ក្រោយពីបញ្ចប់ទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលកំពុងប្រឈមភាពតានតឹងជាមួយចិន គណៈប្រតិភូសភាអាមេរិកបានធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា តំណាងសភា និងក្រុមអ្នកដឹកនាំមកពីសង្គមស៊ីវិល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភា និងបណ្តាញព័ត៌មានមួយចំនួន។
សេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី ១៦ ខែសីហាបានឲ្យដឹងទៀតថានៅក្នុងជំនួបជាមួយតំណាងរដ្ឋាភិបាលកម្ពុជា និងសភាកម្ពុជា គណៈប្រតិភូសភាអាមេរិកដែលដឹកនាំដោយលោក Ed Markey សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Massachussetts បានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជាថា ដើម្បី«ពង្រឹងកិច្ចសហប្រតិបត្តិការ»ជាមួយកម្ពុជា។
គណៈប្រតិភូសភាអាមេរិកនិងមន្ត្រីកម្ពុជា បានពិភាក្សាគ្នាអំពីការវិវត្តទៅមុខនៃដំណើរការអភិវឌ្ឍនៅកម្ពុជា តួនាទីរបស់កម្ពុជាក្នុងនាមជាអាស៊ាន កិច្ចប្រឹងប្រែងកម្ពុជាក្នុងការរកដំណោះស្រាយដល់វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ភាពចម្រូងចម្រាសអំពីសកម្មភាពរបស់យោធាចិននៅមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ ស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា និងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
សេចក្តីប្រកាសដដែលនោះ ឲ្យដឹងថា គណៈប្រតិភូសភាអាមេរិកបានលើកឡើងពីក្តីបារម្ភរបស់ខ្លួនចំពោះការចាប់ឃុំខ្លួន និងកាត់ទោសសកម្មជននយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះរួមមានកញ្ញា សេង ធារី ដែលជាមេធាវីជនជាតិអាមេរិកដើមកំណើតខ្មែរ និងសកម្មភាពចិននៅមូលដ្ឋានយោធាជើងទឹករាម។
ជាការឆ្លើយតប តំណាងសភាកម្ពុជានិងរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ម្តងទៀតថា កម្ពុជាប្រកាន់នូវជំហរអធិបតេយ្យភាពដែនដី ដោយមិនអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសនៅក្នុងប្រទេសកម្ពុជាឡើយ។ ដោយឡែក មន្ត្រីកម្ពុជាក៏បានបញ្ជាក់នៅចំពោះមុខគណៈប្រតិភូសភាអាមេរិកថា ការចាប់ឃុំខ្លួន ចោទប្រកាន់ និងកាត់ទោសសកម្មជននយោបាយនិងសិទ្ធិមនុស្ស «ជាការអនុវត្តច្បាប់» របស់កម្ពុជា «និងមិនមែនជាការបំពានទៅលើសិទ្ធិនយោបាយនិងការបញ្ចេញមតិរបស់សកម្មជនទាំងនោះទេ»។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Ed Markey ទើបតែបានអនុម័តលើសេចក្តីស្នើច្បាប់ S-3052ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការបោះ ឆ្នោតដោយសេរីនិងត្រឹមត្រូវ ស្តារលទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីស្នើច្បាប់នេះក៏តម្រូវឲ្យដាក់ទណ្ឌកម្មបុគ្គលទាំងឡាយណាដែលរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដោយការបង្កកទ្រព្យសម្បត្តិ ដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឲ្យចូលសហរដ្ឋអាមេរិកនិងមិនឲ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយ។
សេចក្តីស្នើច្បាប់ S-3052 នេះក៏ស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមដានពិនិត្យមើលសកម្មភាពរបស់យោធាចិននៅកម្ពុជាផងដែរ ក្នុងនោះមានការសាងសង់ពង្រីកមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុនិងនៅអាកាសយានដ្ឋានតារាសាគរនៅក្នុងខេត្តកោះកុង។
ដោយឡែក គណៈប្រតិភូសភាអាមេរិក បានសាទរចំពោះគោលជំហររបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងវិបត្តិនៅប្រទេសអ៊ុយក្រែនដែលកំពុងរងការឈ្លានពានពីរុស្ស៊ី និងដែលកំពុងបង្កជាបញ្ហាស្មុគស្មាញខាងសន្តិសុខ សេដ្ឋកិច្ច និងស្បៀងអាហារជាសកលោកផងដែរ។
បន្ទាប់ពីជំនួបជាមួយមន្ត្រីកម្ពុជាកាលពីថ្ងៃពុធ គណៈប្រតិភូសភាអាមេរិកដែលភាគច្រើនមកពីរដ្ឋដែលមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនជាងគេនោះ ក៏បានជួបពិភាក្សាជាមួយក្រុមមេដឹកនាំនៃអង្គការសង្គមស៊ីវិលនិងសហជីព ដើម្បីពិនិត្យមើលលើការវិវត្តនៃស្ថានភាពគោរពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជាផងដែរ។
បើតាមលោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបានប្រាប់វិទ្យុអាស៊ីសេរីនោះ លោកអះអាងថា ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងពីក្តីបារម្ភរបស់ពួកគេអំពីការបន្តបង្ក្រាបនិងរឹតត្បិតរបស់រដ្ឋាភិបាលនិងមន្ត្រីមានសមត្ថកិច្ចលើក្រុមអ្នកតវ៉ាទាមទាររកយុត្តិធម៌ពីជម្លោះដីធ្លី សិទ្ធិធ្វើនយោបាយនិងបញ្ចេញមតិ និងជម្លោះការងាររវាងក្រុមកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាដើម។ ក្រុមសង្គមស៊ីវិលកម្ពុជាក៏ស្នើឲ្យសភាអាមេរិកតាមដានស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាឲ្យបានដិតដល់ និងបន្ត«គាំទ្រទាំងស្មារតី និងធនធានចាំបាច់នានា ដើម្បីធានាឱ្យក្រុមអង្គការសង្គមស៊ីវិល សហជីព និងអ្នកសារព័ត៌មានអាចបំពេញការងាររបស់ខ្លួនបានក្នុងការការពារសិទ្ធិសេរីភាព ជាពិសេស សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងសិទ្ធិការងារ»។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាមេរិកនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់មកពីគណបក្សធំៗពីររបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់អាស៊ី។ ហើយទស្សនកិច្ចរបស់ពួកគេមកកាន់ប្រទេសកម្ពុជានេះ ធ្វើឡើង បន្ទាប់ពីក្រុមសមាជិកព្រឹទ្ធសភានិងរដ្ឋសភាទាំង ៥ រូបនេះ បានបញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅកោះតៃវ៉ាន់ ដែលកំពុងប្រឈមភាពតានតឹងទាំងផ្នែកការទូត និងយោធា។
គួរបញ្ជាក់ផងដែរថា គណៈប្រតិភូសភាអាមេរិកនេះរួមមានលោក Ed Markey សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Massachussetts លោក John Garamendi សមាជិករដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក Alan Lowenthal សមាជិករដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក Don Beyer សមាជិករដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Virginia និងអ្នកស្រី Aumua Amata Coleman Radewagen សមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋប្រចាំដែនដី Samoa៕