នៅថ្ងៃអាទិត្យនេះ ប្រទេសកូរ៉េខាងជើងបានព្រលះសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងថាជា «អ្នកសង្គ្រាមនិយម»។ ការព្រលះរបស់កូរ៉េខាងជើងនេះបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃមុនពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជើងអាកាសរួមគ្នាដ៏ធំបង្អស់មួយមិនដែលមានពីមុនមក។ កូរ៉េខាងជើងបានបន្ថែមថា ការធ្វើសមយុទ្ធនេះអាចធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរកើតឡើងបាន។
ការថ្លែងដូចនេះរបស់កូរ៉េខាងជើង បានធ្វើឡើងពេលដែលទីប្រឹក្សាសន្តិសុខជាតិសេតវិមានសហរដ្ឋអាមេរិកលោក H. R. McMaster បានព្រមានអំពីលទ្ធភាពកើនឡើងដែលអាចកើតមានសង្គ្រាមជាមួយនឹងប្រទេសកូរ៉េខាងជើង។
សមយុទ្ធរយៈពេល ៥ ថ្ងៃ ដែលមានឈ្មោះថា Vigilant Ace នេះ នឹងមានការចូលរួមពីយន្តហោះចម្បាំងប្រហែល ២៣០ គ្រឿង ដែលនឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទស្អែកនេះ គឺក្នុងរយៈពេល ៥ ថ្ងៃក្រោយមក បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបមួយគ្រាប់ដែលត្រូវបានជឿជាក់ថា មានសមត្ថភាពអាចហោះដល់ដែនដីរបស់សហរដ្ឋអាមេរិក ដែលនេះជាការប្រឆាំងថ្មីមួយទៀតចំពោះប្រធានាធិបតីអាមេរិកលោក Donald Trump។
សារព័ត៌មាន Rodong របស់គណបក្សកាន់អំណាចក្នុងប្រទេសកូរ៉េខាងជើងបានរិះគន់ការធ្វើសមយុទ្ធដែលគ្រោងនឹងធ្វើនេះនៅថ្ងៃអាទិត្យនេះថា៖ «សមយុទ្ធនេះជាការបង្កហេតុបើកចំហដែលប្រើគ្រប់ធនធាន និងយុទ្ធសាស្ត្រទាំងអស់ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង ដែលអាចឈានទៅដល់សង្គ្រាមនុយក្លេអ៊ែរក្នុងពេលណាមួយជាក់ជាមិនខាន»។
សារព័ត៌មាននោះបានបន្ថែមទៀតថា៖ «សហរដ្ឋអាមេរិក និងអាយ៉ងកូរ៉េខាងត្បូង ដែលជាអ្នកសង្គ្រាមនិយមទាំងពីរនេះ ត្រូវចាំទុកក្នុងចិត្តថា ការធ្វើសមយុទ្ធយោធាប្រឆាំងនឹងកូរ៉េខាងជើងគឺជាអំពីឆ្កួតលីលាដែលបំផ្លាញខ្លួនឯងយ៉ាងឆាប់រហ័សដូច្នេះដែរ»៕