ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ចាត់​ទុក​ប្រទេស​កូរ៉េខាងជើង ​ចិន រុស្ស៊ី​និង​អ៊ីរ៉ង់​ជា​​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​អាក្រក់​បំផុត


 ​លោក John Sullivan រដ្ឋមន្រ្តី​ការបរទេស​ស្តី​ទី​របស់​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​ក្នុង​​សន្និសីទ​កាសែត​មួយ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។
​លោក John Sullivan រដ្ឋមន្រ្តី​ការបរទេស​ស្តី​ទី​របស់​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​ក្នុង​​សន្និសីទ​កាសែត​មួយ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។

សហរដ្ឋ​អាមេរិក​បាន​ហៅ​​ប្រទេស​កូរ៉េខាង​ជើង ​ចិន ​រុស្ស៊ី​និង​ប្រទេស​អ៊ីរ៉ង់​ថា​ជា​រដ្ឋាភិបាល​ដែល​គួរ​ស្តី​បន្ទោស​ខាង​សីលធម៌​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ស្ទើរ​ជារៀង​រាល់​ថ្ងៃ។ ក៏ប៉ុន្តែ របាយការណ៍​ស្តីពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ឆ្នាំ​២០១៧ ​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក ក៏​បានសរសើរ​ការ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវសិទ្ធិ​មនុស្ស​របស់​ប្រទេស​ខ្លះ ​រួមមាន​ប្រទេស​លីបេរីយ៉ា អ៊ូសបេគីស្ថាន (Uzbekistan) ​និង​ប្រ​ទេស​ម៉ិកស៊ិក។

ឆ្នាំ​២០១៧​មានការ​រំលោភសិទ្ធិ​មនុស្ស​ដ៏​គួរឲ្យ​រន្ធត់​នៅផ្នែក​ជា​ច្រើនរបស់​ពិភពលោក ​ដោយ​ស្ថានភាព​របស់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ស្ថិត​នៅ​ជិត​លើគេ​ក្នុង​បញ្ជី​របស់​លោក John Sullivan ​រដ្ឋ​មន្រ្តីការ​បរទេស​ស្តី​ទី។ ​លោក John Sullivan រដ្ឋមន្រ្តី​ការបរទេស​ស្តី​ទី​របស់​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា៖ «យើង​ថ្កោលទោស​ការបោស​សម្អាត​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ហើយ​អំពើ​ព្រៃផ្សៃ​ដែល​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ពួកគេ ​ហើយ​យើង​កំពុង​ធ្វើ​ការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នេះ។ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ជាង​៦សែន​៧ម៉ឺន​នាក់​បាន​រត់គេច​ខ្លួន​ទៅកាន់​ប្រទេស​បង់ក្លាដែស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ‍»។

លោក John Sullivan ​រដ្ឋ​មន្រ្តីការ​បរ​ទេសស្តី​ទីរបស់​សហរដ្ឋ​អាមេរិក ​ក៏​បាន​ចុច​ចំ​ឈ្មោះប្រ​ទេស​រុស្ស៊ី​ចំពោះការ​រំលោភ​ធ្វើ​បាប​និង​វាយប្រហារ ​ទាំង​នៅ​ក្នុង​និង​នៅ​បរទេស។ លោក​បាន​ថ្លែងថា៖ «នៅ​ទីបញ្ចប់ រដ្ឋាភិបាល​រុស្ស៊ី​បន្ត​បង្ក្រាប​ពួក​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល ទោះ​បីក្នុង​ខណៈ​ដែល​ខ្លួន​ទន្ទ្រាន​ឈ្លានពាន​ប្រទេស​ជិត​ខាង​របស់​ខ្លួន​និង​ធ្វើ​ឲ្យ​ខ្សោយអធិបតេយ្យ​ភាព​របស់​ប្រទេសលោក​ខាង​លិច‍»។

របាយការណ៍​នោះ​មិន​បាន​គ្រប​ដណ្តប់​សហរដ្ឋ​អាមេរិក​ទេ ​ក៏ប៉ុន្តែ ​អ្នក​យក​ព័ត៌​មាន​ខ្លះ ​បាន​សួរថា ​តើ​ការ​វាយ​ប្រហារ​តាម​ពាក្យ​សម្តី​ម្តងហើយ​ម្តងទៀត​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ​ទៅ​លើ​សមាជិក​របស់​បណ្តាញ​ព័ត៌​មាន​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិត្យានុភាព​របស់​អាមេរិក​ដែរ​ឬ​ទេ។​ លោកឯក​អគ្គរដ្ឋ​ទូត​ Michael Kozak ​បាន​ការ​ពារ​ថា សហរដ្ឋ​អាមេរិក​ជា​អ្នកការពារ​សិទ្ធិ​មនុស្ស​សាកល។ លោកឯក​អគ្គរដ្ឋ​ទូត​ Michael Kozak បាន​ថ្លែងថា៖ «ខ្ញុំ​គិតថា ​របាយ​ការណ៍​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ប្រភេទ​នៃ​បញ្ហា​ដែល​យើង​ចាត់​ទុក​ជា​ការរឹតត្បិត​មិនត្រឹមត្រូវ​លើ​សេរីភាព​បណ្តាញ​ព័ត៌មាន។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​ហើយ​ថា ​ការ​ប្រើ​ប្រព័ន្ធ​ផ្លូវច្បាប់​ដើម្បី​តាម​ចាប់​សមាជិក​បណ្តាញ​ព័ត៌មាន ​ការ​ប្រើ​កម្លាំង​ជា​ដើម ​វា​មិនមែន​ជាលក្ខណៈ​ត្រឹមត្រូវ​ក្នុង​ប្រ​ទេស​មួយ​ទេ‍»។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់ ​ពីការ​ផ្លាស់​ប្តូរ​របាយការណ៍​ពី​អតីតកាល​ស្តីពី «ផ្នែកសិទ្ធិ​បន្ត​ពូជ‍» ​ហើយ​បាន​ដាក់​កំហុស​អ្វី​ដែល​ពួក​គេ​បាន​ហៅថា ការយល់​ព្រម​របស់រដ្ឋបាលប្រធានា​ធិបតីត្រាំ​ដល់​ប្រទេស​រំលោភសិទ្ធិ​មនុស្សសំខាន់ៗ​ដូចជា ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ និង​តួកគី។ របាយការណ៍​នោះ​ក៏​បាន​ប្រមូល​ចងក្រង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​អារ៉ា​ប៊ី ​សាអូឌីត​ និង​តួកគី​ដែរ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG