អ្នកជំនួញរបស់ប្រទេសស្លូវេនីមួយក្រុម បាននិយាយថា សមាជិករបស់ខ្លួនកំពុងប្រឈមការរិះគន់ជាខ្លាំងពីប្រទេសចិន ប៉ុន្មានថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីប្រទេសស្លូវេនីលោក Janez Jansa បានពិភាក្សាពីក្តីសង្ឃឹមរបស់លោក នៅក្នុងកិច្ចសម្ភាសន៍មួយអំពីទំនាក់ទំនងកាន់តែជិតស្និទថែមទៀតជាមួយកោះតៃវ៉ាន់។ នេះ ជាករណីថ្មីៗបំផុតមួយរបស់ចិនក្នុងការបន្តបដិសេធ និងមិនអត់ឱនដល់បញ្ហាស្វ័យភាពរបស់ដែនកោះតៃវ៉ាន់។
កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅនេះ នាយករដ្ឋមន្ត្រីប្រទេសស្លូវេនី លោក Jansa បានប្រាប់បណ្តាញព័ត៌មានឥណ្ឌានៅក្នុងកិច្ចសម្ភាសន៍មួយថា លោកសង្ឃឹមថា តៃវ៉ាន់ និងប្រទេសស្លូវេនី អាចបើកការិយាល័យតំណាងមួយនៅក្នុងប្រទេសរៀងៗខ្លួន។ លោក ក៏បានកោតសរសើរដល់កោះតៃវ៉ាន់ផងដែរ នៅក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ហើយថា តៃវ៉ាន់គួរសម្រេចចិត្តខ្លួនឯងនូវទំនាក់ទំនងរបស់ខ្លួនជាមួយចិនដីគោក។
ការរិះគន់ភ្លាមៗប្រឆាំងនាយករដ្ឋមន្ត្រីស្លូវេនី ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលចិន ដោយហៅការថ្លែងរបស់លោកក្នុងកិច្ចសម្ភាសន៍នោះថា មានលក្ខណៈគ្រោះថ្នាក់។ ចិន តែងតែបានចាត់ទុកកោះតៃវ៉ាន់ថា ជាខេត្តមួយរបស់ខ្លួន ហើយចាត់ទុកការពិភាក្សាណាមួយជុំវិញបញ្ហានយោបាយជាមួយកោះតៃវ៉ាន់ ថាជារឿងដ៏រស៊ើបមួយ។
ជាមួយគ្នានេះដែរ ប៉ុន្មានថ្ងៃក្រោយកិច្ចសម្ភាសន៍របស់នាយករដ្ឋមន្ត្រីស្លូវេនីរួចមក ក្រុមប្រឹក្សាជំនួញចិននិងស្លូវេនីបាននិយាយថា ដៃគូចិនរបស់ខ្លួនបានលុបចោលកិច្ចសន្យានិងចាកចេញពីការវិនិយោគដែលបានព្រមព្រៀងគ្នាក្នុងពេលកន្លងទៅ។ នេះ បើតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស្លូវេនី។
សេចក្តីថ្លែងការណ៍នោះ ក៏បានធ្វើឲ្យមានការរិះគន់ពីក្រុមប្រឆាំង និងពាណិជ្ជករស្លូវេនីដែលមានចំណងទាក់ទងជាមួយចិនដែរ។ នៅក្នុងការឆ្លើយតបតាមសារអ៊ីមែលមួយមកកាន់វីអូអេ លោក Sasa Istenic នាយកនៃមជ្ឈមណ្ឌលការសិក្សាកោះតៃវ៉ាន់នៅឯសាកលវិទ្យាល័យ Ljubljana បាននិយាយថា កំណត់សម្គាល់របស់លោកនាយករដ្ឋមន្ត្រី «ជាជំហរផ្ទាល់ខ្លួនរបស់លោក មិនមានការទាក់ទិនជាមួយសភាជាតិ ហើយអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសស្លូវេនីជាមួយចិន»៕