ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា សហរដ្ឋ​អាមេរិក គួរ​ទទួលស្គាល់​ខាង​ការទូត​ដល់​កោះ​តៃវ៉ាន់


អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ នៅ​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ នៅ​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

សហរដ្ឋអាមេរិក គួរ​ទទួល​ស្គាល់ខាង​ការទូត​ដល់​ដែន​កោះ​តៃវ៉ាន់​ជា​ប្រទេស«សេរី​ និងមាន​អធិបតេយ្យភាព​មួយ»។ នេះ ​បើតាម​ការលើកឡើង​របស់​អតីតរដ្ឋមន្ត្រី​ការបរទស​អាមេរិក​ លោក Mike Pompeo នៅ​ក្នុងសុន្ទរកថា​មួយរបស់​លោក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ​ ទៅ​កាន់​កោះតៃវ៉ាន់​ ហើយដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន AFP។

លោក Pompeo ដែល​ជា​អតីត​ទីប្រឹក្សា​មួយ​រូប​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែលប្រឆាំង​យ៉ាង​ខ្លាំង​នឹង​ប្រទេស​ចិន​នោះ បាន​មកដល់​កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ពុធ​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ចំពេល​ដែលមាន​ភាពតានតឹងកំពុង​កើន​ឡើង​រវាង​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន ​និង​ប៉េកាំង​អំពី​កោះ​តៃវ៉ាន់ ​ក៏​ដូចជា​វិបត្តិក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​បណ្តាល​មកពី​ការឈ្លាន​ពាន​របស់​រុស្ស៊ី។

លោក Pompeo បាន​ថ្លែង​សន្ទរកថាដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ស្រាវជ្រាវ​មួយ​នៅ​កោះ​តៃវ៉ាន់​ថា «ខណៈពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បន្ត​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​រដ្ឋាភិបាល​អធិបតេយ្យ​មួយ​នោះ ការស្នើ​ផ្តល់​ការទទួល​ស្គាល់​ខាង​ការទូត​ដល់​រដ្ឋាភិបាល​តៃវ៉ាន់ «មិន​អាច​ត្រូវ​ធ្វើ​ព្រងើយ​កន្តើយ បញ្ចៀស ឬ​ចាត់ទុក​ជា​រឿង​បន្ទាប់​បន្សំ​ទៀត​ទេ»។

លោក​ បន្ត​ទៀត​ថា «វា​ជា​ទស្សនៈ​របស់​ខ្ញុំ​ដែល​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គួរតែ​ចាត់​វិធានការ​ចាំបាច់​ជា​បន្ទាន់ដែល​រំពឹង​ជា​យូរមក​ហើយ​ដើម្បី​ធ្វើឲ្យ​បាន​ត្រឹមត្រូវ​និង​ជាក់ច្បាស់ គឺ​ការផ្តល់​ការទទួល​ស្គាល់ខាង​ការទូត​ដល់​តៃវ៉ាន់​ជា​ប្រទេសសេរី និង​មាន​អធិបតេយ្យ​ភាព​មួយ»។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នៅតែ​ជា​សម្ព័ន្ធមិត្តដ៏​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ ហើយ​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​បំផុត ថ្វីបើខ្លួន​បាន​ប្តូរ​មក​ទទួល​ស្គាល់ខាង​ការទូត​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ឆ្នាំ១៩៧៩ ក៏​ដោយ​ក្តី។

ប៉ុន្តែ លោក Pompeo និយាយ​ថា ចំណាត់ការ​នេះ «មិន​មែនអំពី​ឯករាជ្យភាព​នៅ​ពេល​អនាគត​របស់​តៃវ៉ាន់​នោះ​ទេ វា​ជា​ការទទួល​ស្គាល់​នូវ​អ្វី​ដែល​ជាក់ស្តែង​ដែល​បានកំពុង​កើត​ឡើង​រួចទៅហើយ»។

ចិន បាន​អះអាង​ថា តៃវ៉ាន់​ដែល​គ្រប់គ្រង​ខ្លួន​ឯង​តាមបែប​ប្រជាធិបតេយ្យនោះ​ ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ដែល​អាចត្រូវ​ដណ្តើម​យក​មកវិញ​នៅ​ថ្ងៃ​ណាមួយ បើសិន ចាំបាច់​ត្រូវ​ប្រើ​កម្លាំង​យោធា។

ប្រធានាធិបតី​កោះ​តៃវ៉ាន់លោក​ស្រី Tsai Ing-wen បាន​ជួប​ជា​មួយ​លោក Pompeo កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយបានផ្តល់​មេដាយ​កិត្តិយសដល់​លោក ហើយបានសរសើរ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ​ដែល​បាន​ជួយ​សម្របសម្រួល​ការ​បំបែកភាពទាល់​ច្រក​ជា​ច្រើន​ក្នុង​ទំនាក់​ទំនង​អាមេរិក​ និង​តៃវ៉ាន់៕

XS
SM
MD
LG