សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន ៨ រូប ដែលមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានរួមគ្នាស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley ធ្វើការជំរុញអង្គការសហប្រជាជាតិឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ «ដ៏ក្មេងខ្ចី និងផុយស្រួយរបស់កម្ពុជា» ដើរថយក្រោយ ដោយសារតែ «រដ្ឋាភិបាលកម្ពុជាបានធ្វើការវាយប្រហារលើគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ»។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨ នេះ សមាជិកព្រឹទ្ធសភាទាំង ៨ រូប ដែលក្នុងនោះមានទាំងលោក John McCain សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Arizona ដែលជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា និងលោក Ben Cardin សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Maryland ដែលជាអនុប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការទំនាក់ទំនងបរទេសផងដែរ បានអំពាវនាវឲ្យលោកស្រី Nikki Haley ប្រើប្រាស់ឥទ្ធិពលរបស់ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ និងមធ្យោបាយនានានៅក្នុងរង្វង់អង្គការសហប្រជាជាតិដើម្បី «ផ្ដាច់រដ្ឋាភិបាលកម្ពុជាឲ្យនៅឯកោ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យបង្វិលស្ថានការណ៍ឲ្យដូចដើមវិញ ហើយប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនបង្វិលស្ថានការណ៍ឲ្យដូចដើមវិញនោះទេ នោះត្រូវធ្វើយ៉ាងណាធានាថា រដ្ឋាភិបាលកម្ពុជាមិនទទួលបានសុពលភាពពីការបោះឆ្នោតខុសច្បាប់ដែលមិនមានភាពសេរី និងយុត្តិធម៌ជាដាច់ខាត»។
សមាជិកព្រឹទ្ធសភាទាំង ៦ រូបទៀតមានដូចជាលោក Lindsey Graham ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ South Carolina លោក Dick Durbin ខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Illinois លោក Ed Markey ខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Massachusetts លោក Cory Gardner ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Colorado លោក Patrick Leahy ខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Vermont និងលោក Marco Rubio ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Flordia។
លិខិតនោះបានកត់សម្គាល់មួយផ្នែកថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានបង្កើនការរំលោភបំពានទៅលើប្រព័ន្ធយុត្តិធម៌ដើម្បីកាត់ទោសគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សនានា ដោយបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងលើបទចោទប្រកាន់មិនច្បាស់លាស់ថាបានប្រព្រឹត្តិអំពើក្បត់ជាតិ បានរំលាយគណបក្សប្រឆាំងដ៏ធំបំផុត និងបានហាមឃាត់សមាជិកគណបក្សប្រឆាំងជាង ១ រយនាក់ មិនឲ្យធ្វើសកម្មភាពនយោបាយជាដើម។
លិខិតនោះបានបញ្ជាក់ទៀតថា៖ «តាំងពីខែកក្កដា ឆ្នាំ ២០១៥ មក អាជ្ញាធរកម្ពុជាបានចាប់ខ្លួនក្រុមមេដឹកនាំគណបក្សប្រឆាំង និងសង្គមស៊ីវិលជាង ៣៥ នាក់ ដែលភាគច្រើននៃអ្នកទាំងនោះត្រូវបានកាត់ទោស និងផ្ដន្ទាទោសនៅក្នុងសវនាការដែលគ្មានក្រុមប្រឹក្សាតុលាការផ្ទុយទៅនឹងបទដ្ឋានអន្តរជាតិ។
លិខិតដដែលនោះបានបន្ថែមទៀតថា៖ «រដ្ឋាភិបាលកម្ពុជាក៏បានបង្ខំផងដែរឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនបិទទ្វារ និងបានបង្ខំឲ្យស្ថានីយវិទ្យុមួយចំនួនបញ្ឈប់ការផ្សាយកម្មវិធីរបស់ប្រព័ន្ធផ្សព្វផ្សាយ VOA និងអាស៊ីសេរី»។
ក្រុមសមាជិកព្រឹទ្ធសភាទាំង ៨ រូប បានជំរុញលោកស្រី Nikki Haley នៅក្នុងលិខិតនោះយ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នាស្នើឲ្យអ្នកជំរុញឲ្យបានខ្លាំងក្លាដល់ដៃគូ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឲ្យដោះស្រាយបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅពេលឆាប់ៗខាងមុខនេះ ដែលក្នុងនោះមានទាំងការពិភាក្សាជាមួយនឹងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធីមនុស្ស ជាមួយនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងតំណាងសង្គមស៊ីវិលនានាផងដែរ។ នៅក្នុងកិច្ចប្រជុំពិសេសនោះ យើងទាំងអស់គ្នាជំរុញឲ្យអ្នកធ្វើការជាមួយនឹងរដ្ឋាភិបាលប្រទេសផ្សេងៗដើម្បីអនុម័តនូវសេចក្ដីសម្រេចដ៏ខ្លាំងក្លាមួយដែលព្រមានរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិ»៕