នៅក្នុងចំណាត់ការដែលមិនធ្លាប់មានកាលពីពេលមុន សេចក្តីថ្លែងការណ៍របស់សន្និសីទកំពូលរបស់ប្រទេស៧ដែលមានឧស្សាហកម្មជឿនលឿនជាងគេនៅលើពិភពលលោកហៅកាត់ថា G7 បានបង្កើតជាកន្លែងសម្រាប់សហរដ្ឋអាមេរិកដើម្បីផ្តាច់ខ្លួនចេញពីសមភាគីនានារបស់ខ្លួនស្តីពីបញ្ហាដ៏សំខាន់នេះ។
ក្នុងសេចក្តីប្រកាសរួមគ្នាមួយ ប្រទេសទាំងអស់របស់ក្រុម G7 លើកលែងតែសហរដ្ឋអាមេរិក បានសន្យាចាត់វិធានការបន្ធូបន្ថយការប្រែប្រួលអាកាសធាតុ។
សេចក្តីថ្លែងការណ៍រួមមានខ្លឹមសារថា៖ «សហរដ្ឋអាមេរិកបានស្ថិតនៅក្នុងដំណើរការណ៍ពិនិត្យមើលឡើងវិញនូវគោលនយោបាយរបស់ខ្លួនស្តីពីការផ្លាស់ប្តូរអាកាសធាតុនិងកិច្ចព្រមព្រៀងក្រុងប៉ារីសហើយមិនបានចូលរួមនៅក្នុងការមូលមតិស្តីពីប្រធានបទទាំងនេះទេ។ ដោយបានយល់ពីដំណើរការនេះ មេដឹកនាំប្រទេសបារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុននិងចក្រភពអង់គ្លេស និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបនិងគណៈកម្មាធិការអឺរ៉ុបបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏ខ្លាំងរបស់ខ្លួនដើម្បីអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ»។
យោងទៅតាមឯកសារនោះ សហរដ្ឋអាមេរិក ត្រូវការពេលវេលាបន្ថែមទៀតដើម្បីសម្រេចថា តើខ្លួននឹងចាកចេញពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបោនដែលបានព្រមព្រៀងគ្នាដោយអ្នកតំណាងប្រទេស១៩៥កាលពី២ឆ្នាំមុនឬយ៉ាងណា។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជូនសារតាមប្រព័ន្ធ Twitterពីកោះស៊ីស៊ីលីតាមប្រព័ន្ធគណនីយរបស់លោកថា៖ «ខ្ញុំនឹងធ្វើការសម្រេចចុងក្រោយស្តីពីកិច្ចព្រមព្រៀងក្រុងប៉ារីសនេះនៅសប្តាហ៍ក្រោយ»។
លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «ខ្ញុំបានប្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា វាជាបញ្ហាសំខាន់ដែលសហរដ្ឋអាមេរិកស្ថិតនៅពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងអំពីបម្រែបម្រួលអាកាសធាតុក្រុងប៉ារីសនោះ»៕