តៃវ៉ាន់បានស្នើដល់ក្រសួងការបរទេសអាមេរិកក្នុងការទិញសព្វាវុធយោធាដែលមានតម្លៃជាទឹកប្រាក់ប្រមាណ២ពាន់២រយលានដុល្លារ។
កិច្ចព្រមព្រៀងទិញដូរដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទដោយទីភ្នាក់ងារសហប្រតិបត្តិការការពារសន្ដិសុខជាតិនៃក្រសួងការពារប្រទេសរបស់អាមេរិកនេះ គឺរួមមានទាំងការទិញរថពាសដែកប្រភេទ 108 M1A2T Abrams កាំភ្លើងស្ពាយសម្រាប់បាញ់សព្វាវុធធំៗចំនួន២៥០គ្រឿង និងកាំភ្លើងធំសម្រាប់បាញ់រថពាសដែកប្រមាណ១៥០០គ្រឿងផងដែរ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា កញ្ចប់ទិញដូរនេះនឹងមិនកែប្រែតុល្យភាពយោធានៅក្នុងតំបន់នោះទេ។
កិច្ចព្រមព្រៀងទិញដូរនេះអាចនឹងធ្វើឲ្យចិនខឹងសម្បារ ដោយសារតែតៃវ៉ាន់គឺជាគូប្រជែងរបស់ចិន។ តៃវ៉ាន់បានបែកចេញពីប្រទេសចិនក្រោយពីសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩ នៅពេលដែលកងកម្លាំងជាតិនិយមរបស់លោក Chaing Kai-shek ត្រូវបានវាយបណ្ដេញចេញពីទឹកដីប្រទេស ចិន ដោយកងកម្លាំងកុម្មុយនិស្តរបស់លោក ម៉ៅ សេទុង ហើយលោកក៏បានទៅជ្រកកោននៅកោះតៃវ៉ាន់។ ប៉ុន្តែរដ្ឋាភិបាលក្រុង ប៉េកាំង នៅតែចាត់ទុកកោះតៃវ៉ាន់ដែលមានមេដឹកនាំខ្លួនឯង ថាជាផ្នែកមួយនៃដែនដីរបស់ខ្លួនដដែល ហើយចិនក៏បានប្ដេជ្ញាកាន់កាប់កោះតៃវ៉ាន់ ដោយអាចប្រើកងកម្លាំងយោធាផងដែរ ប្រសិនជាចាំបាច់។
សហរដ្ឋអាមេរិកបានឈប់ទទួលស្គាល់កោះតៃវ៉ាន់លើផ្នែកការទូតកាលពីឆ្នាំ១៩៧៩ ប៉ុន្តែប្រធានាធិបតីអាមេរិកនៅតែអាចផ្គត់ផ្គង់គ្រឿងសព្វាវុធដល់កោះនេះបាន ក្នុងករណីសព្វាវុធដែលយកទៅប្រើប្រាស់គឺដើម្បីការពារប្រទេស។
កិច្ចព្រមព្រៀងទិញដូរនេះក៏ត្រូវបានធ្វើឡើង ខណៈពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងមានជម្លោះផ្នែកពាណិជ្ជកម្មជាមួយនឹងរដ្ឋាភិបាលក្រុង ប៉េកាំង ដោយសហរដ្ឋអាមេរិកនិងចិនយកពន្ធលើទំនិញនាំចូលទៅកាន់ប្រទេសរបស់ខ្លួនចាប់តាំងពីឆ្នាំមុនមក៕