ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ត្រៀម​ត្រឡប់​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ឡើង​វិញ


រូបឯកសារ៖ អគារ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក ថត​កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ អគារ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក ថត​កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​ត្រៀម​ត្រឡប់​ចូល​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ឡើង​វិញ បន្ទាប់ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ ពី​ក្រុមប្រឹក្សា​នេះ​កាលពី​ឆ្នាំ ២០១៨ មក។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី​ចំនួន ១៨ ប្រទេស​ដើម្បី​ចូលរួម​នៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ដែល​មាន​សមាជិក ៤៧ ប្រទេស​នេះ។

សហរដ្ឋ​អាមេរិក ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ប្រជែង​នានា​ដែល​ត្រូវការ​សំឡេង​គាំទ្រ​ភាគច្រើន​ធម្មតា​ដើម្បី​បាន​ក្លាយជា​សមាជិក​របស់​ក្រុមប្រឹក្សា​នេះ។ ទោះ​ជាយ៉ាង​ណាក៏ដោយ គេ​ឃើញ​ថា​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ មិន​មាន​ប្រទេស​ប្រជែង​ណា​មួយ​ដែល​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ក្នុង​ចំណោម​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់​របស់​ខ្លួន​នោះ​ឡើយ។

គេ​ឃើញ​មាន​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ស្វះស្វែង​ចង់​ធ្វើ​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ ដូចជា​ប្រទេស​អាហ្សង់ទីន ឥណ្ឌា លីទុយអានី កាតា និង​សូម៉ាលី​ជាដើម។ ប្រទេស​ប្រជែង​ខ្លះ ​មាន​ភាព​ចម្រូងចម្រាស​ជាង​ប្រទេស​ប្រជែង​ផ្សេង​ទៀត ដោយសារតែ​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ខ្លួន។

លោក Louis Charbonneau ប្រធាន​ផ្នែក​អង្គការ​សហប្រជាជាតិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា៖ «អវត្តមាន​នៃ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស [អង្គការ​សហប្រជាជាតិ] នៅ​ឆ្នាំ​នេះ ធ្វើ​ឲ្យ​ពាក្យ «បោះឆ្នោត» នេះ ក្លាយជា​ពាក្យ​ដ៏​គួរ​ឲ្យ​អស់​សំណើច»។

លោក​បាន​បន្ថែម​ថា៖ «ការ​បោះឆ្នោត​ជ្រើសរើស​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដូចជា​ប្រទេស​កាមេរូន អេរីត្រេ និង​អេមីរ៉ាតអារ៉ាប់រួម​ជាដើម គឺ​បាន​ផ្ញើ​សារ​ដ៏​អាក្រក់​ថា ប្រទេស​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​មិន​មាន​ភាព​ម៉ឺងម៉ាត់​អំពី​បេសកកម្ម​ជា​មូលដ្ឋាន​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស»។

លោក Charbonneau បាន​ជំរុញ​កុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រទេស​ណា​ដែល​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។

ប្រទេស​ដែល​ចូល​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង «ប្រកាន់​ខ្ជាប់​តាម​បទដ្ឋាន​ខ្ពស់​បំផុត​នៅ​ក្នុង​ការ​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស» ទាំង​នៅ​ក្នុង​និង​ក្រៅ​បរទេស៕

XS
SM
MD
LG