អង្គការសហប្រជាជាតិបានឲ្យដឹងថា ខ្លួនមានការខកចិត្តចំពោះការសម្រេចរបស់រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងសាកលលោកស្ដីពីជនចំណាកស្រុក។ ប៉ុន្តែ អង្គការសហប្រជាជាតិបានបន្ថែមទៀតថា សហរដ្ឋអាមេរិកនៅមានពេលដើម្បីត្រឡប់មកចូលរួមនៅក្នុងកិច្ចព្រមព្រៀងនេះឡើងវិញ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា៖ «ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញនេះ គឺមិនប៉ះពាល់ដល់លទ្ធផលជាឯកច្ឆន្ទដ៏ច្បាស់លាស់នៃសេចក្ដីថ្លែងការណ៍ទីក្រុង New York សម្រាប់កិច្ចព្រមព្រៀងជាសាកលនេះទេ ដែលកិច្ចព្រមព្រៀងនេះមិនមានការដាក់កំហិតតាមផ្លូវច្បាប់នោះទេ ដោយវាផ្ដោតលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការគោរពចំពោះផលប្រយោជន៍ប្រទេសជាតិនីមួយៗ»។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បាននិយាយនៅក្នុងសេចក្ដីប្រកាសមួយថា កិច្ចព្រមព្រៀងនេះគឺមិនស្របជាមួយនឹងគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។
លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាអន្តោប្រវេសន៍ «ប៉ុន្តែ វាជាការទទួលខុសត្រូវចម្បងរបស់រដ្ឋអធិបតេយ្យនីមួយៗក្នុងការជួយធានាថា ការធ្វើអន្តោប្រវេសន៍គឺមានសុវត្ថិភាព មានរបៀបរៀបរយ និងស្របច្បាប់»។
សេចក្ដីថ្លែងការណ៍ទីក្រុង New York ស្ដីពីជនភៀសខ្លួន និងជនចំណាកស្រុក ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំមេដឹកនាំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅនេះ។ សេចក្ដីថ្លែងការណ៍នេះគឺជាការចាប់ផ្ដើមនៃដំណើរការមួយដើម្បីពង្រាងកិច្ចព្រមព្រៀងពហុភាគីមួយដែលគ្រប់ដណ្ដប់រាប់ទិដ្ឋភាពទាំងអស់នៃការធ្វើអន្តោប្រវេសន៍ដែលមានសុវត្ថិភាព របៀបរៀបរយ និងត្រឹមត្រូវតាមច្បាប់៕