នៅក្នុងការប្រឹងប្រែងដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយផ្នែក ដែលបានអូសបន្លាយអស់រយៈពេលជិតមួយខែកន្លងមកនេះ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសៅរ៍ម្សិលមិញ បានស្នើនូវការសម្របសម្រួលមួយដល់គណបក្សប្រជាធិបតេយ្យទាក់ទិននឹងគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែងរបស់លោក។ ប៉ុន្តែ សំណើនេះត្រូវបានគណបក្សប្រជាធិបតេយ្យច្រានចោលមុនពេលដែលលោក Trump គ្រោងថ្លែងអំពីសំណើនេះទៅទៀត។
លោក Trump បាននិយាយអំពីគណបក្សប្រជាធិបតេយ្យយ៉ាងដូច្នេះថា៖ «យើងសង្ឃឹមថា ពួកគេនឹងផ្ដល់ការគាំទ្ររបស់ពួកគេដោយក្ដីសោមនស្សរីករាយ យើងខ្ញុំគិតថា សមាជិកពួកគេភាគច្រើននឹងធ្វើគាំទ្រ។ ពួកឆ្វេងនិយមមិនអាចត្រួតត្រាព្រំដែនរបស់យើងនោះទេ។ ខ្ញុំនឹងមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងឡើយ»។
នៅក្នុងការលើកឡើងរបស់លោកដែលបានផ្សាយផ្ទាល់ពីបន្ទប់បដិសណ្ឋារកិច្ចការទូតនៃសេតវិមានកាលពីរសៀលថ្ងៃសៅរ៍ លោក Trump បានអំពាវនាវឲ្យបន្ថែមភ្នាក់ងារសហព័ន្ធជាង ២ ពាន់ ៧៥០ នាក់បន្ថែមទៀតសម្រាប់ការគ្រប់គ្រងអន្តោប្រវេសន៍ និងស្នើថវិកាចំនួន ៥ ពាន់ ៧ រយលានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែនជារបាំងដែក សម្រាប់ព្រំដែនជាប់ប្រទេសម៉ិកស៊ិកមួយផ្នែកដែលមានចម្ងាយ ៣៧០ គីឡូម៉ែត្រ។
លោក Trump បានស្នើនូវការសម្របសម្រួលសម្រាប់កម្មវិធីពីរ ដែលរដ្ឋបាលរបស់លោកចង់លុបបំបាត់ចោល ដែលនោះគឺកម្មវិធីសកម្មភាពផ្អាកការបញ្ជូនចេញពីសហរដ្ឋអាមេរិកនូវជនអន្តោប្រវេសន៍ដែលចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់តាំងពីនៅកុមារ ដែលហៅកាត់ថា DACA និងកម្មវិធីឋានៈការពារបណ្ដោះអាសន្ន ដែលហៅកាត់ថា TPS សម្រាប់ជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីន និងមកពីទ្វីបអាហ្វ្រិក៕