ការប្រែប្រួលអាកាសធាតុស្ថិតនៅក្នុងចំណោមចំណុចសំខាន់ៗនៅលើរបៀបវារៈកាលពីថ្ងៃសុក្រនៅឯសន្និសីទកំពូល G7 ក្នុងទីក្រុង Sicily នៃប្រទេសអ៊ីតាលី ក៏ប៉ុន្តែ ទាំងពួកមន្រ្តីរដ្ឋាភិបាលអាមេរិកាំងនិងអង់គ្លេសកំពុងបដិសេធជាសាធារណៈអំពីការមិនចុះសម្រុងគ្នា។
លោកស្រី Theresa May នាយករដ្ឋមន្រ្តីអង់គ្លេសបានប្រាប់ពួកអ្នកយកព័ត៌មានថា ពួកមេដឹកនាំបានពិភាក្សាគ្នាយ៉ាងល្អអំពីបញ្ហាអាកាសធាតុ។ លោកស្រីនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែទៀតថា មិនមានការងឿងឆ្ងល់ឡើយនៅជុំវិញតុចរចាដែលរួម មានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថាតើបញ្ហានោះមានសារៈសំខាន់យ៉ាងដូចម្តេច។
យោងតាមលោក Gary Cohn ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីត្រាំបាននិយាយថា លោកប្រធានាធិបតីបានស្វែងយល់ពីពួកមេដឹកនាំពិភពលោកនៅថ្ងៃនេះដើម្បីធ្វើការសម្រេចចិត្តថា តើគោរពការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកខ្វក់ផ្ទះកញ្ចក់នៅក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីសដែលបានចុះហត្ថលេខាកាលពី២ឆ្នាំមុនដែរឬទេ។
ពួកមន្រ្តីរដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយថា លោកត្រាំ នឹងរង់ចាំរហូតដល់សន្និសីទកំពូលនេះបញ្ចប់ មុនពេលធ្វើការសម្រេចលើបញ្ហានេះ។ លោកធ្លាប់ចាត់ទុកការឡើងកំដៅផែនដីថាដោយសារតែកត្តាមនុស្សគឺជាកុហកក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រេចជោគជ័យកាលពីឆ្នាំទៅ។
សន្និសីទកំពូល G-7 បានទទួលស្គាល់ម្តងហើយម្តងទៀតពីការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុកាលពីជាងមួយទសវត្សរ៍មុន។ គេបានពិនិត្យមើលយ៉ាងដិតដល់នូវភាសាដែលបានចេញផ្សាយអំពីប្រធានបទនេះនៅក្នុងសេចក្តីថ្លែងការណ៍ Taormina ដែលត្រូវគេគេរំពឹងនឹងចេញផ្សាយនៅរសៀលថ្ងៃសុក្រឬក៏ព្រឹកថ្ងៃសៅរ៍នេះ៕