សហរដ្ឋអាមេរិកបានជូនដំណឹងដល់អង្គការសហប្រជាជាតិថា ខ្លួននឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទេសន្តរប្រវេសក៍សាកលលោក។
កាលពីឆ្នាំ ២០១៦ សមាជិកចំនួន ១៩៣ ប្រទេស នៃមហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចជាឯកច្ឆន្ទក្នុងការអនុម័តទៅលើសេចក្ដីថ្លែងការណ៍ដែលមិនពាក់ព័ន្ធនឹងនយោបាយមួយ ដែលនោះគឺសេចក្ដីថ្លែងការណ៍ទីក្រុងញូយ៉កស្ដីពីជនភៀសខ្លួន និងជនចំណាកស្រុក។ សេចក្ដីថ្លែងការណ៍នេះមានគោលបំណងពង្រឹងសិទ្ធិជនភៀសខ្លួន ជួយពួកគេក្នុងការតាំងទីលំនៅថ្មី និងធានាថាពួកគេមានលទ្ធភាពទទួលបានការអប់រំ និងការងារ។
ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃសៅរ៍ម្សិលមិញថា សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិនេះ «មានលក្ខខណ្ឌជាច្រើនដែលមិនស្របទៅនឹងគោលនយោបាយអន្តោប្រវេសន៍ និងជនភៀសខ្លួនរបស់សហរដ្ឋអាមេរិក និងគោលការណ៍អន្តោប្រវេសន៍របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump។
ការប្រកាសអំពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការបើកនូវសន្និសីទសាកលលោកស្ដីពីជនចំណាកស្រុក ដែលគ្រោងនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃច័ន្ទស្អែកនេះ នៅក្នុងទីក្រុង Puerto Vallarta ប្រទេសម៉ិកស៊ិក។
គោលបំណងនៃការធ្វើសន្និសីទនេះ គឺដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រមនុស្សធម៌ក្នុងការដោះស្រាយជាមួយនឹងបញ្ហាមនុស្សជាង ៦០ លាននាក់នៅទូទាំងពិភពលោក ដែលត្រូវបានគេចចេញពីផ្ទះសម្បែងដោយបង្ខំដោយសារតែមូលហេតុផ្សេងៗជាច្រើន។
ទស្សនាវដ្ដី Foreign Policy បានបញ្ជាក់ថា ការសម្រេចរបស់លោក Trump ក្នុងការដកខ្លួនចេញពីការចរចាកិច្ចព្រមព្រៀងទេសន្តរប្រវេសក៍សាកលលោកនេះ បានបង្ហាញពីការទទួលឥទ្ធិពលជាបន្តពីលោក Stephen Miller ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់វ័យ ៣២ ឆ្នាំ ប្រចាំសេតវិមាន ដែលជាអ្នកគាំទ្រកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក Trump ក្នុងការដាក់កំហិតតឹងតែងចំពោះការធ្វើអន្តោប្រវេសន៍មកកាន់សហរដ្ឋអាមេរិក៕