សហរដ្ឋអាមេរិកទទួលស្គាល់ថា ប្រទេសជាច្រើនមិនយកចិត្តទុកដាក់អំពីភាពគ្រោះថ្នាក់ខាងសន្តិសុខដោយអនុញ្ញាតឲ្យមហាក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ស្ថាបនាបណ្តាញទូរស័ព្ទចល័តល្បឿនលឿនជំនាន់ថ្មីដែលគេស្គាល់ថា 5G។
ជាពិសេស និន្នាការនេះជាការបញ្ជាក់យ៉ាងច្បាស់ថា ក្នុងតំបន់អាស៊ីអាគ្នេយ៍ សូម្បីតែសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏កំពុងធ្វើដៃគូជាមួយក្រុមហ៊ុន Huawei ហើយនឹងចាប់ផ្តើមបណ្តាញ 5G ក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះ។
កាលពីខែមករា ប្រទេសថៃបានចាប់ផ្តើមសាកល្បងបណ្តាញទូរស័ព្ទ 5G របស់ក្រុម ហ៊ុន Huawei ក្នុងខេត្ត Chonburi។ អាជ្ញាធរថៃបានប្រាប់ឲ្យដឹងថា សេវាកម្មទូរស័ព្ទ 5G របស់ក្រុមហ៊ុន Huawei បានធ្វើឲ្យមានការព្រួយកង្វល់ពីសន្តិសុខប្រព័ន្ធកុំព្យូទ័រ។
ក្នុងប្រទេសហ្វីលីពីន ក្រុមហ៊ុន Globe Telecom កំពុងធ្វើភាពជាដៃគូជាមួយបណ្តាញទូរស័ព្ទ 5G របស់ក្រុមហ៊ុន Huawei។
ក្នុងប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនគមនាគមន៍និងសេវាកម្ម Digital នាំមុខមួយឈ្មោះ Maxis បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Huawei ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងបង្កើនល្បឿនបណ្តាញទូរស័ព្ទ 5G។
នៅសប្តាហ៍នេះ អតីតមន្រ្តីយោធា ៦ នាក់របស់សហរដ្ឋអាមេរិក រួមមាន ២ នាក់ដែលជាមេបញ្ជាការសម្រាប់ទីបញ្ជាការសហរដ្ឋអាមេរិកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានចេញការព្រមានខ្លាំងៗពីថ្ងៃអនាគតដែលនៅទីនោះបណ្តាញទូរស័ព្ទ 5G របស់ចិន អាចត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
អតីតមេដឹកនាំយោធាអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «មានហេតុផលដែលព្រួយកង្វល់ថា សហរដ្ឋអាមេរិកនឹងមិនអាចប្រើបណ្តាញទូរស័ព្ទដែលពឹងផ្អែកលើបច្ចេកវិទ្យាចិនសម្រាប់ការប្រតិបត្តិការខាងយោធានៅក្នុងទឹកដីរបស់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឬដៃគូកំពុងងើបឡើងក្នុងតំបន់អឺរ៉ុប អាស៊ី និងហួសពីនេះទៀត៕