស​៤​នាក់​ ដែល​បាន​វិល​ត្រឡប់​ មក​ដល់​កម្ពុជា​វិញ​តាមរយៈ​ការជួយ​របស់​ស្ថានទូត​ខ្មែរ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុក ​បានថ្លែង​ថា៖​ គេធ្វើបាប​ឲ្យ​ធ្វើការ​ច្រើន​ លុយ​កាក់​ទទួល​បាន​តិចតួច ​ហើយ​ពិបាករស់​នៅ​ ដោយសារ​មាន​ឯកសារ​ស្រប​ច្បាប់តែ​ខែ​ដំបូង​ គឺ​រស់នៅ​ទាំង​ភ័យ​ខ្លាច។

«ពិបាក​ត្រង់​ថា ​យើងទៅ​ខុស​ច្បាប់។​ ប៉ូលិស​ចាប់ទាំង​យប់​ ទាំងថ្ងៃ។​ ប៉ូលិស​ចាប់ ហើយ​ការងារ​អត់ស្រួល​ទេ​ បាញ់ថ្នាំ​ ពុលថ្នាំ​ត្រឡប់​ត្រឡិន។​ ពិបាក​ណាស់»។​

គង្គា​ត្រូវ​គេ​ដាក់​ឲ្យ​នៅក្នុង​តំបន់​កសិដ្ឋាន​មួយ​ដើម្បី​ថែរក្សា​រដំណាំ​ និង​បន្ថែ។​ទីនោះឆ្ងាយពីទី​ក្រុង​កូឡាឡាំពួរ។​ បើ​ជិះ​ឡាន​ត្រូវ​ចំណាយ​ពេល៤​ម៉ោង។​ ​គង្គា​បាន​អះអាង​ថា ​ខ្លួន​បាន​ទទួល​ប្រាក់ខែ​ តែ​១០​ម៉ឺន​ទៅ​២០​ម៉ឺនរៀល​ (២៥​ដុល្លារ​ទៅ​៥០​ដុល្លារ)​ តែ​ប៉ុណ្ណោះ​គឺខុស​ពីអ្វី ​ដែល​គេ​បាន​សន្យា​ដែល​ថា​ ឲ្យ​ប្រាក់​ខែ​ដល់​៣០០​ដុល្លារ​ស.រ.អា.។​

គង្គា​បន្ត​ថា ​ខ្លួន​បាន​សម្រេច​ចិត្ត​ទៅធ្វើការ​នោះ​គឺដោយសារជីវភាព​ក្រីក្រ​ពេក​ ហើយ​ម្តាយ​ជំពាក់​បំណុល​គេ​ច្រើន។​

ប្អូន​ប្រុស​ឆៃ រ៉ាឆាំ ​អាយុ១៩​ឆ្នាំ​ រស់នៅ​ភូមិលាវ​ ឃុំ​ក្រវ៉ា​ ស្រុក​បារ៉ាយ ​ខេត្ត​កំពង់ធំ​ ត្រូវ​បាន​គេ​ជួញដូរ​កម្លាំង​ពលកម្ម។​ ឆៃ រ៉ាឆាំ ​ដែលបានទៅ​ធ្វើការ​ជាមួយម៉ឹង គង្គា​ដែរនោះ បាន​ថ្លែង​ថា​ ប្អូន​លែង​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​គេទៀត​ហើយ ​ដោយ​សារ​មេ​ខ្យល់​បោក​ប្រាស់​រឿង​ប្រាក់​ខែ។​

«ព្រោះអី​មេខ្យល់​ថា​ រក​លុយ​បាន​ ដល់​ពេល​ទៅ​ហ្នឹង​ រក​អត់​បាន។ ​អញ្ចឹង​ខ្ញុំរាង​ចាល​ហើយ។ ​ខ្ញុំឈប់​ជឿតាម​គេ​ហើយ​ ព្រោះ​ខ្ញុំ​មាន​បទ​ពិសោធន៍​កន្លង​មក​ហើយ។​ ខ្ញុំ​មិន​ឲ្យ​មាន​លើក​ទី២​ទៀត​ទេ»។​

គេវ៉ៃ​ ​ខោក​ក្បាល​ ធ្វើ​បាប ពេល​យើង​មិន​ដឹង​ ដោយសារ​មិន​ចេះ​ភាសា។​

លោក​ឆេង គឹមសុង​ នៅ​ក្នុង​ភូមិ​លាវ ​ឃុំក្រវ៉ា​ ស្រុក​បារ៉ាយ ​ខេត្ត​កំពង់ធំ​ មាន​ ចៅ​ពីរ​នាក់​ដែល​ទើប​បាន​រួចពី​ការ​ជួញដូរ​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេសម៉ាឡេស៊ី។​ លោក​ថា ​លោកលែង​ឲ្យ​ចៅ​របស់​លោក​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ​ទៀត​ហើយ។​

លោក​ថា ​ចៅរបស់​លោក​និង​អ្នក​ស្រុក​ពីរនាក់​ផ្សេងទៀត​បាន​មក​ដល់​ស្រុក​ខ្មែរ​ វិញ​នៅថ្ងៃ​ទី១​ ខែ​កញ្ញា​ឆ្នាំ​២០១៥​ តាម​យន្តហោះ។​ ពួក​គេ​ទៅ​ថ្ងៃ​២​ខែ​២​ឆ្នាំ​ ២០១៥​ ហើយ​ស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី​ជួយ​ផ្តត់ផ្គង់​ និង​យក​ចិត្ត​ទុក​ដាក់។​
«បើ​និយាយ​ឲ្យ​ដល់​ទៅ​ វា​ធ្វើបាប​ខ្លាំង។​ វា​យក​ទៅលក់​ខាង​កម្លាំង​ពលកម្ម។​ វា​និយាយ​នៅ​កម្ពុជា​ វា​ឲ្យ​១​ខែ​៣០០​ដុល្លារ។ ​តែ​ដល់​ពេល​ទៅ​ដល់​ វា​ឲ្យ​តែ​១​ខែ​ ១០​ម៉ឺន​រៀល​លុយ​ខ្មែរ​ (២៥​ដុល្លារ)»។​

លោក​ថា ​ក្រុម​គ្រួសារ ​និង​ជន​រងគ្រោះ​មាន​ចិត្តអរ​ និង​គ្មាន​ការ​សោក​ស្តាយ​ចំពោះ​ប្រាក់ខែ​ទៀត​ទេ។​

«បើ​និយាយ​ឲ្យ​ដល់​ទៅ​លុយ​វាមិន​ស្តាយ។​ វា​ត្រេកអរ​ណាស់​ដែល​អង្គការ​យើង​ បាន​ជួយ​ឲ្យ​មក​ដល់​ស្រុក​ខ្មែរ​វិញ»។​

ក្រុម​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​ផ្នែក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ហាក់​ ដូច​ជា​មាន​កំណើន​សកម្មភាព ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ដែលអាច​ប៉ះពាល់​ដល់​ជំនួយ​ និង​ទំនាក់​ទំនង​ជាមួយ​ស.រ.អា.​ខ្លះៗ​នោះ។ ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ លោក​នាយឧត្តម​សេនីយ៍​នេត សាវឿន​ បាន​ដាក់​បទ​បញ្ជា​នៅ​សប្តាហ៍​ថ្មីៗ​នេះ​ឲ្យអាជ្ញាធរ​ប៉ូលិស​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ឲ្យ​បាន​សកម្ម​ ​ បន្ថែម​ពី​លើក​ការ​បញ្ជា​ឲ្យមាន​ការឃ្លាំមើល​តាម​កន្លែង​កម្សាន្ត​នានា​ក្នុង​ទីក្រុង។​

ក្រុម​មន្ត្រី​ប៉ូលិស​បាន​អះអាង​ថា​ កិច្ច​ប្រឹងប្រែង​និង​ការ​ប្តេជ្ញា​ទាំង​នោះ​ត្រូវ​ការការ​អនុវត្ត ការ​ស៊ើប​អង្កេត​សម្ងាត់​ ត្រូវ​ការ​ជំនាញ​ គុណធម៌​ បច្ចេកទេស​ ជំនួយជា​បទ​ពិសោធន៍​ពី​ប្រទេស​ដែល​មាន​ពិសោធន៍​រឿង​ស៊ើបអង្កេត​ និង​ត្រូវ​មាន​ការ​សិក្សា​ពី​ក្រសួង​យុត្តិធម៌​អំពី​ច្បាប់​ និង​ស្ថានភាព​ជាក់ស្តែង​ក្នុងប្រទេស៕​

XS
SM
MD
LG