ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុល្យភាព​អំណាច​នៅ​ព្រឹទ្ធសភា​អាមេរិក​អាស្រ័យ​លើ​​លទ្ធផល​នៃ​ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ​រដ្ឋ​ Georgia


រូបឯកសារ៖ បុរសពីរនេះចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia នៅទីក្រុង Atlanta កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ បុរសពីរនេះចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia នៅទីក្រុង Atlanta កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

ការ​បោះឆ្នោត​មុន​កំណត់​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រដ្ឋ Georgia ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក សម្រាប់​អាសនៈពីរ​នៅ​ក្នុង​ព្រឹទ្ធសភា ដោយសារ​តែ​គ្មាន​បេក្ខជន​ណា​ម្នាក់​ទទួល​បាន​សំឡេង​ឆ្នោត​ភាគច្រើន ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា។ លទ្ធផល​នៃ​ការបោះឆ្នោត​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី៥ ខែមករា​នេះ នឹង​សម្រេច​ពី​តុល្យភាព​អំណាច​ក្នុង​សភា​អាមេរិក។

ទាំង​លោក​ប្រធានាធិបតី Donald Trump និង​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden បាន​ផ្ដោត​លើ​ការ​ប្រកួតប្រជែង​គ្នា​នេះ។

លោក Trump បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃទី៥ ធ្នូ នៅរដ្ឋ Georgia ថា៖ «អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ Georgia នឹង​កំណត់​ថា​តើ​គណបក្ស​នយោបាយ​ណា​មួយ​នឹង​ដឹកនាំ​រាល់​គណៈកម្មាធិការ​តាក់តែង​ច្បាប់ និង​ត្រួតត្រា​រាល់​ប្រាក់​ដុល្លារ​ដែល​ពលរដ្ឋ​អាមេរិក​បាន​បង់​ពន្ធ​ជូន​រដ្ឋ»។

លោក Trump បាន​ថ្លែង​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក​បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​គឺ​អ្នកស្រី Kelly Loeffler និង​លោក David Perdue។​

អ្នកស្រី Kelly Loeffler សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ខាងគណបក្សសាធារណរដ្ឋ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រ នៅទីក្រុង Marietta រដ្ឋ Georgia កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
អ្នកស្រី Kelly Loeffler សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ខាងគណបក្សសាធារណរដ្ឋ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រ នៅទីក្រុង Marietta រដ្ឋ Georgia កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

លោក David Perdue សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ខាងគណបក្សសាធារណរដ្ឋ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រ នៅទីក្រុង Milton រដ្ឋ Georgia កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
លោក David Perdue សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ខាងគណបក្សសាធារណរដ្ឋ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រ នៅទីក្រុង Milton រដ្ឋ Georgia កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

លោក Trump គ្រោង​ជួប​ក្រុម​អ្នក​គាំទ្រ​មួយ​លើក​ទៀត​នៅ​ថ្ងៃចន្ទនេះ​ ក្នុង​ក្រុង Dalton រដ្ឋ Georgia។

លោក Biden បាន​ឃោសនា​ឲ្យ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក Raphael Warnock និង​លោក​ Jon Ossoff។ លោក​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ ​កាល​ពី​ថ្ងៃទី១៥ ខែធ្នូ ថា៖ «បោះឆ្នោត​ឲ្យ​បេក្ខជន​ទាំង​ពីរ ហើយ​យើង​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា ​និង​ផ្លាស់ប្ដូរ​ជីវិត​របស់​ពលរដ្ឋ​ Georgia»។

ការបោះឆ្នោត​នេះ​មាន​លក្ខណៈ​ប្រកួតប្រជែង។ លោក Warnock មាន​ការ​គាំទ្រ​ប្រកិត​ជាមួយ​នឹង​អ្នកស្រី Loeffler។ អ្នកស្រី Loeffler ត្រូវ​បាន​អភិបាល​រដ្ឋ​នេះ​តែងតាំង​ដើម្បី​ជំនួស​សមាជិក​ព្រឹទ្ធសភា​លោក Johnny Isakson ដែល​បាន​ចូលនិវត្តន៍​កាល​ពី​មួយ​ឆ្នាំ​មុន​ ដោយសារ​មូលហេតុ​សុខភាព។

ការ​ប្រកួតប្រជែង​រវាង​លោក Ossoff និង​លោក Purdue ក៏​មាន​លក្ខណៈ​ប្រកិតដែរ។ លោក Perdue បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ ២០១៤ ហើយការ​ស្ទង់​មតិ​ថ្មីមួយ​បង្ហាញ​ថា ​លោក Ossoff មាន​ការ​គាំទ្រ​ស្មើ​ជាមួយ​លោក Purdue។

អំណាច​ក្នុង​សភា​សហរដ្ឋ​អាមេរិក ​ត្រូវ​បាន​បែងចែក។ បក្ស​ប្រជាធិបតេយ្យ​បន្ដ​គ្រប់គ្រងរដ្ឋសភា ហើយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ នៅ​ថ្ងៃទី៥ មករា​នេះ ​នឹង​កំណត់​ថា​តើ​គណបក្ស​ណា​មួយ​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា។​

អ្នក​វិភាគ​នយោបាយ​អ្នកស្រី Sherry Bebitch Jeffe ថ្លែងថា៖ «បើ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​នាក់​ឈ្នះ​នោះ គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​មាន​អាសនៈ​ ៥០ ស្មើគ្នា»។​

ដូច្នេះ​អ្នក​ដែល​អាច​បោះឆ្នោត​ ដើម្បី​បំបែក​ភាព​ជាប់​គាំង​បាន​ គឺ​លោកស្រី Kamala Harris ដែល​ជា​អនុប្រធានាធិបតី​ជាប់​ឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​នឹង​ដឹកនាំ​ព្រឹទ្ធសភា។ គណបក្ស​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​ឈ្នះ​អាសនៈ​ទាំង​ពីរ​ ដើម្បី​គ្រប់គ្រង​ព្រឹទ្ធសភា រីឯ​គណបក្ស​សាធារណរដ្ឋ​ត្រូវ​ការ​ឈ្នះ​តែ​មួយ​អាសនៈ​ប៉ុណ្ណោះ។

អាចារ្យ Raphael Warnock បេក្ខជនខាងគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ថ្លែងនៅក្នុងយុទ្ធនាការរកសំឡេងគាំទ្រ នៅទីក្រុង Columbus រដ្ឋ Georgia កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
អាចារ្យ Raphael Warnock បេក្ខជនខាងគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ថ្លែងនៅក្នុងយុទ្ធនាការរកសំឡេងគាំទ្រ នៅទីក្រុង Columbus រដ្ឋ Georgia កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

លោក Jon Ossoff បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Atlanta កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
លោក Jon Ossoff បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Atlanta កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

លោក Biden បានធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​និន្នាការ​នៃ​ការ​បោះឆ្នោតកាល​ពី​ខែ​វិច្ឆិកា ​ដោយ​បានឈ្នះនៅ​រដ្ឋ Georgia មិន​ដល់ ១% ហើយ​បេក្ខជនពីរ​នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​អាសនៈ​ក្នុង​ព្រឹទ្ធសភា ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ​ ព្រោះ​សមាជិក​ព្រឹទ្ធសភា​បច្ចុប្បន្ន​មិនបាន​ទទួល​បាន​ជ័យជម្នះ ៥០% បូក ១ បាន។

លោក Raphael Sonenshein នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន Pat Brown សម្រាប់​កិច្ចការ​សាធារណៈ​នៃ​សាកលវិទ្យាល័យ California State ក្នុង​ទីក្រុង Los Angeles បាន​ថ្លែង​ថា៖

«នេះ​គឺ​ជា​ជ័យជម្នះ​ដ៏​សម្បើម​មួយ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។ ទោះ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ មិនងាយ​ឈ្នះ​អាសនៈ​ទាំង​ពីរ​ក៏​ដោយ​ក៏​វា​ជា​សញ្ញា​បង្ហាញ​ថា រដ្ឋ Georgia កំពុង​តែ​ផ្លាស់ប្ដូរ​ដូច​នៅ​រដ្ឋ​ផ្សេងទៀត​ នៅប៉ែក​ខាង​ត្បូង​ដែរ គឺ​ឆ្ពោះ​ទៅ​រក​សម្ពន្ធ័ភាព​ថ្មី​មួយ»។​

លោក​ថ្លែង​ថា រដ្ឋ Georgia ក៏​ដូចជា​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង​ផ្សេងទៀត​ដូចជា​ Virginia និង ​North Carolina ដែរ មាន​ការ​កើន​ឡើង​នូវ​អ្នក​បោះឆ្នោត​ដែល​មាន​ការ​សិក្សា​កម្រិត​ឧត្តម ដែល​មាន​ទំនោរ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ។

លោក Sonenshein ថ្លែងថា៖ «​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​ដើម​កំណើត​ឡាទីន និង​ដើម​កំណើត​អាស៊ី មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​រដ្ឋ​ទាំង​នោះ» ដែល​នាំ​ឲ្យ​មានអ្វី​ដែល​លោកថា ជា​អ្នកបោះឆ្នោត​ដែល​ប្រកាន់​ទស្សនៈ​វិវឌ្ឍន៍​និយម។​

ក៏​ប៉ុន្តែ​លោកស្រី Jeffe ថ្លែង​ថា អ្វីដែល​សំខាន់​គឺតើគណបក្ស​ណា​ចេញ​ទៅបោះឆ្នោត​ច្រើន។

អ្នកស្រី Jeffe ​ថ្លែង​ថា៖ «គណបក្ស​សាធារណរដ្ឋ​នាំ​មុខ​ខាង​ការ​រៃ​អង្គាសប្រាក់។ ​ចំណែកគណបក្ស​ប្រជាធិបតេយ្យមានការ​គាំទ្រ​ខ្លាំង​ តាមរយៈ​ការដើរ​គោះទ្វារ​តាមផ្ទះ​ពលរដ្ឋ ទោះក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ក៏​ដោយ»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG