ជនរងគ្រោះដោយសារការជួញដូរដែលត្រូវបានជួយសង្គ្រោះត្រូវការជាចាំបាច់នូវជំនួយសម្រាប់ពួកគេធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដែលពួកគេរស់នៅវិញប៉ុន្តែសេវាកម្មរបស់រដ្ឋាភិបាលហាក់មិនទាន់ឆ្លើយតបបាននៅឡើយទេ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវមួយដែលធ្វើឡើងដោយអង្គការHagar ដែលជាអង្គការមួយផ្តល់សេវាជួយជនរងគ្រោះទាំងនោះ។
សមាហរណកម្មជនរងគ្រោះសំដៅដល់ការដាក់បញ្ចូលជនរងគ្រោះទាំងនោះទៅក្នុងសហគមន៍ដែលពួកគេធ្លាប់រស់នៅ ឬនៅក្នុងសហគមន៍ថ្មីមួយ ដែលផ្តល់នូវការរស់នៅថ្មីប្រកបដោយសុខមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្តឱកាសសម្រាប់អភិវឌ្ឍខ្លួននិងការគាំទ្រផ្សេងៗទៀតដូចជាការប្រឹក្សាផ្នែកសុខភាព និងច្បាប់ ក៏ដូចជាជំនួយសេដ្ឋកិច្ចផងដែរ។
របាយការណ៍ដែលធ្វើឡើងនៅចុងខែសីហានេះ បញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បុរសដែលជាជនរងគ្រោះបុរសនៃអំពើជួញដូរមនុស្សទៅក្រៅប្រទេសមានការកើនឡើង។ ពួកគេត្រូវបានគេជួញដូរទៅធ្វើការនៅតាមទូកនេសាទ វិស័យកសិកម្ម ការងារសំណង់ និងការងាររោងចក្រផងដែរ។ ហើយពួកគេតែងតែរងការរំលោភបំពាន ទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលធ្វើឱ្យមានការប៉ះទង្គិចស្មារតីដល់ជនរងគ្រោះទាំងនោះ។ ហើយនេះជាមូលហេតុធ្វើឱ្យពួកគេមានការពិបាកក្នុងការត្រឡប់មករស់នៅក្នុងសហគមន៍របស់ពួកគេក្នុងសភាពប្រក្រតីវិញ។
កញ្ញា Kath Day ជាអ្នកស្រាវជ្រាវរបាយការណ៍នេះរបស់អង្គការHagar បានប្រាប់ VOA ខេមរភាសាថាចំពោះការធ្វើសមាហរណកម្មជនរងគ្រោះទាំងនោះត្រូវការជាចាំបាច់ និងជាបន្ទាន់នូវជំនួយផ្នែកច្បាប់ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការថែទាំផ្នែកសុខភាព ព្រមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ពួកគេផងដែរ។ ហើយទាំងអស់នេះ ជាការរួមចំណែកយ៉ាងសំខាន់ទៅដល់ការកែប្រែជីវិតរបស់ជនរងគ្រោះទាំងនោះឱ្យកាន់តែប្រសើរជាងមុន។
«អ្វីដែលសំខាន់ចំពោះការរកឃើញក្នុងរបាយការណ៍នេះគឺសារៈសំខាន់នៃការធ្វើសមាហរណកម្មចូលមកក្នុងសហគមន៍ដែលគេរស់នៅ និងការផ្តល់ជំនួយថែទាំពួកគេបន្ទាប់ពីត្រឡប់មកវិញ។ ដោយសារតែការសិក្សាថ្មីៗនេះបង្ហាញថា បុរសដែលជាជនរងគ្រោះដោយសារការជួញដូរមនុស្សហាក់ដូចជាមិនទទួលបានជំនួយគ្រប់គ្រាន់បន្ទាប់ពីការធ្វើសមាហរណកម្មនៅឡើយ។ ពួកគេពិតជាត្រូវការជាចាំបាច់នូវជំនួយគាំទ្រ និងការតាមដានជាបន្តបន្ទាប់»។
កាលពីឆ្នាំកន្លងទៅ រដ្ឋាភិបាលកម្ពុជាទើបនឹងអនុវត្តផែនការសកម្មភាពជាតិរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៤-២០១៨។ ផែនការថ្នាក់ជាតិរយៈពេល៥ឆ្នាំនេះ សង្កត់ធ្ងន់ទៅលើ ការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់ការបង្ការ និងទប់ស្កាត់ ការពង្រឹងប្រព័ន្ធតុលាការឱ្យឆ្លើយតបនឹងបញ្ហាជួញដូរមនុស្ស ព្រមទាំងការការពារ និងផ្តល់ការគាំទ្រដល់ជនរងគ្រោះ។
ផែនការថ្នាក់ជាតិនេះ ជាយន្តការមួយដែលជួយតម្រង់ទិសឱ្យភាគីពាក់ព័ន្ធដូចជារដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសាធារណជន សហការគ្នាប្រឆាំងនឹងការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមទិសដៅតែមួយរួមគ្នា។
ទន្ទឹមនឹងការអនុវត្តផែនការជាតិអស់រយៈពេលជាងមួយឆ្នាំនេះ រដ្ឋាភិបាលក៏កំពុងតែរៀបចំកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងផងដែរ ដើម្បីឱ្យការអនុវត្តច្បាប់ទាក់ទងនឹងការជួញដូរមនុស្សកាន់តែមានសក្តានុពលភាពជាងមុន។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យដឹងកាលពីសប្តាហ៍កន្លងទៅថាពលករដែលជាជនរងគ្រោះមានការលំបាកប្រឈមចំពោះការត្រឡប់មកមាតុភូមិវិញនៅពេលដែលចំណាកស្រុករបស់ពួកគាត់ជួបបញ្ហា។
«នេះគឺជាបញ្ហាដែលនឹងអាចកើតមាន ហើយនឹងបន្តកើតមានចំពោះពលករដែលព្យាយាមទៅធ្វើការនៅក្រៅប្រទេសដែលមិនស្របច្បាប់ដែលនឹងអាចមានផលប៉ះពាល់ជាអវិជ្ជមានដល់រូបគាត់ ក៏ដូចជាគ្រួសារគាត់និងសហគមន៍នៅពេលដែលគោលបំណងរបស់គាត់មិនបានសម្រេច ហើយត្រូវបានគេបញ្ចូនត្រឡប់ដោយមិនមានលទ្ធផលអ្វីនោះ»។
លោកស្រី ជូ ប៊ុនអេង អះអាងពី សមត្ថភាពរបស់រដ្ឋាភិបាល៖
«បើនិយាយអំពីការជួយជនរងគ្រោះ មានន័យថាយើងមិនគ្រាន់តែជួយគាត់មកទេ ប៉ុន្តែយើងមានវិធានការអប់រំ បណ្តុះបណ្តាល ក៏ដូចជាផ្តល់នូវការស្តារឡើងវិញនូវនីតិសម្បទាន នូវការផ្តល់នូវជំនាញវិជ្ជាជីវៈ ក៏ដូចជាផ្តល់ឱកាសការងារទាំងក្នុងនិងក្រៅប្រទេស»។
លោកស្រី ជូ ប៊ុនអេង អំពាវនាវកុំឲ្យមានចំណាកស្រុកទាំងលាក់លៀម និងទាំងប្រថុយប្រថាន ព្រមទាំងសំណូមពរឱ្យមានការពិចារណាឲ្យបានច្បាស់លាស់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាមុនពេលសម្រេចចិត្តចំណាកស្រុកទៅក្រៅប្រទេស។
យ៉ាងណាក៏ដោយ អ្នកជំនាញមើលឃើញថា ការផ្តល់ជំនួយដល់ជនរងគ្រោះទាំងនោះ នៅមានកម្រិតនៅឡើយ។
អ្នកស្រីឆន សុគន្ធា ប្រធានផ្នែកស្រ្តីនិងកុមាររបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ទទួលស្គាល់ថាពិតជាមានការជួយសម្រួលពីស្ថានទូត ឬស្ថានកុងស៊ុលនៅពេលទទួលជនរងគ្រោះពិតមែន។ ក៏ប៉ុន្តែ មន្ត្រីសង្គមស៊ីវិលរូបនេះ សង្កេតឃើញថាមិនមានឡើយនូវការអន្តរាគមន៍ស៊ីជម្រៅពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ក្រោយពេលជនរងគ្រោះត្រឡប់មកវិញដែលនេះអាចបណ្តាលឱ្យជនរងគ្រោះទាំងនោះត្រឡប់ទៅក្រៅប្រទេសនៅពេលក្រោយទៀត។
«ឧទាហរណ៍ថាពេលគាត់ត្រឡប់មកវិញ គាត់មានបញ្ហាសុខភាព វិបល្លាសន៍ស្មារតី ការធ្វើទារុណកម្ម។ នៅពេលដែលគាត់មានបញ្ហាអ្វីកើតឡើងគឺជាបន្ទុករបស់រាជរដ្ឋាភិបាលប៉ុន្តែជាក់ស្តែងយើងឃើញថានៅពេលដែលជនរងគ្រោះមានបញ្ហាអ្វីកើតឡើង ឬក៏ពេលដែលគាត់ត្រឡប់មកពីស្រុកក្រៅវិញ យើងមិនដែលឃើញថាខាងរាជរដ្ឋាភិបាល ឬក៏អាជ្ញាធរពាក់ព័ន្ធគាត់យកចិត្តទុកដាក់ក្នុងការជួយជនរងគ្រោះទេ។ ចឹងអាចបន្ទុកនៃភាពក្រីក្រវាកាន់តែកើនឡើង អត់មានសម្រាលឱ្យធូរទេ»។
ជាមួយគ្នានេះដែរ អ្នកស្រីឱ្យដឹងបន្ថែមទៀតថាអង្គការក្រៅរដ្ឋាភិបាលក៏នៅមានលទ្ធភាពតិចតួចក្នុងការជួយជនរងគ្រោះទាំងនោះនៅឡើយ។
«ចំពោះអង្គការក្រៅរដ្ឋាភិបាលក៏យើងឃើញថាការជួយជនរងគ្រោះទាំងនោះ ក៏បានត្រឹមតែមួយចំណែកដែរមិនបានទាំងអស់ទេ។ ចំណែកឯ នៅពេលដែលគាត់ធ្វើសមាហរណកម្មត្រឡប់មកវិញ ក៏ខាងអង្គការក៏មិនទាន់មានលទ្ធភាព ជួយគាត់រហូតដល់ធ្វើម៉េចឱ្យដល់ត្រូវបង្រៀនគាត់ គាត់ខ្វះអ្វី ត្រូវការស្វែងរកការងារឱ្យគាត់ក៏អត់ទាន់មានអង្គការណាជួយដែរ»។
នៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធបានសហការគ្នាក្រោមគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សហៅកាត់ថាCTIP ក្រោមជំនួយឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក USAID។ គម្រោងនេះត្រូវបានធ្វើឡើងដោយមានការសហការជាមួយប្រទេសគោលដៅមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព លើកកម្ពស់ឱកាសការងារដល់ជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះត្រឡប់មកវិញ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលជំនាញក្នុងស្រុកដើម្បីទប់ស្កាត់ចំណាកស្រុកដោយប្រថុយប្រថាន៕