ព្រឹទ្ធសភាស.រ.អា.មានកំណត់នឹងបោះឆ្នោតអំពីកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សនីមួយៗដើម្បីបញ្ឈប់ការបិទផ្នែកខ្លះរបស់រដ្ឋាភិបាលសហព័ន្ធដែលនៅពេលនេះចូលក្នុងខែទីពីរហើយ ក៏ប៉ុន្តែគ្មានសំណើណាមួយនឹងទទួលការអនុម័តងាយៗក្នុងសភាស.រ.អា.ដើម្បីបញ្ជូនទៅឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាទេ។
ការបោះឆ្នោតមួយក្នុងបណ្តាការបោះឆ្នោតនៅពេលរសៀលថ្ងៃព្រហស្បតិ៍នេះមានរួមបញ្ចូលការទាមទារប្រាក់៥,៧០០លានដុល្លារដោយលោក ត្រាំ សម្រាប់ការកសាងជញ្ជាំងមួយនៅតាមព្រំដែនរវាងស.រ.អា.និងប្រទេសម៉ិកស៊ិក បូកទាំងកំណែទម្រង់អន្តោប្រវេសន៍មានកម្រិត នៅក្នុងកញ្ចប់មួយដើម្បីផ្តល់ប្រាក់កាសសម្រាប់ដំណើរការរដ្ឋាភិបាលសម្រាប់រយៈពេលសេសសល់នៃឆ្នាំសារពើពន្ធបច្ចុប្បន្ន។
ព្រឹទ្ធសភាក៏នឹងបោះឆ្នោតដែរអំពីសំណើមួយរបស់គណបក្សប្រជាធិបតេយ្យក្នុងការផ្តល់ប្រាក់កាសសម្រាប់ដំណើរការរដ្ឋាភិបាលរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ។
វិធានការនេះគ្មានខចែងអំពីសន្តិសុខព្រំដែនឬអំពីអន្តោប្រវេសន៍ទេ ហើយបានត្រូវរៀបចំឡើងដើម្បីបើកទីភ្នាក់ងារសហព័ន្ធជាថ្មីឡើងវិញ និងផ្តល់ពេលវេលាឱ្យពួកមេដឹកនាំសភានិងសេតវិមានពិភាក្សាគ្នាឱ្យមានដំណោះស្រាយមួយអំពីបញ្ហានៅសេសសល់ដែលនាំឱ្យមានភាពទាល់ច្រកខាងការផ្តល់ប្រាក់កាលពីខែធ្នូ៕